កម្ពុជា​លក់​ឥណទាន​កាបូន​ដំបូង​នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ឲ្យ​ក្រុមហ៊ុន Disney និពន្ធដោយ : រ៉ឹម ភារី       July-25-2016, 11:19 pm         550

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កម្ពុជា​លក់​ឥណទាន​កាបូន​ដំបូង​នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ឲ្យ​ក្រុមហ៊ុន Disney​ភ្នំពេញ​៖ ក្រសួងបរិស្ថាន តាមរយៈ​ការសហការ​ណ៍រ​បស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS) បាន​ព្រមព្រៀង​លក់​ឥណទាន​កាបូន ដែល​បានមកពី​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ដែលមាន​ផ្ទៃដី​២៩២,៦៩០​ហិច​តា​ក្នុង​ខេត្ត​ខេត្តមណ្ឌលគិរី​។   នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​WCS​នៅ​ថ្ងៃទី​២៣ កក្កដា ឆ្នាំ​២០១៦​។    

​ក្រសួងបរិស្ថាន និង​អង្គការ​WCS បាន​ព្រមព្រៀង​លក់​ឥណទាន​កាបូន ដែនជម្រកសត្វព្រៃ​កែវ​សីមា ទៅ​ឲ្យ​ក្រុមហ៊ុន Disney ដែលជា​ក្រុមហ៊ុន​វិនិយោគ​លើ​ការកាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​ទូទាំង​ពិភពលោក​។ ក្នុងនោះ កញ្ចប់​សាច់ប្រាក់​នៃ​ការលក់​ឥណទាន​កាបូន​នេះ គឺ​៥០​ភាគរយ នឹង​ផ្តល់​ប្រយោជន៍​ដល់​សហគមន៍ តាមរយៈ​សកម្មភាព​ផ្សេងៗ ដូចជា គម្រោង​អភិវឌ្ឍន៍​សហគមន៍​ជាដើម​។ 
 
​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​មានប្រសាសន៍ថា​៖«​ការលក់​ឥណទាន​កាបូន​ទ្រង់ទ្រាយ​ធំ​ដំបូងបង្អស់​របស់​កម្ពុ​ជា​នេះ គឺជា​ផ្នែក​មួយ​នៃ​ចក្ខុវិស័យ​របស់​យើង ដើម្បី​ទទួលបាន​និរន្តរភាព​ហិរញ្ញវត្ថុ​សម្រាប់​តំបន់​ការពារ​នៅក្នុង​ប្រទេស​កម្ពុជា​។ កិច្ចព្រមព្រៀង ដែល​យើង​បាន​ចុះហត្ថលេខា​នេះ នឹង​ផ្តល់​ថវិកា​សឹងតែ​ទាំងអស់​សម្រាប់​ការពារ​ព្រៃឈើ និង​ការអភិវឌ្ឍន៍​សហគម​ន៍ ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈ​របស់​យើង​ក្នុងការ​ការពារ​ព្រៃឈើ និង​ប្រជា​សហគមន៍​នៅ​កម្ពុជា​»​។ 

​ឥណទាន​កាបូន​ដែល​ត្រូវបាន​លក់​នេះ ត្រូវបាន​គេ​ដាក់​នៅលើ​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត ដែល​អាច​ឲ្យ​ក្រុមហ៊ុន​ឯកជន អង្គការ និង​បុគ្គល​ម្នាក់ៗ ធ្វើការ​បង់ប្រាក់​សម្រាប់​សកម្មភាព​ជាច្រើន ដែល​ចូលរួម​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​។ ចំណែក​ចំនួន និង​គុណភាព​នៃ​កាបូន​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ត្រូវបាន​ផ្ទៀងផ្ទាត់​ដោយ​ប្រព័ន្ធ​ត្រួតពិនិត្យ​ឈានមុខ​គេ​ចំនួន​២ គឺ​ស្តង់​ការផ្ទៀងផ្ទាត់​កាបូន និង​អាកាសធាតុ និង ស្តង់ដារ​សហគមន៍​និង​ជីវចម្រុះ​។

