សពលោកបណ្ឌិត កែម ឡី ត្រូវបញ្ចុះនៅព្រឹកនេះ

សពលោកបណ្ឌិត កែម ឡី ត្រូវបញ្ចុះនៅព្រឹកនេះនៅស្រុកកំណើតរបស់លោកក្នុងភូមិអង្គតាកុប ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ។

អ្នករាយការណ៍ព័ត៌មាន VOD ដែលប្រចាំការនៅផ្ទះបុណ្យសពលោក កែម ឡី បានឲ្យដឹងថា សពអ្នកវិភាគល្បីឈ្មោះរូបនេះត្រូវបានលើកចេញពីទូរកញ្ចក់រក្សាសពដាក់ចូលឈូសឈើនៅម៉ោង១០ព្រឹក ហើយនឹងបញ្ចុះនៅក្នុងចេតិយម៉ោងជាង១១ថ្ងៃត្រង់។

បើតាមលោក ពៅ មេត្តា មានអ្នកចូលរួមបុណ្យសពនៅព្រឹកនេះប្រហែល១០០០នាក់ ប៉ុន្តែលោកសង្កេតឃើញថានៅមានតែពលរដ្ឋធ្វើដំណើរទៅចូលរួមបន្ថែមទៀត។

សពលោក កែម ឡី ត្រូវបានដង្ហែចេញពីវត្តចាស់ក្នុងសង្កាត់ជ្រោយចង្វារ កាលពីម្សិលមិញដែលគណៈកម្មការបុណ្យប៉ាន់ស្មានថាអ្នកចូលរួមសរុបប្រហែល២លាននាក់។ ការដង្ហែសពលោក កែម ឡី បានប្រើពេលប្រហែលជិត១០ម៉ោង ខណៈមានការកកស្ទះចរាចរណ៍ដោយអន្លើ។

នៅតាមដងផ្លូវពីភ្នំពេញទៅខេត្តតាកែវ ស្ថានីយប្រេងសាំងរបស់ក្រុមហ៊ុនតេលានិងក្រុមហ៊ុនសូគីមិច ជាដើម ត្រូវបានអាជ្ញាធរបញ្ជាឲ្យបិទ ធ្វើឲ្យអ្នកចូលរួមហែសពមិនអាចចាក់សាំងបន្តដំណើរទៅមុខបាន។

ទោះជាយ៉ាងណាមានសប្បុរសជនមួយចំនួនបានចែកប្រេងសាំង ទឹកសុទ្ធ និងម្ហូបអាហារដោយមិនគិតថ្លៃដល់អ្នកចូលរួម។

សពលោក កែម ឡី បានតម្កល់ទុកនៅវត្តចាស់អស់រយៈ១៤ថ្ងៃ បន្ទាប់ពីឃាតករបាញ់សម្លាប់នៅក្នុងហាងទំនិញក្នុងស្ថាននីយប្រេងកាល់តិចនៅខណ្ឌចំការមនកាលពីថ្ងៃទី១០ខែកក្កដា៕

សពរបស់លោកបណ្ឌិត កែម ឡីត្រូវបានបញ្ចុះហើយនៅម៉ោង11:25នាទីថ្ងៃទី25 ខែកក្កដា ឆ្នាំ2016។

ប្រភពៈ VOD


Related Posts