ជួយ​បី​មនុស្ស​ចាស់ជរា​ចេញ​ផុត​ពី​ភ្លើង​ឆេះ​ផ្ទះ

ជួយ​បី​មនុស្ស​ចាស់ជរា​ចេញ​ផុត​ពី​ភ្លើង​ឆេះ​ផ្ទះ



រាជធានី​ភ្នំពេញ ៖ លោកយាយ​អាយុ​ជាង​៨០​ឆ្នាំ​ម្នាក់ ដែល​ជរា​ណាស់​ទៅ​ហើយ និង​មាន​ជំងឺ​ដេក​តែ​នៅ​លើ​កន្ទេល ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ពី​គ្រោះ​អគ្គិភ័យ​ដែល​កើតឡើង​ក្នុងផ្ទះ​របស់​គាត់ ដោយសារ​តែ​ឆ្លងរ​ន្ត
អគ្គិសនី ខណៈ​ពេល​ដែល​កូន​ៗ​ទុក​រូប​គាត់​នៅ​ក្នុងផ្ទះ​តែ​ម្នាក់ឯង ហើយ​ចាក់សោ​ទុក​ចោល​នាំ​គ្នា​ចេញ​ក្រៅ​អស់ ។

អគ្គិភ័យ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​ព្រឹក​ថ្ងៃ​២៤ កក្កដា នៅ​ក្នុង​បន្ទប់​ផ្ទះបាយ​ជាន់​ផ្ទាល់​ដី ផ្ទះ​លេខ​៦៣ ភូមិ​៥ ផ្លូវ​សុធារស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​មួយ​រូប​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង​ជា​ច្រើន​នាក់​បានឃើញ​មាន​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​ចេញពី​ក្នុងផ្ទះ​ខាងលើ ខណៈ​ពេល​ម្ចាស់​មិន​នៅផ្ទះ ហើយ​ចាក់សោ​ទ្វារ​បិទ​ទុក​ចោល ចំណែក​កូន​ៗ​នាំ​គ្នា​ទៅ​ក្រៅ​បាត់​អស់ ។ ពេល​ដែល​កំពុង​តែ​មាន​ផ្សែង​ខ្មៅ​ហុយ​ខ្មួលខ្មាញ់​ចេញពីផ្ទះ​នោះ​កាន់តែ​ខ្លាំង​ឡើង ក៏​មានការ​ភ្ញាក់ផ្អើល​កើតឡើង និង​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ធ្វើ​អន្តរាគមន៍ និង​ត្រូវ​គេ​ប្រាប់​ថា នៅ​ក្នុងផ្ទះ​ដែល​កំពុង​តែ​មាន​អគ្គិភ័យ​កើតឡើង​នេះ មាន​មនុស្ស​ចាស់​ម្នាក់​នៅ​ខាងក្នុង​នោះ​។

តាម​ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពេល​ដែល​ទទួល​ដំណឹង មាន​មនុស្ស​ម្នាក់​នៅ​ខាងក្នុង​ហើយ​នោះ កម្លាំង​ប្រជា​ការពារ​សង្កាត់ និង​នគរបាល​ប៉ុស្តិ៍​ទន្លេ​សាក់ ក៏​បាន​នាំ​គ្នា​ធាក់​ទម្លុះ​ទ្វារ​ចូល​ទៅ ឃើញ​ដូច​គេ​ប្រាប់​មែន ក៏​លើក​បី​លោកយាយ​ដែល​កំពុង​តែ​នៅ​ក្នុងផ្ទះ​នោះ ចេញ​មក​បាន​ភ្លាម​ៗ​ទាន់​ពេលវេលា ។ ភ្លាម​នោះ ប្រជាពលរដ្ឋ កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ក៏​បាន​នាំ​គ្នា​ព្យាយាម​យក​ទឹក និង​បំពង់​បាញ់​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់​តែ​ភ្លើង​មិន​បាន​រលត់​ឡើយ ក៏​បាន​នាំ​គ្នា​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ចុះ​មក​ធ្វើ​អន្តរាគមន៍ ទើបបាន​ភ្លើង​រលត់ ហើយ​ត្រូវ​កម្លាំង​មាន​សម្ថ​កិច្ច​ធ្វើការ​សន្និដ្ឋាន​ថា ការ​ឆេះ​នេះ ដោយសារ​តែ​ការ​ឆ្លង​ចរន្តអគ្គិសនី​ចេញពី​ចំណុច​ផ្ទះបាយ ។

ក្នុង​ករណី​អគ្គិភ័យ​នេះ​ដែរ មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មក​ធ្វើ​អន្តរាគមន៍​បាញ់​ពន្លត់​សរុប​ចំនួន​៦​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់​តែ​ចំនួន​២​រថយន្ត​ប៉ុណ្ណោះ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​អស់​គ្រែ​មួយ ពូក​មួយ និង​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​បាយ​អស់​មួយ​ចំនួន​ទៀត ។ ចំណែកឯ​លោកយាយ ត្រូវ​បាន​គេ​បញ្ជូន​គាត់​យក​ចេញ​ទាន់​ពេល និង​មិន​បណ្តាល​ឱ្យ​លោកយាយ​មាន​គ្រោះថ្នាក់​នោះ​ទេ ។ គេ​បាន​គិត​ថា ប្រសិនបើ​យឺត​ពេល​តែ​បន្តិច​នោះ លោកយាយ​អាច​ថប់ដង្ហើម​ស្លាប់ ដោយសារ​ផ្សែង​ដែល​ខ្មួលខ្មាញ់​ក្នុងផ្ទះ ៕