ដូ​ណា​ល់ ត្រាំ​៖ អាមេរិក​អាច​ដកខ្លួន​ចេញពី WTO ហើយ​សមាជិក​ណា​តូ​ត្រូវ​បង់ថ្លៃ​ការពារ​ និពន្ធដោយ : ថ្មីៗ       July-25-2016, 9:59 pm         1240

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ដូ​ណា​ល់ ត្រាំ​៖ អាមេរិក​អាច​ដកខ្លួន​ចេញពី WTO ហើយ​សមាជិក​ណា​តូ​ត្រូវ​បង់ថ្លៃ​ការពារ​​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ បាន​អះអាងថា​ពេល​លោក​ជាប់ឆ្នោត លោក​នឹង​ដក​អាមេរិក​ចេញពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។ លោក​ថា អាមេរិក​ខាតបង់​ច្រើន​ក្នុង​វិស័យ​ពាណិជ្ជកម្ម ហើយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរជាតិ​ជាច្រើន​ដែល​អាមេរិក​ចូលរួម​សុទ្ធតែជា​គ្រោះមហន្តរាយ​ពេលអនាគត​។

​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន NBC ជា​លើកដំបូង​ក្រោយ​ទទួលបាន​ការតែងតាំង​ពី​បក្ស​ជា​បេក្ខជន​ប្រធានាធិបតី លោក ដូ​ណា​ល់ ត្រាំ បាន​អះអាងថា ពេល​លោក​ជាប់ឆ្នោត​នៅពេល​ខាងមុខ លោក​នឹង​ចរចា​ឡើងវិញ​ឬ​អាច​បញ្ចប់​សមាជិកភាព​អាមេរិក​ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)​។

១. អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ជា​គ្រោះមហន្តរាយ​សម្រាប់​អាមេរិក​
​ពេល​ចាប់ផ្តើម​បទសម្ភាសន៍ សេដ្ឋី​អចលនទ្រព្យ​រូបនេះ​បាន​លើកឡើងថា  ដើម្បី​ការពារ​ប្រយោជន៍​សេដ្ឋកិច្ច​របស់​អាមេរិក ពេល​លោក​ជាប់ឆ្នោត លោក​នឹង​កំណត់​ពន្ធ​រហូតដល់ ៣០ ភាគរយ សម្រាប់​រាល់​ទំនិញ​នាំចូល​របស់​ក្រុមហ៊ុន​ណា​ដែល​ដំណើរការ​និង​ផលិត​ទំនិញ​របស់ខ្លួន​នៅក្រៅ​ប្រទេស​។ លោក​បាន​លើក​ឧទាហរណ៍ ក្រុមហ៊ុន​ខ្លះ​ចេញ ទៅ​បើក​រោងចក្រ​នៅ​ប្រទេស​ជា​ម៉ិ​ក​ស៊ិ​ក​ដែលជា​ដៃគូ​តំបន់​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាងជើង​ជាដើម​។​

​តែ​អ្នកសារព័ត៌មាន NBC លោក Chuck Todd បាន​ប្រា​ប់លោក ដូ​ណា​ល់ ត្រាំ​វិញ​ថា គោលនយោបាយ​របស់លោក​ក្នុងការ​កំណត់​ពន្ធ​សម្រាប់​ទំនិញ​នាំចូល​ខ្ពស់​បែបនេះ អាច​ប៉ះពាល់​ដល់​បទបញ្ញត្តិ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។

​ភ្លាមៗ​នោះ​លោក ដូ​ណា​ល់ ត្រាំ  បាន​ឆ្លើយតប​វិញ​ថា​៖ « មិនមែនជា​បញ្ហា​ទេ​។ យើង​នឹង​ចរចា​ឡើងវិញ ឬ​បញ្ចប់​សមាជិកភាព​អាមេរិក​ក្នុង​អង្គការ​នេះ​តែម្តង​។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ប្រភេទ​នេះ សុទ្ធតែជា​គ្រោះមហន្តរាយ​ធំ​សម្រាប់​អាមេរិក​។ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ជា​គ្រោះមហន្តរាយ​»​។​

