តាម​ដល់​មុខ​អ្នក​បង្កគ្រោះថ្នាក់ចរាចរណ៍ តែអត់​ហ៊ាន​ចូល​​សួរ

រាជធានី​ភ្នំពេញ ៖ រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​១០​ផ្ទាំង​បាន​បាក់​រាប​ដល់​ដី បន្ទាប់​ពី​ស្ត្រី​ម្នាក់​បើករថយន្ត​បុក​រះ​យ៉ាង​ពេញទំហឹង​ហើយ​ព្យាយាម​បើករថយន្ត​រត់​ចូល​ផ្ទះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០១ និង​៤០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៦ កក្កដា ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុន្នី​វង្ស ក្នុង​សង្កាត់​បឹង​ប្រ​លិ​ត ខណ្ឌ​៧​មក​រា ។

បើ​តាម​សាក្សី​ឃើញ​ហេតុការណ៍​ឱ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​.​ស មិន​ចាំ​ស្លាក​លេខ បើកបរ​ដោយ​ស្ត្រី​ម្នាក់ តាម​​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​គួរសម​ដែរ ។ ពេល​មក​ដល់​ចំណុច​កើតហេតុ ក៏​រេ​ចង្កូត​ទៅ​ឆ្វេង​ដៃ​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ បាក់​រៀប​ដល់​ដី​ចំនួន​១០​ផ្ទាំង ។

ប្រភព​បន្ត​ថា បន្ទាប់​ពី​បុក​រនាំង​ដែក​បាក់​រាប​អស់​១០​ផ្ទាំង​ហើយ រថយន្ត​បង្ក​រេ​ចង្កូត​ទៅ​ផ្លូវ​ម្ខាង​ទៀត តែ​មិន​បាន​ឈប់​ទេ គឺ​បាន​បន្ថែម​​ល្បឿន​បើក​រត់​សំដៅ​ទៅ​ទិស​ខាងត្បូង រហូត​ដល់​ស្ពាន​អាកាស​ក្បាលថ្នល់ ទើប​បាត់ដាន ។ ក្រោយមក ទើប​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ប្រាប់​ថា បានឃើញ​ភិនភាគ​រថយន្ត​ខាងលើ បើក​ចូល​ផ្ទះ​វីឡា​មួយ​កន្លែង ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​២ និង​ឱ្យ​ខាង​សមត្ថកិច្ច​ខណ្ឌ​៧​មក​រា មក​ពិនិត្យ​ជាក់ស្តែង ។

តែ​ដោយសារ​យប់​ជ្រៅ​ពេក សមត្ថកិច្ច​មិន​អាច​ចូល​ទៅ​ឆែកឆេរ​នៅ​ក្នុងផ្ទះ​របស់​គេ​ទេ ទើប​សមត្ថកិច្ច​មិន​អាច​ធ្វើ​អ្វី​បាន និង​បាន​ត្រឹម​តែ​ចាំ​ឃ្លាំមើល​ពីមុខ​ផ្ទះ គេ​រហូត​ចាំ​ដល់​ព្រឹក ទើប​សុំ​ម្ចាស់ផ្ទះ​ចូល​ពិនិត្យ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​ន្លែ​ង​កើតហេតុ និង​បាន​ត្រឹមតែ​លើក​រនាំង​ដែក​រៀបចំ​បញ្ឈរ​ឡើង​វិញ​តែ​ប៉ុណ្ណោះ ។