​លោក John Robinson  នាយក​ផ្នែក​អភិរក្ស និង​ជា​អគ្គនាយករង​ផ្នែក​ប្រតិបត្តិ​សម្រាប់​ការអភិរក្ស និង​វិទ្យាសាស្ត្រ​របស់​អង្គការ​WCS បាន​មានប្រសាសន៍ថា​៖«​អង្គការ​WCS សូម​អបអរសាទរ​ចំពោះ​រដ្ឋាភិបាល​ចំពោះ​ប្រតិបត្តិការ​នេះ ដើម្បី​ពង្រឹង​ការអភិរក្ស​នៅ​កម្ពុជា​។ ការសម្រេចចិត្ត​ប្រើប្រាស់​ឥណទាន​កាបូន​របស់​គម្រោង​នេះ ដែលជា​ជំហាន​ឆ្ពោះទៅមុខ​ដើម្បី​សម្រេច​គោលដៅ​របស់ខ្លួន ក្នុងការ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។ គម្រោង​រេ​ដ​បូក គឺជា​យន្តការ​ដ៏​សំខាន់​មួយ សម្រាប់​ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ តាមរយៈ​ការបញ្ចៀស​ការកាប់បំផ្លាញ​ព្រៃឈើ ហើយ​សកម្មភាព​របស់​រដ្ឋាភិបាល និង​វិស័យ​ឯកជន ពិតជា​ចាំបាច់​ខ្លាំងណាស់ ដើម្បី​អភិរក្ស​តំបន់​ទេសភាព​ដ៏​អស្ចារ្យ​ទាំងអស់នោះ ព្រមទាំង​កំណត់​ការប្រែប្រួល​អាកាសធាតុ​នៅលើ​សកលលោក​។ យើង​សង្ឃឹមថា ក្រុមហ៊ុន​ផ្សេងទៀត នឹងធ្វើ​ដូច​ក្រុមហ៊ុន Disney»​។

​គម្រោង​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា ដែល​ស្ថិតក្រោម​ការអនុវត្តន៍​គម្រោង​រេ​ដ​បូក​(​គម្រោង​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​បណ្តាលមកពី​ការបាត់បង់​ព្រៃឈើ និង​កា​រិចរឹល​នៃ​ព្រៃឈើ​) ត្រូវបាន​បង្កើតឡើង ដើម្បី​បញ្ចៀស​ការបញ្ចេញ​ឧស្ម័ន​កាបូ​និក​ជាង​១៤​លាន​តោន​សម្រាប់​រយៈពេល​១០​ឆ្នាំ គឺ​ចន្លោះ​ពី​ឆ្នាំ​២០១០​ដល់​ឆ្នាំ​២០១៩​។ ដែនជម្រកសត្វព្រៃ​កែវ​សីមា ក៏ដូចជា​តំបន់​ការពារ​ផ្សេងទៀត​នៅក្នុង​ប្រទេស​កម្ពុជា និង​តំបន់​ប្រឈម​ជាច្រើន ដូចជា ការកាប់​ឈើ​ខុសច្បាប់ និង​ការកាប់​ឆ្ការព្រៃ​ដើម្បី​ធ្វើ​កសិកម្ម​ទ្រង់ទ្រាយ​តូច និង​ទ្រង់ទ្រាយ​ធំ​ដើម្បី​ដាំ​កៅស៊ូ​។ គម្រោង​នេះ​មាន​គោលដៅ​កំណត់​បញ្ហា​ធំៗ​ទាំងអស់ ដោយ​ពង្រឹង​ការងារ​គ្រប់គ្រង​អភិរក្ស ព្រមទាំង​ធានា​ប្លង់​កម្ម​សិទ្ធ​ដីធ្លី និង​សិទ្ធិ​ប្រើប្រាស់​ធនធាន​ព្រៃឈើ​សម្រាប់​ប្រជា​សហគមន៍​។

​សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃ​កែវ​សីមា​(​អតីត​ព្រៃ​ការពារ​សីមា​) ផ្តល់​ជម្រក​ដល់​សត្វព្រៃ និង​រុក្ខជាតិ​ជាង​៦០​ប្រភេទ ស្ថិតនៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ដែលជា​ប្រភេទ​រង​ការគំរាមកំហែង​ឈានទៅរក​ការ​ផុត​ពូជ​។ តំបន់​នេះ ក៏មាន​សារសំខាន់​ជា​សាកល​មួយ សម្រាប់​ការអភិរក្ស​ប្រភេទ​សត្វ​ពានរ ដូចជា ស្វា​កន្ទុយ​ស និង​ទោច​ថ្ពាល់​លឿង​ជាដើម​។ លើសពីនេះ ក៏មាន​សត្វ​ជាច្រើន​ទៀត​ដូចជា ពពួក​ខ្លា ដំរី​អាស៊ី ក្រុម​គោ​សាទិស និង​សត្វ​ស្លាប​ជាដើម​។ ក្រៅពី​ផ្តល់​ជម្រក​ដល់​សត្វ និង​រុក្ខជាតិ ដែនជម្រកសត្វព្រៃ​កែវ​សីមា​នេះ ក៏បានផ្តល់​ជា​លំនៅស្ថាន​សម្រាប់​ជា​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង ដែល​កំពុង​រស់នៅ និង​អាស្រ័យ​ផល​លើ​ធនធាន​ព្រៃឈើ​តំបន់​នេះ​សម្រាប់​សេដ្ឋកិច្ច វប្បធម៌ និង​ជំនឿ​សាសនា​អស់​រយៈពេល​ជាច្រើន​ជំនាន់​មកហើយ​។ ជនជាតិភាគតិច ក៏ត្រូវ​បានគិត​គូរ និង​ដាក់បញ្ចូល​ទៅក្នុង​ការរៀបចំ និង​គ្រប់គ្រង​គម្រោង​ផងដែរ​៕