អាមេរិក​៖ ប្រធាន​បក្ស​ប្រជាធិបតេយ្យ​លាលែង​ពី​តំណែង ជុំវិញ​ការ​បែកធ្លាយ​អ៊ីមែល​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       July-25-2016, 4:53 pm         1970

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អាមេរិក​៖ ប្រធាន​បក្ស​ប្រជាធិបតេយ្យ​លាលែង​ពី​តំណែង ជុំវិញ​ការ​បែកធ្លាយ​អ៊ីមែល​ប្រធានគណៈកម្មាធិការបក្សប្រជាធិបតេយ្យអាមេរិក លោកស្រី Debbie Wasserman Schultz​នៅមុន​ការមកដល់​សន្និបាត​ប​ក្ស ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាធិបតេយ្យ បានសម្រេច​លាលែង​ពី​តំណែង ដោយសារតែ​ការ​បែកធ្លាយ​អ៊ីមែល​ជាច្រើន​ច្បាប់​របស់​បក្ស​មួយ​នេះ ដែល​បង្ហាញ​ពី​ការ​លម្អៀង​របស់​បក្ស​នេះ​ទៅ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​។ សន្និបាត​បក្ស ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​២៥ ខែកក្កដា នឹង​អនុម័ត​តែងតាំង​លោកស្រី គ្លី​ន​តុ​ន ជា​បេក្ខជន​ប្រធានាធិបតី​ផ្លូវការ​។

​សន្និបាត​បក្ស​ប្រជាធិបតេយ្យ ដែល​មិនទាន់​ចាប់ផ្ដើម​ផង​នោះ កំពុងតែ​ជួប​បញ្ហា​ខ្លាំង ខណៈ​ប្រធាន​គណៈកម្មាធិការ​បក្ស លោកស្រី Debbie Wasserman Schultz ប្រកាសថា លោកស្រី នឹង​លាលែង​ពី​តំណែង​។ ការប្រកាស​នេះ​ធ្វើឡើង បន្ទាប់ពី​វ៉េបសាយ WikiLeaks បាន​បញ្ចេញ​អ៊ីមែល​ជិត​ពីរម៉ឺន​របស់​បក្ស​ប្រជាធិបតេយ្យ ដែល​បញ្ជាក់ថា គណបក្ស​នេះ គាំ ទ្រ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ជាសម្ងាត់ ស្រប​ពេលដែល​លោកស្រី កំពុង​ប្រជែង ជាមួយ លោក Bernie Sanders​។​

​ក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​២៤ ខែកក្កដា ប្រធាន​គណៈកម្មាធិការ​រួប​នេះ បញ្ជាក់ថា ការលាលែង​របស់លោក​ស្រី  ដែល​នឹងធ្វើ​នៅ​បន្ទាប់ពី​ចប់​សន្និបាត​បក្ស ជា​ផ្លូវ​ល្អ​បំផុត​សម្រាប់​សម្រេច​គោលដៅ​បក្ស គឺ​ដាក់​លោកស្រី គ្លី​ន​តុ​ន ជា​បេក្ខភាព​ប្រធានាធិបតី​។ ចំណែក លោក Sanders វិញ ក៏បាន​ទាមទារ​ឲ្យ​លោកស្រី Schultz លាលែង​ផងដែរ បន្ទាប់ពី​ការ​លេច​ធ្លាយ​អ៊ីមែល​។ លោក Sanders ដែលជា​អតីត​គូប្រជែង​លោកស្រី គ្លី​ន​តុ​ន និយាយថា លោកស្រី Schultz សម្រេច​ចិត្តបាន​ត្រឹមត្រូវ​សម្រាប់​អនាគត​បក្ស​។

​ការ​បែកធ្លាយ​អ៊ីមែល​នេះ នឹងធ្វើ​ឲ្យ​ភាពមិន​ចុះសម្រុង​គ្នា​រវាង​អ្នកគាំទ្រ​លោកស្រី គ្លី​ន​តុ​ន និង​លោក Sanders កាន់តែ​ជ្រៅ​ទៅទៀត​។ អ៊ីមែល​ដែល​បង្ហាញ​ពី​ការ​លម្អៀង​របស់​បក្ស​ទៅរក​លោកស្រី គ្លី​ន​តុ​ន ធ្វើ​ឲ្យ​អ្នកគាំទ្រ​លោក Sanders ខឹងសម្បារ​យ៉ាងខ្លាំង​។ អ្នកគាំទ្រ​លោក Sanders រាប់ពាន់នាក់ បានមក​ប្រមូល​ផ្ដុំគ្នា​នៅ​រដ្ឋ Philadelphia ដើម្បី​តវ៉ា​ប្រឆាំងនឹង​ចេតនា​បំផ្លាញ​យុទ្ធនាការ​របស់លោក Sanders​។​

​សន្និបាត​បក្ស​ប្រជាធិបតេយ្យ រយៈពេល​បួន​ថ្ងៃ នឹង​ចាប់ផ្ដើម​នៅ​រដ្ឋ Philadelphia ដើម្បី​ជ្រើសរើស​បេក្ខភាព​ប្រធានាធិបតី ហើយ​ច្បាស់​ណាស់​ថា លោកស្រី គ្លី​ន​តុ​ន ជា​បេក្ខជន​ប្រធានាធិបតី ហើយ​ដៃគូ​លោកស្រី គឺ​លោក Tim Kaine ជា​បេក្ខជន​អនុ​ប្រធានាធិបតី​។ យ៉ាងណាមិញ លោក Sanders ដែល​គាំទ្រ​លោកស្រី គ្លី​ន​តុ​ន ជា​បេក្ខជន​ប្រធានាធិបតី​នោះ ដូចជា​មិន​ពេញ​ចិត្តនឹង​បេក្ខភាព​អនុ​ប្រធានាធិបតី​ទេ​។

​ក្នុង​កិច្ចសន្ទនា​ជាមួយ​ទូរទស្សន៍ NBC លោក Sanders និយាយថា លោក​ស្គាល់​លោក Kaine ជា​យូរ​មកហើយ ប៉ុន្តែ​លោក​មានគំនិត​អភិរក្ស​ខ្លាំង​។ សមាជិក​ព្រឹទ្ធសភា​មកពីរ​រដ្ឋ Vermont រូបនេះ​បន្តថា លោក​ចង់​ឲ្យ​លោកស្រី គ្លី​ន​តុ​ន ជ្រើស​យក​លោកស្រី Elizabeth Warren ជា​បេក្ខជន​ជំនួស​វិញ​៕