លើស​ហើយ ! ខឹង​គេ​ជួយ​ប្រពន្ធ យក​ប៉័ងតោ​ទៅ​កាប់​ទ្វារផ្ទះ​គេ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​អ្នក​ជិតខាង​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​បន្ទាប់​ពី​បុរស​រូប​នោះ​ខឹង​វាយ​ប្រពន្ធ​មិន​បាន បែរជា​យក​កាំបិតប៉័ងតោ​កាប់​ផ្ទះ​គេ​ទៅ​វិញ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ភូមិ​ជ្រោយ​អំពិល​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ឃិ​ន ថា​វី អាយុ​៣៦​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅ​ភូមិ​កើតហេតុ ចំណែក​ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ អ៊ុំ វ៉ា​ន់​នី ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ជា​បុគ្គលិក​អង្គការ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា យោង​តាម​ពាក្យបណ្ដឹង​របស់​ម្ចាស់ផ្ទះ​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​យប់​កើតហេតុ​ពេល​ជន​រង​គ្រោះ​ត្រឡប់​មក​ពី​រត់​ម៉ូតូឌុប​វិញ​ក៏​បាន​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ​រហូត​ដេញ​វាយ​ប្រពន្ធ ដោយ​ខ្លាច​ប្តី​វាយ​ស្ត្រី​ជា​ប្រពន្ធ​បានរ​ត់ទៅ​ផ្ទះ អ៊ុំ វ៉ា​ន់​នី ដែល​នៅ​ក្បែរ​គ្នា​ដើម្បី​គេ​ជួយ ពេល​នោះ​ឈ្មោះ អ៊ុំ វ៉ា​ន់​នី បាន​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ចូល​ទៅ​ក្នុងផ្ទះ​រួច​ចាក់សោ​ពី​ក្នុង ធ្វើ​ឲ្យ​ជនសង្ស័យ​ខឹង​យ៉ាង​ខ្លាំង​ក៏​រត់​ទៅ​យក​កាំបិតប៉័ងតោ​មក​កាប់​ទ្វារផ្ទះ​ជន​រង​គ្រោះ​តែ​ម្តង ។

នៅ​ក្នុង​ពាក្យបណ្ដឹង​បាន​សរសេរ​បន្ត​ទៀត​ថា ដោយសារ​តែ​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​ស្ត្រី​ជា​ប្រពន្ធ និង​ខ្លាច​គ្រោះថ្នាក់​ដល់​អ្នក​ជិតខាង​ដែល​មាន​បំណង​ជួយ​ស្ត្រី​ជា​ប្រពន្ធ ស្ត្រី​ម្ចាស់ផ្ទះ​រង​គ្រោះ​បាន​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ក្បាលកោះ​ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ​តែ​ម្តង ៕