ប្រធានាធិបតី​ហ្វីលីពីន​ប្រកាស​ជា​ឯកតោ​ភាគី​នូវ​បទ​ឈប់​បាញ់​​ជាមួយ​ពួក​ឧទ្ទាម

ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានប្រកាសនៅថ្ងៃចន្ទនេះនូវបទឈប់បាញ់ឯកតោភាគីមួយ ជាមួយក្រុមបះបោរកុម្មុយនីស្តដែលបង្កសង្គ្រាមបះបោរយូរបំផុតនៅអាស៊ី ហើយលោកបានជំរុញឲ្យពួកបះបោរវិលត្រឡប់ចូលស្រុកវិញ។

ប្រធានាធិបតី​ហ្វីលីពីន​ប្រកាស​ជា​ឯកតោ​ភាគី​នូវ​បទ​ឈប់​បាញ់​​ជាមួយ​ពួក​ឧទ្ទាម
(រូបភាពពី AFP)

ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថាលោក Duterte បានប្រកាសដូច្នេះនៅក្នុងសុន្ទរកថាជាតិលើកដំបូងរបស់លោកទៅកាន់សភា ខណៈដែលលោកបានបង្ហាញនូវផែនការសម្រាប់ការចរចាសន្តិភាពជាមួយពួកបះបោរកុម្មុយនីស្តដែលគ្រោងនឹងចាប់ផ្ដើមនៅខែក្រោយនៅឯប្រទេសន័រវេស។

លោក Duterte បានថ្លែងប្រាប់ក្រុមសមាជិកសភាថា៖ «ដើម្បីបញ្ចប់អំពើហិង្សានិងស្ដាសន្តិភាពឡើងវិញ ខ្ញុំសូមប្រកាសបទឈប់បាញ់ជាឯកតោភាគី»។ ខណៈពេលនោះលោក Duterte ក៏បានអំពាវនាវទៅក្រុមបះបោរ ឲ្យធ្វើដូចលោកផងដែរ។

ការបះបោររបស់ពួកកុម្មុយនីស្តបានសម្លាប់មនុស្សប្រហែល៣ម៉ឺននាក់ចាប់តាំងពីទសវត្សរ៍១៩៦០។

កងទ័ពកុម្មុយនីស្តឬកងទ័ពប្រជាជនថ្មីត្រូវបានគេជឿថាមានចំនួនក្រោម៤ពាន់នាក់ពេលសព្វថ្ងៃនេះពោលគឺបានធ្លាក់ចុះពីចំនួន២៦០០០នាក់នៅទសវត្សរ៍១៩៨០។

ប៉ុន្តែពួកឧទ្ទាមនៅតែទទួលបានការគាំទ្រពីក្នុងចំណោមប្រជាជនក្រីក្រនៅតំបន់ជនបទ ហើយកងទ័ពពួកគេជារឿយៗបានសម្លាប់កងកម្លាំងសន្តិសុខព្រមទាំងចាប់ជំរិតមនុស្សទារប្រាក់នៅក្នុងតំបន់៕

ប្រភព៖ VOD

  • ប្រធានាធិបតី​ហ្វីលីពីន​ប្រកាស​ជា​ឯកតោ​ភាគី​នូវ​បទ​ឈប់​បាញ់​​ជាមួយ​ពួក​ឧទ្ទាម已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/25  Category:ជីវិតនិងសង្គម
Tags: