ក្លិបបញ្ញាសាស្រ្តប្រមូលមេដាយស្ទើរតែទាំងអស់ពីការប្រកួតតុងហ្គីលម៉ូតូ ថ្នាក់ជាតិ

អត្តពលិកមកពីក្លិបបញ្ញាសាស្រ្ត បានឈ្នះមេដាយយ៉ាងច្រើនលើសលប់ពីការប្រកួតកីឡាតុងហ្គីលម៉ូដូជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៦ ប៉ុន្តែប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា បានជំរុញឲ្យអត្តពលិកទាំងនោះ បន្តខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីជួយឲ្យប្រភេទកីឡាថ្មីមួយនេះ កាន់តែទទួលបានការគាំទ្រ នៅក្នុងប្រទេសកម្ពុជា។

mm1

សម្រាប់ការប្រកួតកីឡាតុងហ្គីលម៉ូដូជ្រើសរើសជើងឯកថ្នាក់ជាតិ ជាលើកដំបូង ប្រចាំឆ្នាំ២០១៦នេះ មានអត្តពលិកចូលរួមសរុប១៥០នាក់(ស្រី២៦នាក់) មកពីក្លិបចំនួន១០ ហើយតាមរយៈការប្រកួត៤ថ្ងៃ នៅវិមានពហុកីឡដ្ឋានជាតិ ដែលបានបញ្ចប់ កាលពីថ្ងៃអាទិត្យ ម្សិលមិញនោះ គឺអត្តពលិកមកពីក្លិបបញ្ញាសាស្រ្ត ដែលមានបែងចែកជាក្លិបបញ្ញាសាស្រ្តវត្តបទុម ក្លិបបញ្ញាសាស្រ្តបឹងកេងកង ក្លិបបញ្ញាសាស្រ្តសែនសុខ និងក្លិបបញ្ជាសាស្រ្តទួលគោកនោះ បានឈ្នះមេដាយសរុបរហូតដល់៤២ នៅក្នុងវិញ្ញាសាប្រកួតទាំង១៦ ដោយក្នុងនោះមានមេដាយមាស១១ ប្រាក់១៣ និងសំរឹទ្ធ១៨។

mm2

ចំណែកក្លិបដូនពេញ បានឈរនៅចំណាតយ់ថ្នាក់លេខ២ ដោយពួកគេបានឈ្នះមេដាយមាស៥ ប្រាក់១ និងសំរឹទ្ធ៧ ឯក្លិបធីអ៊ិលស៊ី បានឈ្នះមេដាយប្រាក់១ សំរឹទ្ធ១ និងក្លិប Kent Ridge បានឈ្នះមេដាយប្រាក់១ ប៉ុន្តែមជ្ឈមណ្ឌលយុវជននៃការបង្រួម ក្លិបភីអ៊ឹមអេស និងក្លិបមណ្ឌលពន្លឺអនាគតកុមារ មិនដណ្តើមបានមេដាយ ពីការប្រកួតនេះទេ។

mm3

យ៉ាងណាក៏ដោយ លោក ជ័យ ចាប ប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូតូកម្ពុជា បានលើកទឹកចិត្តឲ្យអត្តពលិកបន្តខិតខំហ្វឹកហាត់បន្ថែមទៀត។ លោកបានបញ្ជាក់ថា៖«ការចាញ់លើកនេះមិនមែនមានន័យថា ចាញ់រហូត ឬចាញ់មួយជីវិតនោះទេ គឺយើងអាចនឹងឈ្នះនៅពេលក្រោយ ហេតុនេះយើងត្រូវប្រឹងហ្វឹកហាត់បន្ថែមទៀត រីឯអ្នកឈ្នះនៅថ្ងៃនេះ ក៏ត្រូវបង្កើនការហ្វឹកហាត់ផងដែរ ដើម្បីបន្តឈ្នះនៅថ្ងៃក្រោយទៀត»។

mm4

លោក ជ័យ ចាប បានបញ្ជាក់បន្ថែមថា៖«ក្នុងនាមជាអ្នកហាត់គុន ត្រូវតែមានភាពអំណត់ឲ្យបានខ្ពស់បំផុត ហើយមិនត្រូវយកក្បាច់គុនទៅធ្វើអ្វីផ្តេសផ្តាសនោះទេ ហើយក៏មិនត្រូវធ្វើឲ្យដៃគូប្រកួតមានរបួសនោះដែរ គឺយើងធ្វើអ្វីទៅតាមក្បួនក្បាប់ វិន័យ ដែលបានចង់ក្រង ពិសេសត្រូវមានអត្តចរឹតថ្លៃថ្នូរ ដែលទាំងនេះជាចំណុចពិសេសរបស់អ្នកហាត់ក្បាច់គុនតុងហ្គីលម៉ូដូ»។

mm5

លោក Joon Ho Seuk ប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូពិភពលោក បានថ្លែងថា៖« តុងហ្គីលម៉ូដូ នឹងធ្វើឲ្យពិភពលោកមានសុខសន្តិភាព ព្រោះមូលដ្ឋានគ្រឹះសំខាន់នៃកីឡាប្រភេទនេះគឺការចូលរួមជួយអប់រំឲ្យយុវជនឲ្យក្លាយទៅជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ និងបុគ្គលគំរូនៅក្នុងសង្គមជាតិ ហើយយើងក៏នឹងជំរុញ និងគាំទ្រឲ្យកីឡាតុហ្គីលម៉ូដូ បានចូលរួមនៅក្នុងការប្រកួតស៊ីហ្គេម ផងដែរ ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ»៕

mm6

The post ក្លិបបញ្ញាសាស្រ្តប្រមូលមេដាយស្ទើរតែទាំងអស់ពីការប្រកួតតុងហ្គីលម៉ូតូ ថ្នាក់ជាតិ appeared first on CamboSport.