សាលា​ក្ដី​ខ្មែរ​ក្រហម​នឹង​បន្ត​សវនាការ​លើ​អង្គ​ហេតុ​បោស​សម្អាត​ផ្ទៃ​ក្នុង​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នឹង​បន្ត​សវនាការ​របស់​ខ្លួន​ឡើង​វិញ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៦ ខែ​កក្កដា បន្ទាប់​ពី​បាន​ឈប់​សម្រាក​រយៈពេល ៣​សប្ដាហ៍។

មន្ត្រី​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ដ្រា បញ្ជាក់​ថា សវនាការ​បន្ត​នេះ សាលា​ដំបូង​នឹង​ចាប់​ផ្ដើម​ដោយ​អង្គ​ហេតុ​បោស​សម្អាត​ខ្មាំង​ផ្ទៃ​ក្នុង​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ៖ «សវនាការ​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា នេះ គឺ​នឹង​ផ្ដោត​ទៅ​លើ​អង្គ​ហេតុ​ពាក់ព័ន្ធ​ការ​បោស​សម្អាត​ផ្ទៃ​ក្នុង ហើយ​សាក្សី​ថ្មី​មួយ​រូប​ទៀត នឹង​ត្រូវ​កោះ​ហៅ​មក​ផ្ដល់​សក្ខីកម្ម​ពាក់ព័ន្ធ​នឹង​អង្គ​ហេតុ​នេះ។ សូម​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ គឺ​សវនាការ​លើ​សំណុំ​រឿង ០០២ វគ្គ​២ ហ្នឹង គឺ​បាន​ដំណើរ​ការ​រយៈពេល ២០៣​ថ្ងៃ​ហើយ ហើយ​បាន​ការ​ផ្ដល់​សក្ខីកម្ម​សាក្សី ៤៦​រូប ដើម​បណ្ដឹង​រដ្ឋប្បវេណី ៤០​រូប និង​អ្នក​ជំនាញ ៣​រូប»

កម្មាភិបាល និង​ប្រជាពលរដ្ឋ​ស៊ីវិល​រាប់​ម៉ឺន​នាក់ ត្រូវ​បាន​បក្ស​កុម្មុយនិស្ត​កម្ពុជា ចោទ​ថា​ខ្មាំង និង​ចាប់​ខ្លួន ពេល​បោស​សម្អាត​ផ្ទៃ​ក្នុង​នោះ។ អ្នក​ទាំង​នោះ ត្រូវ​បាន​គេ​យក​ទៅ​ឃុំ​ឃាំង ធ្វើ​ទារុណកម្ម​សួរ​ចម្លើយ រួច​ហើយ​សម្លាប់​ចោល។ អង្គ​ហេតុ​នេះ គឺ​ជា​ឧក្រិដ្ឋកម្ម​ដែល​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន កំពុង​ជាប់​ចោទ​នៅ​ក្នុង​សំណុំ​រឿង ០០២ វគ្គ​២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។