CNRP ប្រកាស​ត្រៀមខ្លួន​ចូលរួម​បោះ​ឆ្នោត​ឃុំ​-​សង្កាត់

រាជធានី​ភ្នំពេញ ៖ ទោះបីជា​ស្ថានភាព​នយោបាយ​មិន​ទាន់​វិល​ទៅ​រក​ប្រក្រតី​ឡើង​វិញ​ក្តី ក៏​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្រេចចិត្ត​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​ខ្លួន ដើម្បី​រក​យុទ្ធសាស្ត្រ​ត្រៀម​ចូលរួម​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ដែល​នឹង​ចាប់ផ្តើម​នៅ​ពេល​ខាង​មុខ​នេះ​។

កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍រ ដឹកនាំ​ដោយ​ឲ្យ​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស នា​ព្រឹក​ថ្ងៃ​ទី​២៥ កក្កដា ២០១៦ ដោយ​ធ្វើការ​អនុម័ត និង​ដាក់​យុទ្ធសាស្ត្រ​ក្នុង​ការ​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ឆ្នាំ​២០១៧ ។

លោក អេ​ង ឆៃ​អ៊ា​ង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ កក្កដា នេះ​ថា ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​នៅ​សល់​ប្រមាណ​១១​ខែ​ទៀត​នឹង​មក​ដល់ ។  គណបក្ស​សង្គ្រោះ​ជាតិ​ផ្តោត​រឿង​បោះ​ឆ្នោត​នេះ​យ៉ាង​សំខាន់​បំផុត ។

លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​សេចក្តីសម្រេច​ចំពោះ​ផែនការ​ក្នុង​ការ​ចូលរួម បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ដូច​ជា  ផែនការ​សម្រាប់​ការ​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត គឺ​សល់​ពេល​ចំនួន​៤៥​ថ្ងៃ គឺ​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នឹង​ចាប់ផ្តើម​ដំណើរការ  ។ ដូច្នេះ​គណបក្ស​នឹង​ដាក់​ផែនការ​ក្នុង​ការ​បើក​យុទ្ធនាការ​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​ត្រៀម​បេក្ខជន​ឈរឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ខាង​មុខ​នេះ​ដែរ​។