ខ្យល់ព្យុះ​វាយ​ពន្លិច​ទូក បាត់​ខ្លួន​ម្នាក់ ២​នាក់​ទៀត​កំពុង​សង្គ្រោះ

ខេត្តក្រចេះ ៖ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ម្នាក់​បាន​បាត់​ខ្លួន​នៅ​ក្នុង​ទឹកទន្លេ​នៅ​ស្រុក​សំបូរ ឯ​មន្ត្រី​២​នាក់​ទៀត​កំពុង​សង្គ្រោះ ខណៈ​មន្ត្រី​ជលផល​ទាំងនេះ​ជិះទូក​ល្បាត​នៅ​ពេល​យប់​មេឃ​កំពុង​ភ្លៀង ហើយ​ត្រូវ​បាន​ខ្យល់ព្យុះ​វាយ​ពន្លិច​ទូក ។

ហេតុការណ៍​ខ្យល់ព្យុះ​បាន​បក់​វាយ​ពន្លិច​កូន​ទូក​បណ្តាល​ឲ្យ​មន្ត្រី​ជលផល​ម្នាក់​បាត់​ខ្លួន និង​២​នាក់​កំពុង​សង្គ្រោះ​នេះ​ត្រូវ​បាន​នគរបាល​ស្រុក​សំបូរ​បញ្ជាក់​ថា បាន​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​២៤ ខែកក្កដា ខណៈ​ដែល​ជន​រង​គ្រោះ និង​ក្រុមការងារ បាន​ជិះទូក​ល្បាត​ដូច​សព្វមួយដង និង​បាន​ជួប​ហេតុការណ៍​លិច​នៅ​កណ្តាលទន្លេ នៅ​ពេល​បើក​សំដៅ​ទៅ​ច្រាំង​ស្រុក​សំបូរ ។

យ៉ាងណា​ក៏​ដោយ​រហូត​មក​ទល់​ថ្ងៃ​ទី​២៥​កក្កដា​នេះ បុរស​រង​គ្រោះជា​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​រូប​នេះ​មិន​ទាន់​ត្រូវ​បាន​ប្រទះ​ឃើញ​នៅឡើយ​ទេ បើ​ទោះបីជា​ក្រុម​សមត្ថកិច្ច​ក៏​ដូច​ជា​ក្រុមការងារ កំពុង​តែ​មុជ​រាវរក​ពេញ​ផ្ទៃ​ទន្លេ​ដែល​កំពុង​តែ​ជន់​ឡើង​ធំ​ល្វឹងល្វើយ​ក៏​ដោយ ។

នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត លោក ម៉ុ​ក ពន្លក បាន​ឲ្យ​ដឹង​ថា មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ដែល​បាត់​ខ្លួន​ពេល​ជួប​គ្រោះថ្នាក់​លិច​ទូក​នៅ​ពេល​បំពេញភារកិច្ច​នេះ​ឈ្មោះ ឡេ សុខ​ឡេ​ង អាយុ​៣២​ឆ្នាំ មានមុខ​ងារ​ជា​នាយ​សង្កាត់​រដ្ឋបាល​ជលផល​សំបូរ និង​ជា​ប្រធាន​ប៉ុស្តិ៍​អភិរក្ស​ឆ្មាំ​ទន្លេ​ផង​ដែរ ។

បើ​តាម​លោក ម៉ុ​ក ពន្លក បាន​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​ខណៈ​ដែល​មន្ត្រី​រូប​នេះ និង​មន្ត្រី​២​នាក់​ផ្សេង​ទៀត​បាន​ជិះទូក​ចេញ​ល្បាត​ដូច​តាម​ទម្លាប់ ហើយ​នៅ​ពេល​ជិះ​ឆ្លងទន្លេ​មក​ខាង ក៏​ជួប​ហេតុការណ៍​ខ្យល់ព្យុះ​នៅ​កណ្តាលទន្លេ​បាន​បក់​ពន្លិច​កូន​ទូក​១​គ្រឿង​នោះ ។ ហើយ​ក្នុង​ហេតុការណ៍​នោះ​គឺ​មាន​មន្ត្រី​២​នាក់​បាន​រួច​ផុត​ពី​ការ​ស្លាប់ ដោយសារ​ពួក​គេ​ទាំង​ពីរ​នាក់​ស្រវា​តោង​ក្បាលទូក ចំណែកឯ​ជន​រង​គ្រោះ​បាន​ពាក់អាវ​ភ្លៀង និង​បាន​បញ្ចាំង​ភ្លើង​ពិល ស្រែក​ឲ្យ​គេ​ជួយ​នៅ​កណ្តាលទន្លេ ខណៈ​ដែល​ខ្យល់​បក់​ខ្លាំង និង​សភាព​ទឹក​ក៏​ហូរ​ខ្លាំង​ដែរ​នោះ ទើប​មិន​មាន​នរណា​ជួយ​ទាន់ ៕