មន្ត្រី​រដ្ឋាភិបាល​ថា​មិន​មាន​ការ​ណែនាំ​ទូរទស្សន៍​មិន​ឲ្យ​ផ្សាយ​ព្រឹត្តិការណ៍​ហែ​សព​បណ្ឌិត កែម ឡី

មន្ត្រីរដ្ឋាភិបាល បានច្រានចោលព័ត៌មានដែលថា រដ្ឋាភិបាលបានចេញបញ្ជាមិនឲ្យទូរទស្សន៍ក្នុងស្រុកផ្សាយអំពីព្រឹត្តិការណ៍ហែសពបណ្ឌិត កែម ឡី។ ការបដិសេធនេះ បន្ទាប់ពីមានសារទូរស័ព្ទដៃបែកធ្លាយ ដែលផ្ញើទៅអ្នកសារព័ត៌មានដោយសរសេរបទបញ្ជាថា មិនឲ្យផ្សាយពីរឿងឃាតកម្មចាប់ពីពេលនេះតទៅ។

ថ្វីត្បិតតែពិធីដង្ហែសពបណ្ឌិត កែម ឡី ប្រព្រឹត្តទៅយ៉ាងកក្រើកប្រទេសកម្ពុជា រហូតផ្អើលដល់ស្ថាប័នសារព័ត៌មានបរទេសតាមប្រមាញ់ផ្សព្វផ្សាយព្រឹត្តិការណ៍ដ៏ធំគ្មានពីរនេះក្តី ប៉ុន្តែគេសង្កេតឃើញថា ស្ថាប័នទូរទស្សន៍ក្នុងស្រុកហាក់មិនបានចាប់អារម្មណ៍ផ្សព្វផ្សាយព្រឹត្តិការណ៍នេះឡើយ។

ទន្ទឹមនឹងការមិនផ្សព្វផ្សាយនេះ កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បានផ្សាយថា អ្នកសារព័ត៌មាននៅស្ថានីយទូរទស្សន៍ទទួលបញ្ជាពីមន្ត្រីរដ្ឋាភិបាល ឲ្យបញ្ឈប់ការរាយការណ៍អំពីឃាតកម្ម។ កាសែតនេះ បានស្រង់យកសារហ្វេសប៊ុក (Facebook) ដែលគេជឿថាផ្ញើដោយលោក ស្វាយ ស៊ីថា រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រីថា “សូមឯកឧត្តម និងអស់លោកតាមគ្រប់ស្ថានីយទូរទស្សន៍រដ្ឋ និងឯកជន សហការអនុវត្តនូវបទបញ្ជាដ៏ម៉ឺងម៉ាត់បំផុតនេះ”។

វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពីរដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ស្វាយ ស៊ីថា បានទេនៅថ្ងៃទី២៥ ខែកក្កដា ដោយលោកបានផ្តាច់ទូរស័ព្ទមិននិយាយ។

អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានឆ្លើយថា រដ្ឋាភិបាលមិនចេញបញ្ជាណាមួយឲ្យស្ថានីយទូរទស្សន៍ កុំផ្សាយព្រឹត្តិការណ៍ហែសពបណ្ឌិត កែម ឡី ឡើយ៖ «វាជាការសម្រេចចិត្តរបស់ម្ចាស់វិទ្យុ ឬស្ថានីយទូរទស្សន៍ វាមិនមានពាក់ព័ន្ធនឹងអំណាចរដ្ឋទៅបង្គាប់បញ្ជាទេ។ យើងដឹងហើយ ទូរទស្សន៍គេមានសេរីភាពរបស់គេ»។

ចំពោះបម្រាមមិនឲ្យផ្សព្វផ្សាយរូបភាពគ្រោះថ្នាក់ និងឃាតកម្មនោះ លោក ផៃ ស៊ីផាន បញ្ជាក់ថា ក្រសួងព័ត៌មាន បានចេញសេចក្តីណែនាំជាយូរមកហើយ ព្រោះការបង្ហាញរូបភាពជនរងគ្រោះ និងរូបភាពអាក្រក់នោះ វាមិនល្អសម្រាប់សង្គមខ្មែរដែលហាក់ដូចជាបង្ហាញថា សង្គមខ្មែរប្រឡាក់ទៅដោយឈាមគ្រប់ជ្រុងទាំងអស់។

អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង មានប្រសាសន៍ថា បម្រាមនៃការផ្សព្វផ្សាយរូបភាពគ្រោះថ្នាក់ និងឃាតកម្មនេះ ត្រូវបានក្រសួងផ្សព្វផ្សាយច្រើនឆ្នាំមកហើយ ព្រោះវាពាក់ព័ន្ធនឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ដោយឡែកព្រឹត្តិការណ៍ហែសពបណ្ឌិត កែម ឡី នេះ ក្រសួងមិនបានចេញបម្រាមអ្វីនោះទេ៖ «ការដែលជជែកគ្នានោះ គឺនិយាយពីក្រមសីលធម៌សារព័ត៌មាន នៅពេលដែលផ្សាយរូបភាពបាក់ដៃបាក់ជើង យើងមិនចង់ឃើញហូរឈាមអីអ៊ីចឹងទេ ហើយពាក់ព័ន្ធហែសព គឺអត់មានណែនាំអីទេ»។

ពិធីដង្ហែសពលោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី២៤ ខែកក្កដា ពីរាជធានីភ្នំពេញឆ្ពោះទៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ គឺជាព្រឹត្តិការណ៍ដ៏ធំដោយមានអ្នកចូលរួមហែក្បួនប្រមាណ ២លាននាក់។ ព្រឹត្តិការណ៍នេះ ត្រូវបានផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក និងចាក់ផ្សាយយ៉ាងព្រោងព្រាតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងក្រៅស្រុកមួយចំនួន។

