​​សកម្មជន​ធ្លាប់​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ រិះគន់​លោក​សម រង្ស៊ី​

ភ្នំពេញ:
ក្នុង​ផេ​ក​របស់​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃទី​២៥​ខែកក្កដា បាន​ផ្សព្វផ្សាយ​ថា សកម្មជន​ម្នាក់​ដែល​តែងមាន​ទំនោរ​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ   បាន​សរសេរ​រិះគន់ លោក សម រង្ស៊ី យ៉ាងហោច ៤​ចំណុច ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ។ សកម្មជន​ដែល​បាន​សរសេរ​រិះគន់​នោះ ឈ្មោះ អ៊ូ វីរៈ ដែលមាន​បងប្អូន​ប្រុស ២​នាក់ ឈ្មោះ អ៊ូ ច័ន្ទ​ឫទ្ធិ និង ឈ្មោះ អ៊ូ ច័ន្ទ​រ័ត្ន ដែល​បច្ចុប្បន្ន គឺជា​អ្នកតំណាងរាស្ត្រ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ។​

លោក អ៊ូ វីរៈ ក្នុង​ហ្វេ​ស​ប៊ុ​ក របស់លោក បាន​សរសេរ​រិះគន់ លោក សម រង្ស៊ី ជាមួយ​ការចាត់ទុក​ភាព​ដឹកនាំ​របស់ លោក សម រង្ស៊ី ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជាម​នុស្ស “​ប្រកាន់​វប្បធម៌​អត្តនោម័ត​” និង “​បុគ្គលនិយម​” ហើយ​ឥរិយាបទ​នេះ មិនអាច​ធ្វើ​ឲ្យ​បក្ស​មួយ​មាន​កម្លាំង​រួម​បានទេ ។​

 លោក អ៊ូ វីរៈ បាន​សរសេរ​រិះគន់ថាៈ
ចំណុច​ទី​១ លោក សម រង្ស៊ី ធ្វើការ​ចោទប្រកាន់​ខុសឆ្គង ដែល​និយាយថា លោក កែម ឡី បាន​ស្លាប់ ដោយសារ គណបក្ស​ប្រជាជន​កម្ពុជា ។​

ចំណុច​ទី​២ លោក​សរសេរថា បក្សប្រឆាំង ក្រោម​ការដឹកនាំ​របស់ លោក សម រង្ស៊ី គ្មាន​លក្ខណៈ​ប្រជាធិបតេយ្យ ហើយ​ត្រូវតែ​ធ្វើការ​កែទម្រង់​តាម​ប្រជាធិបតេយ្យ​ពិតប្រាកដ ដោយ​មិនត្រូវ​បន្ត​ដឹកនាំ​តាម​វប្បធម៌​អត្តនោម័ត​នោះទេ ។ លោក អ៊ូ វីរៈ រិះគន់ថាដោយសារ​ចរិត​អត្តនោម័ត និង​បុគ្គលនិយម​នេះហើយ ដែល​ធ្វើអោយ​បក្សប្រឆាំង​មួយ មិនអាច​រួបរួម គ្នា​បាន​។​

ចំណុច​ទី​៣ លោក អ៊ូ វីរៈ ចាត់ទុក លោក សម រង្ស៊ី ខ្វះ​លក្ខណៈ ដឹកនាំ ហើយ​ជា​បុគ្គល​ដែល​តែងមាន​អារម្មណ៍​គំរាមកំហែង និង​ភ័យខ្លាច​អ្នកដទៃ ក្នុង​បក្ស​ពូកែ​ជាង និង​មាន​ប្រជាប្រិយ​ភាពខ្លាំង​ជាង ។ លោក​និយាយថា សូម្បីតែ លោក សម រង្ស៊ី ក៏​ធ្លាប់​ចោទថា លោក កឹម សុខា ជា​មនុស្ស​ដែល​បង្កើតឡើង​ដោយ គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ ។​

ចំណុច​ទី​៤ លោក អ៊ូ វីរៈ បាន​និយាយថា សូម្បី​ខ្លួន​លោក​ផ្ទាល់ ក៏​ធ្លាប់​រងគ្រោះ ដោយសារ​ការ​ចោទ​លាប​ពណ៌​ពី លោក សម រង្ស៊ី នេះ​ផងដែរ ។ លោក អ៊ូ វីរៈ បាន​និយាយថា ការដែល លោក សម រង្ស៊ី ទាមទារ​ឲ្យ​អឺរ៉ុប​បិទ​ទីផ្សារ​នាំចេញ​សម្លៀកបំពាក់​ពី​កម្ពុជា​នោះ គឺ​លោក​មិន​គាំទ្រ​ការលើកឡើង​នេះ​ទេ ៕