សេចក្តីថ្លែងការណ៍​អាស៊ាន​លើបញ្ហា​សមុទ្រចិន​ខាងត្បូង ​មិនអាចចេញ​បានទេ ដោយសារ​កម្ពុជា​បដិសេធ​

វៀងច័ន្ទ)៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានបរាជ័យក្នុងការចេញ សេចក្តីថ្លែងការណ៍រួម ជុំវិញជម្លោះនាវាចរនៅ តំបន់សមុទ្រចិនខាងត្បូង បន្ទាប់ពីប្រទេសកម្ពុជា បានរក្សាជំហរមិនគាំទ្រ ហើយថា អាស៊ានគ្មានមូលហេតុអ្វី ដែលត្រូវចេញសេចក្តីថ្លែងការណ៍ ចំពោះសេចក្តីសម្រេចរបស់ តុលាការអន្តរជាតិ ដែលបានប្រឆាំង ទៅនឹងទីក្រុងប៉េកាំងនោះឡើយ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយសារព័ត៌មានសិង្ហបុរី Channel News Asia នាយប់ថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០១៦។

រដ្ឋមន្ត្រីការបរទេសមកពី ប្រទេសសមាជិកអាស៊ានទាំង១០ បានជួបពិភាក្សាគ្នាជាលើកដំបូងនៅទីក្រុង វៀងច័ន្ទ ប្រទេសឡាវ នៅក្នុងថ្ងៃអាទិត្យនេះ បន្ទាប់ពីតុលាការឡាអេ បានសម្រេចឲ្យ ហ្វីលីពីនឈ្នះចិន លើបណ្តឹងពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង ដែលបានចេញកាលពីថ្ងៃទី១២ ខែកក្កដានោះ។

ប្រទេសហ្វីលីពីន និងវៀតណាមត្រូវបានគេដឹងថា ជាប្រទេសដែលចង់ឲ្យសេចក្តីថ្លែងការណ៍រួមកើតមានឡើងជាងគេ ហើយកិច្ចប្រជុំនៅវៀងច័ន្ទ នៅព្រឹកមិញនេះបានប្រព្រឹត្តទៅជាលក្ខណៈបិទទ្វារ ប៉ុន្តែជាលទ្ធផលប្រទេសកម្ពុជាបានធ្វើការជំទាស់ ទៅនឹងការលើកឡើងចំពោះសេចក្តីសម្រេចរបស់តុលាការ ជាហេតុនាំឲ្យអាស៊ានទាំងមូល មិនអាចរកសេចក្តីថ្លែងការណ៍ រួមមួយបានទៅលើ បញ្ហាខាងលើនេះ។

គួរបញ្ជាក់ថា នេះជាប្រវត្តិសាស្ត្រលើកទីពីរហើយ ក្នុងរយៈពេល៤៩ឆ្នាំនៃការបង្កើតអាស៊ាន ដែលសមាគមនេះ មិនអាចចេញសេចក្តីថ្លែងការណ៍រួមបាន ដោយលើកទីមួយគឺនៅឆ្នាំ ២០១២ ដែលមានកិច្ចប្រជុំកំពូលនៅកម្ពុជា និងលើកទីពីរនេះគឺកិច្ចប្រជុំដែលធ្វើឡើងនៅប្រទេសឡាវ។ នៅសប្តាហ៍ ក្រោយនេះបណ្តារដ្ឋមន្ត្រីការបរទេសទាំង១០ នឹងជួបគ្នាម្តងទៀត ដែលនឹងមាន ការចូលរួមដោយ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និង រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Jonh Kerry៕

ប្រភពៈ freshnewsasia


Related Posts