នាយកគ្រប់គ្រងព័ត៌មានទូរទស្សន៍ CTN និង CNC លោក ហ៊ុយ វណ្ណៈ មានប្រសាសន៍ថា លោកមិនបានដឹងអំពីបទបញ្ជានេះទេ ប៉ុន្តែការមិនផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ដង្ហែសពបណ្ឌិត កែម ឡី គឺជាសេចក្តីសម្រេចរបស់ស្ថានីយទូរទស្សន៍ ព្រោះស្ថាប័នរបស់លោក គឺជាស្ថាប័នរកប្រាក់ចំណូលដោយខ្លួនឯង មិនពឹងរដ្ឋ ឬជំនួយក្រៅប្រទេស។ ដូច្នេះ ស្ថាប័នលោកមានសិទ្ធិរៀបចំមាតិកា និងខ្លឹមសារដើម្បីបម្រើទស្សនិកជន និងផ្សាយទៅតាមគោលដៅទីផ្សាររបស់ខ្លួន៖ «នេះ គឺជាសម្រេចរបស់ស្ថានីយ ព្រោះស្ថានីយទាំងវិទ្យុ ក៏ដូចជាទូរទស្សន៍ ដូចជាវិទ្យុអាស៊ីសេរី មានគោលការណ៍ផ្សព្វផ្សាយទៅតាមគោលការណ៍របស់ស្ថាប័នរៀងខ្លួន។ អាស៊ីសេរី ចូលចិត្តផ្សាយតែរឿងអវិជ្ជមានសង្គម ចំណែកវិទ្យុដែលទទួលថវិកាតាមរយៈមហាជន មិនមែនតាមរយៈរដ្ឋ គេត្រូវផ្សាយអ្វីដែលរៀបចំយុទ្ធសាស្ត្រដែលជាការត្រូវការរបស់ទូរទស្សន៍ និងទស្សនិកជន»។

ចំពោះបទបញ្ជាមិនឲ្យផ្សាយរឿងឃាតកម្មនេះ លោកគាំទ្រ ពីព្រោះវានឹងធ្វើឲ្យសីលធម៌សង្គមប្រសើរឡើង។ លោកថា ការផ្សាយ និងការបោះពុម្ពផ្សាយរឿងឃាតកម្ម គឺដូចជាការសម្លាប់ជនរងគ្រោះពីរដង។

វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពីអគ្គនាយកទូរទស្សន៍ ភី.អិន.អិន (PNN) លោក សោម ឆាយា បានទេ ដោយសារលោកជាប់រវល់។

នាយកវិទ្យាស្ថានសិក្សាប្រព័ន្ធផ្សព្វផ្សាយកម្ពុជា លោក មឿន ឈានណារិទ្ធ មានប្រសាសន៍ថា ការមិនផ្សព្វផ្សាយព្រឹត្តិការណ៍ដង្ហែសពបណ្ឌិត កែម ឡី នេះ គឺមិនមែនជាកំហុសរបស់ស្ថាប័នសារព័ត៌មាននោះឡើយ ប៉ុន្តែផលប៉ះពាល់នោះ គឺស្ថានីយទូរទស្សន៍ទាំងនេះនឹងបាត់បង់ការគាំទ្រពីសាធារណជន៖ «វាមិនមែនជាលើកទីមួយទេដែលទូរទស្សន៍ក្នុងស្រុកយើងមិនផ្សាយ ប៉ុន្តែក្នុងករណីនេះ បើតាមខ្ញុំដឹង ទូរទស្សន៍បានទទួលការណែនាំពីរដ្ឋាភិបាល សុំមិនឲ្យផ្សាយរូបភាពទាក់ទងនឹងសាកសពអ៊ីចឹង ជាការពិបាកដែរ វាខុសពីអង្គភាពសារព័ត៌មានដទៃទៀត ដូចជាវិទ្យុ ឬក៏កាសែតអ៊ីចឹង គឺអាចមានការភ័យខ្លាចថា បើផ្សាយទៅ ចុះបើគេដកអាជ្ញាប័ណ្ណវាយ៉ាងម៉េច? វាជាជម្រើសមួយពិបាកដែរ ព្រោះផ្សាយក៏ខុស មិនផ្សាយក៏ខុស»។

លោក មឿន ឈានណារិទ្ធ យល់ថា ប្រសិនបើសារព័ត៌មានពិតជាឯករាជ្យ និងមានវិជ្ជាជីវៈទាំងស្រុងនោះ ប្រាកដជាផ្សាយនូវព្រឹត្តិការណ៍ដែលមហាជនចង់ដឹងចង់ឮ ប៉ុន្តែយ៉ាងណាក៏ដោយ សម្រាប់បរិបទកម្ពុជា ដូច្នេះ លោកថាពិបាកបន្ទោសដល់សារព័ត៌មានទាំងនោះណាស់៕

ប្រភពៈ RFA


មន្ត្រី​រដ្ឋាភិបាល​ថា​មិន​មាន​ការ​ណែនាំ​ទូរទស្សន៍​មិន​ឲ្យ​ផ្សាយ​ព្រឹត្តិការណ៍​ហែ​សព​បណ្ឌិត កែម ឡី

សិស្សលោកកែម ឡី បេ្តជាដើរតាមគន្លងរបស់គ្រូ

មន្ត្រី​រដ្ឋាភិបាល​ថា​មិន​មាន​ការ​ណែនាំ​ទូរទស្សន៍​មិន​ឲ្យ​ផ្សាយ​ព្រឹត្តិការណ៍​ហែ​សព​បណ្ឌិត កែម ឡី

កម្ពុជា៖ ដំណើររប៉ាក់រប៉ើកនៃលទ្ធិប្រជាធិបតេយ្យ