​លោក​បាន​បន្ត​ពន្យល់ថា ការដកខ្លួន​របស់​អា​មេ​រិ​ក​ពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​មិន​បង្ក​គ្រោះថ្នាក់​ដល់​សេដ្ឋកិច្ចពិភពលោក​ទេ​។ ហើយ​សេដ្ឋី​រូបនេះ​លើកយក​យក​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស​ជា​ឧទាហរណ៍​ផង ដើម្បី​បង្ហាញថា បញ្ហា​អាច​កើតឡើង​ក្នុងពេល​ខ្លី តែ​វា​នឹង​ប្រសើរ​ឡើងវិញ​។

២. អឺរ៉ុប​រួមគ្នា​ប្រជែង និង​យកជ័យ​ជម្នះ​លើ​អាមេរិក​ផ្នែក​សេដ្ឋកិច្ច​    ​
​បន្ទាប់ពី​ស្តាប់​ពី​បំណង​ទាញ​អាមេរិក​ចេញពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​របស់លោក ដូ​ណា​ល់ ត្រាំ លោក Chuck Todd បាន​បន្ត​ចោទ​សួរថា តើ​លោក​គិតថា តើ​វា​ជា​រឿង​ល្អ​ទេ​ពេលដែល​អឺរ៉ុប​បែកបាក់​?
​លោក ដូ​ណា​ល់ ត្រាំ បាន​ឆ្លើយតប​ថា​៖« ទេ មិនល្អ​ទេ​។ ប៉ុន្តែ យើង​ចំណាយលុយ​ច្រើនពេក​ហើយ​សម្រាប់​អឺរ៉ុប​។ កុំភ្លេចថា អឺរ៉ុប​តែងតែ​រួមគ្នា​។ ហេតុអ្វី​បានជា​ពួកគេ​រួមគ្នា​? ចម្លើយ​នោះ​គឺថា ដើម្បី ប្រជែង​និង​ផ្តួល​អាមេរិក​ក្នុងការ​វិស័យសេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​»​។ បេក្ខជន​ប្រធានាធិបតី​រូបនេះ​បាន​លើកយក​ក្រុមហ៊ុន Airbus ជា​ឧទាហរណ៍​។ 

៣.​សមាជិក​ណា​តូ​ជិះសេះ​លែងដៃ​ទាញ​ប្រយោជន៍​ពី​អាមេរិក ហើយ​អាមេរិក​មិនអាច​ឆ្គួ​ត​ឡប់​ទៀត​ទេ​
​ចូល​រឿង​មួយទៀត គឺ ជំហរ​របស់​អាមេរិក​ក្នុងការ​ការពារ​សមាជិក​ណា​តូ​។ លោក ដូ​ណា​ល់​ត្រាំ មានគំនិត​យោបល់​អវិជ្ជមាន​បន្តិច​ចំពោះ​សមាជិក​ទាំងនោះ​។ លោក​ជឿជាក់ថា អាមេរិក​រងបន្ទុក​ធ្ងន់​ណាស់​ក្នុងការ​ការពារ​ប្រទេស​ដទៃ​ជា​សម្ព័ន្ធមិត្ត​តួយ៉ាង​ដូចជា ជប៉ុន កូរ៉េខាងត្បូង អា​រ៉ា​ប៊ី​សា​អូឌីត ជាដើម ហើយ​អាមេរិក​ដូចជា​មិនបាន​ផល​អ្វី​មកវិញ​សោះ​។ ប្រទេស​សមាជិក​ណា​តូ​ខ្លះទៀត នាំគ្នា​ជិះសេះ​លែងដៃ ហើយ​ឆ្លៀត​ទាញ​ប្រយោជន៍​ពី​សហរដ្ឋអាមេរិក​ទៀត​។

​លោក​បាន​សង្កត់ធ្ងន់ថា​ជាថ្មី​ថា អាមេរិក​មិនអាច​ឆ្គួ​ត​ឡប់​ទៀត​ទេ​។ បើសិនជា​ចង់​ឲ្យ​អាមេរិក​ការពារ​ទៀត ពួកគេ​ត្រូវ​រួមចំណែក​បង់​វិភាគទាន​សម្រាប់​ថ្លៃ​ការពារ ដែលមាន​កំណត់​ក្នុង​សន្ធិសញ្ញា​។ បើ​មិន​ដូច្នោះ​ទេ ពួកគេ​ត្រូវការពារ​ខ្លួន​ដោយ​ខ្លួនឯង ពេល​ប្រទេស​ផ្សេង​ឈ្លានពាន​៕