រឿង “ស្រទន់​មន្ត​ស្នេហ៍” មាន​យុវវ័យ​ចាប់​អារម្មណ៍​ច្រើន​

លោក ជ័យ សម្បត្តិ អ្នក​ដឹក​នាំ​រឿង “ស្រទន់​មន្ត​ស្នេហ៍” បាន​និយាយ​ថា មាន​យុវវ័យ​ជា​ច្រើន​ចាប់​អារម្មណ៍​ចង់​ក្លាយ​ជា​តួ​សម្ដែង​ក្នុង​វីដេអូ​ភាគ​មួយ​នេះ​បន្ទាប់​ពី​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​ពេល​ថ្មីៗ​នេះ។

 

រឿង “ស្រទន់​មន្ត​ស្នេហ៍” មាន​យុវវ័យ​ចាប់​អារម្មណ៍​ច្រើន​

 

“គ្រាន់​តែ​យើង​ប្រកាស​ភ្លាម​មាន​ជាង ២០​នាក់​ហើយ​គេ​សាកសួរ​ព័ត៌មាន និង​ខ្លះ​ទៀត​បាន​ផ្ញើ​រូប​ថត ប្រវត្តិរូប​សង្ខេប​មក​ក្រុម​ការងារហើយ”។ ជ័យ សម្បត្តិ ថ្លែង​មក​កាន់ Sabay។ អ្នក​នាំ​រឿង​រូប​នេះ​បន្ថែម​ថា ភាគ​ច្រើន​នៃ​បេក្ខជន​ទាំង​នោះ​ ជា​អ្នក​មិន​ធ្លាប់​មាន​បទ​ពិសោធន៍​ក្នុង​វិស័យ​នេះ​ទេ ខណៈ​មួយ​ចំនួន​ជា​អ្នក​មាន​បទ​ពិសោធន៍​តិចតួច​នៅ​ឡើយ ហើយ​មិន​ទាន់​មាន​គេ​ស្គាល់ ហើយ​ពួក​គេ​ចង់​សម្ដែង​ក្នុង​រឿង​នេះ។

 

ទោះ​បី​ជា​យ៉ាង​ណា លោក​អះអាង​ថា នៅ​មិន​ទាន់​បាន​ណាត់​ពេល​ពួកគេ ដើម្បី​ធ្វើតេស្ត​សមត្ថភាព​នៅ​ឡើយ​ទេ ដោយ​បន្ត​បើក​ទ្វា​ទទួល​អ្នក​មាន​បំណង​ចូលរួម​សម្ដែង​ក្នុង​រឿង​នេះ​បន្ត​ទៀត ព្រោះ​ការ​ជ្រើសរើស​តួ​មាន​រយៈ​ពេល​ពេញ​មួយ​ខែ​សីហា​តែ​ម្ដង។ លោក​បន្ត​ថា “ស្រទន់​មន្ត​ស្នេហ៍” ជា​ប្រភេទ​វីដេអូ​ភាគ​ត្រៀម​ផលិត​ឡើង​ដោយ​សម្រិតសម្រាំង ក្នុង​នោះ​ការ​ជ្រើសរើស​តួ​ជា​ផ្នែក​មួយ​សំខាន់។

 

លោក​អះអាង​ថា  “ស្រទន់​មន្ត​ស្នេហ៍” ធ្លាប់​ជា​ប្រលោមលោក​ដ៏​ពេញ​និយម​រួច​ទៅ​ហើយ​នា​ពេល​កន្លង​មក ដូច្នេះ​សម្រាប់​ការ​ផលិត​ជា​វីដេអូ​ភាគ​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ អ្នក​ដឹក​នាំ​រឿង​វ័យ​ក្មេង​ពេញ​ដោយ​បទ​ពិសោធន៍​រូប​នេះ​ជឿជាក់​ថា នឹង​កាន់​តែ​មាន​ការ​គាំទ្រ​មិន​ខាន​ឡើយ។ ទន្ទឹម​នឹង​នោះ ក៏​មាន​ក្រុម​ការងារ​មួយ​ចំនួន​មាន​បទ​ពិសោធន៍​ពី​បរទេស​ចូលរួម​ដំណើរ​ការ​ថត​ផង​ដែរ។ “ខ្ញុំ​ជឿជាក់​ថា បន្ទាប់​ពី​សម្ដែង​រឿង​នេះ តួ​ថ្មី​នឹង​មាន​គេ​ស្គាល់ ហើយ​តួ​មាន​បទ​ពិសោធន៍​អាច​កាន់​តែ​ល្បី​ក៏​ថាបាន”៕

 

អត្ថបទ៖ សំ ជំនាញ