អាច​ជា​ស្ត្រី​ពិការ​ទី​១​ហើយ​​បាន​ឡើង​​លើ​​រួត​បា​កាណ​​​ជាន់​ខ្ពស់​ជាង​គេ​​ នៃ​ប្រាសាទ​អង្គរ​វត្ត

ខេត្តសៀមរាប៖ នារីពិការម្នាក់ ឈ្មោះ ជឿន គឹមហេង ប្រហែលជាស្ត្រីពិការទី១ហើយ ដែលបានឡើងទៅទស្សនានៅលើរួតបាកាណ ដែលជាជាន់ខ្ពស់ជាងគេបង្អស់នៃប្រាសាទអង្គរវត្តបានដោយជោគជ័យ កាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។ នេះបើយោងតាមប្រភពពីអាជ្ញាធរជាតិអប្សរា។

ប្រភពពីអាជ្ញាធរអប្សរាដដែល បានឲ្យដឹងទៀតថា នេះក៏ដោយសារតែឆន្ទៈដ៏មុតមាំរបស់នាង ដែលបានទទូចស្នើសុំមកអាជ្ញាធរជាតិអប្សរាកន្លងមក។ ហើយមុនពេលឡើងទៅលើរួតបាកាណ ជឿន គឹមហេង មានអាយុ២៥ឆ្នាំ និងក៏ជាមន្ត្រីរាជការមួយរូប ដែលបានពិការស្វិតជើងតាំងពីតូចមក បានរៀបរាប់ថា នាងពិតជាប្រាថ្នាចង់ឡើងលើរួតបាកាណខ្លាំងណាស់។
នៅពីរបីខែមុនដោយសារតែពុំបានដឹងមុន នាងបានមកកម្សាន្តនៅប្រាសាទអង្គរវត្ត ហើយបានសុំភ្នាក់ងារឡើងទៅជាន់លើដូចភ្ញៀវដទៃទៀតដែរ តែត្រូវបានហាមឃាត់ដោយភ្នាក់ងារទេសចរណ៍ ក្រោមហេតុផលសុវត្ថិភាពរបស់នាង។

ដោយមិនអស់ចិត្ត គឹមហេង បានស្នើសុំមកអាជ្ញាធរជាតិអប្សរា ដើម្បីជួយសម្រួលយ៉ាងណាឲ្យនាងអាចឡើងទៅរួតបាកាណបាន ដោយនាងជាអ្នកទទួលខុសត្រូវលើបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួន។ ក្រោយទទួលបានការអនុញ្ញាត នាងបានរៀបរាប់ទាំងក្តីរំភើបថា ក្តីប្រាថ្នារបស់នាងពិតជាបានសម្រេចហើយ ដោយអាជ្ញាធរជាតិអប្សរា គ្រាន់តែតម្រូវឲ្យនាងសរសេរលិខិតធានាសុវត្ថិភាពផ្ទាល់ខ្លួនមួយច្បាប់ប៉ុណ្ណោះ។

នាងបាននិយាយថា៖ “កាលពីដើមអង្គរដូចជារឿងនិទានប៉ុណ្ណោះ តែពេលនេះ ខ្ញុំបានមកដល់ហើយ អង្គរពុំមែនជារឿងនិទានទៀតទេ វាជារបស់មានពិត”

ឆ្លើយតបនឹងសំណួរដែលថា ហេតុអ្វីនាងចេះតែទទូចចង់ឡើងលើរួតបាកាណដ៏ខ្ពស់ ដែលពិតជាពិបាកសម្រាប់មនុស្សពិការដូចជារូបនាងនេះ គឹមហេង បានពន្យល់យ៉ាងមុតមាំថា “ហេតុអ្វីខ្ញុំមិនអាចឡើងបាន? ខ្ញុំគ្រាន់តែពិការ តែខ្ញុំដឹងថា ខ្ញុំពិតជាអាចឡើងបាន។ ជាក់ស្តែង គេនិយាយថា អង្គរវត្តមានជណ្តើរខ្ញុំមិនអាចទៅបានទេ តែពេលនេះខ្ញុំមកបានហើយតើ។ ខ្ញុំដឹងថា ទីនេះលំបាក តែបើខ្ញុំអាចធ្វើវាបាន វាជាជោគជ័យដ៏ធំសម្រាប់ខ្ញុំ។ បើខ្ញុំមកទីនេះបាន កន្លែងណាក៏ខ្ញុំអាចទៅបានដែរ។ ខ្ញុំនឹងឡើងទៅលើ និងចុះមកវិញដោយខ្លួនឯង ព្រោះខ្ញុំទុកចិត្តខ្លួនឯងជាងអ្នកដទៃជួយ”

ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត លោក ឡេង តុលា បានរៀបរាប់ថា តាមគោលការណ៍ គេមិនអនុញ្ញាតឲ្យអ្នកដែលមានកាយសម្បទាមិនគ្រប់គ្រាន់ឡើងលើរួតបាកាណទេ ព្រោះបារម្ភពីបញ្ហាសុវត្ថិភាពរបស់ពួកគាត់។ តែចំពោះករណីនេះ ឃើញថា គោលបំណងរបស់គាត់មុះមុតខ្លាំង ទើបសុំឲ្យគាត់សរសេរលិខិតធានាសុវត្ថិភាពដោយខ្លួនឯង។ ជាមួយគ្នានេះ ក្រុមការងារលោកក៏បានជួយសម្រួលដល់ការឡើងទៅលើរបស់គាត់ ដោយបញ្ជូនភ្នាក់ងារបុរសម្នាក់ជួយដើរអមគាត់ ទាំងពេលឡើង ពេលកម្សាន្ត និងពេលចុះមកវិញ៕

អាច​ជា​ស្ត្រី​ពិការ​ទី​១​ហើយ​​បាន​ឡើង​​លើ​​រួត​បា​កាណ​​​ជាន់​ខ្ពស់​ជាង​គេ​​ នៃ​ប្រាសាទ​អង្គរ​វត្ត អាច​ជា​ស្ត្រី​ពិការ​ទី​១​ហើយ​​បាន​ឡើង​​លើ​​រួត​បា​កាណ​​​ជាន់​ខ្ពស់​ជាង​គេ​​ នៃ​ប្រាសាទ​អង្គរ​វត្ត អាច​ជា​ស្ត្រី​ពិការ​ទី​១​ហើយ​​បាន​ឡើង​​លើ​​រួត​បា​កាណ​​​ជាន់​ខ្ពស់​ជាង​គេ​​ នៃ​ប្រាសាទ​អង្គរ​វត្ត អាច​ជា​ស្ត្រី​ពិការ​ទី​១​ហើយ​​បាន​ឡើង​​លើ​​រួត​បា​កាណ​​​ជាន់​ខ្ពស់​ជាង​គេ​​ នៃ​ប្រាសាទ​អង្គរ​វត្ត

ប្រភព៖ kqube

  • អាច​ជា​ស្ត្រី​ពិការ​ទី​១​ហើយ​​បាន​ឡើង​​លើ​​រួត​បា​កាណ​​​ជាន់​ខ្ពស់​ជាង​គេ​​ នៃ​ប្រាសាទ​អង្គរ​វត្ត已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/26  Category:ជីវិតនិងសង្គម
Tags: