តួកគី គ្មានថ្ងៃអាចក្លាយជាសមាជិក EU បានទេ ប្រសិនបើច្បាប់ប្រហារជីវិតត្រូវបង្កើតឡើងវិញ

(ប៉ារីស)៖ ប្រធានស្នងការអឺរ៉ុបលោក Jean-Claude Juncker បានថ្លែងថា ប្រទេសតួកគីគ្មានវិធីណាមួយដែលអាច ក្លាយជាសមាជិករបស់សហភាពនេះក្នុងពេលឆាប់ៗនោះឡើយ ហើយប្រសិនបើរដ្ឋាភិបាលតួកគីសម្រេចយកច្បាប់ប្រហារជីវិតមកអនុវត្តន៍ឡើងវិញនោះ កិច្ចពិភាក្សានិងចរចានានានឹងត្រូវបញ្ឈប់ភ្លាមៗ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយ Channel News Asia នារសៀលថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០១៦។

លោក Jean-Claude បានថ្លែងតាមកញ្ចក់ទូរទស្សន៍បារាំង France 2 នាថ្ងៃចន្ទនេះថា «ខ្ញុំជឿជាក់ថាស្ថានភាពរបស់ ប្រទេសតួកគីនាពេលបច្ចុប្បននេះ ពិតជាមិនមានវិធីណាមួយក្នុងការក្លាយខ្លួនជាសមាជិក EU ឲ្យបានលឿន ឬមួយក៏យូរទៅមុខបាននោះឡើយ។ ប្រទេសដែលមានច្បាប់ប្រហារជីវិត នោះសហភាពអឺរ៉ុបគ្មាន កន្លែងណាមួយដែលអាចទទួលជាធ្វើជាសមាជិកបានឡើយ»។

គួរបញ្ជាក់ថា ចាប់តាំងពីកើតមានរដ្ឋប្រហារ ១០ថ្ងៃមកនេះ រដ្ឋាភិបាលតួកគីដែលកំពុងគ្រប់គ្រងអំណាចឡើងវិញ បាន ចាប់ឃុំ, ដកតំណែង និង បើកការស៊ើបអង្កេត មន្ត្រីពាក់ព័ន្ធគ្រប់ស្ថាប័នសរុបជាង ៦០,០០០នាក់។ មន្ត្រីភាគច្រើនមក ពីស្ថាប័ន យោធា, ប៉ូលិស, គ្រូបង្រៀន និង រួមមានទាំងមន្ត្រីរដ្ឋជាច្រើនទៀត ដែលអាជ្ញាធរអះអាងថាបានជាប់ពាក់ព័ន្ធ នឹងការធ្វើរដ្ឋប្រហារតែបរាជ័យនោះ៕

ប្រភពៈ freshnewsasia


Related Posts