គណៈមេធាវី​ប្រកាស​ទទួល​ពាក្យ​បេក្ខភាព​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១១​បន្ត​ពី​មេធាវី​ ប៊ុ​ន​ ហុ​ន​


​យោង​តាម​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​គណៈមេធាវី​នា​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០១៦​ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​មាន​លោក​មេធាវី​ ប៊ុ​ន​ ហុ​ន​ ជា​ប្រធាន​អាណត្តិ​ទី​១០​ បាន​ចេញ​លិខិត​លេខ​២២៣៣/​គ​.​ម​/១៦​ ចុះ​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៦​ ជម្រាប​ជូន​សមាជិក​ សមាជិកា​នៃ​គណៈមេធាវី​ អំពី​កាលបរិច្ឆេទ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១១(២០១៦-២០១៨)​ បន្តវេន​ពី​លោក​មេធាវី​ ប៊ុ​ន​ ហុ​ន​ នៅ​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៦​ខាង​មុខ​ ដោយ​គណៈមេធាវី​ចាប់ផ្តើម​ទទួល​ពាក្យ​ស្នើ​សុំ​ឈរ​ឈ្មើ​ជា​បេក្ខភាព​ប្រធាន​គណៈមេធាវី​ចាប់ពី​ថ្ងៃ​ជូនដំណឹង​ដល់​ថ្ងៃ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​១៧​ល្ងាច​ នៅ​ទីស្នាក់ការ​គណៈមេធាវី​ ។​

​លក្ខខណ្ឌ​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១១​ រួម​មាន​ ៖​ -​ជា​មេធាវី​ពេញ​សិទ្ធិ​ចាប់ពី​៣(​បី​)​ឆ្នាំ​ឡើង​ទៅ​,​ -​ជា​មេធាវី​មាន​សិទ្ធិ​បោះ​ឆ្នោត​ និង​-​ឥត​បាត់បង់​សិទ្ធិ​បោះ​ឆ្នោត​ដោយ​ទណ្ឌកម្ម​វិន័យ​ណាមួយ​ ។​

​គួរ​បញ្ជាក់​ជូន​ដែរ​ថា​ ចាប់តាំងពី​អាណត្តិ​ទី​៥​មក​ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​បាន​ដឹកនាំ​ដោយ​ប្រធាន​គណៈមេធាវី​ចំនួន​៣​នាក់​រួច​មក​ហើយ​ ដែល​ជា​មនុស្ស​ស្និទ្ធ​ និង​បម្រើ​ការ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​នៅ​កម្ពុជា​ ជា​អាទិ៍​ ៖

១-​លោក​មេធាវី​ គី​ តិច​ អត្តលេខ​១៥៦​ ជា​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​៥-៦​ ដ៏​ចម្រូងចម្រាស​ ពី​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០០២​ ដល់​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០០៨​ (​បច្ចុប្បន្ន​ លោក​មេធាវី​រូប​នេះ​ជា​មេធាវី​រាជរដ្ឋាភិបាល​ផង​ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ផង​ ពោល​គឺ​មាន​ងារ​ជា​ឯកឧត្តម​)​ ។​

២-​លោក​មេធាវី​ ជីវ​ សុង​ហាក់​ អត្តលេខ​០០៧​ ជា​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​៧-៨​ ចាប់ពី​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០០៨​ ដល់​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១២​ (​បច្ចុប្បន្ន​ ក្រៅពី​មាន​ងារ​ជា​ឧកញ៉ា​នោះ​ លោក​មេធាវី​រូប​នេះ​ ជា​អនុប្រធាន​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ពោល​គឺ​មាន​ងារ​ជា​ ឯកឧត្តម​ ឧកញ៉ា​)​ ។​

៣-​លោក​មេធាវី​ ប៊ុ​ន​ ហុ​ន​ អត្តលេខ​១៤១​ ជា​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​៩-១០​ ចាប់ពី​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១២​ ដល់​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៦​ (​បច្ចុប្បន្ន​ លោក​មេធាវី​រូប​នេះ​ជា​សមាជិក​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ពោល​គឺ​មាន​ងារ​ជា​ឯកឧត្តម​)​ ៕​

គណៈមេធាវី​ប្រកាស​ទទួល​ពាក្យ​បេក្ខភាព​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១១​បន្ត​ពី​មេធាវី​ ប៊ុ​ន​ ហុ​ន​

Related