យុវវ័យខ្មែរចែករំលែកបទពិសោធន៍ផ្ទាល់ អំពីហេតុផល ដែលជំរុញឲ្យពួកគេ «រៀនផង ធ្វើការផង»

ជាការពិតណាស់ ក្នុងជីវិត ត្រូវតែមានភាពតស៊ូ ការព្យាយាម និងពុះពារគ្រប់ឧបសគ្គ ទើបទទួលបានជោគជ័យ ។ ការតស៊ូ និងការព្យាយាមរបស់មនុស្សម្នាក់ៗ មានច្រើនបែបច្រើនសណ្ឋាន អ្នកខ្លះខំរកស៊ី អ្នកខ្លះខំធ្វើការ ជំនួញផ្សេងៗ អ្នកខ្លះខំរៀនដើម្បីអនាគតត្រចះចង់ គឺក្នុងគោលបំណងតែមួយគត់ «ភាពជោគជ័យក្នុងជីវិត»

ជាក់ស្តែង ទាក់ទងនឹងការសិក្សារៀនសូត្រវិញ តាំងពីកុមារភាពមកម្ល៉េះ ជឿជាក់ថា មនុស្សម្នាក់ៗតែងតែរមែងចង់បាន ការងារល្អធ្វើនៅថ្ងៃអនាគត ដោយសារភាពចិត្តចង់នេះ ហើយទើបធ្វើឲ្យពួកគេខំប្រឹងរៀន ព្យាយាមក្រេបយកចំនេះ ដើម្បីទទួលបានផលនៅថ្ងៃអនាគត ។ អ្នកខ្លះទៀត សុខចិត្ត រៀនផង ធ្វើការផង ទាំងភាពនឿយហត់ មិនខ្វល់ពីសុខភាពខ្លួន សួរថា ពួកគេចាំបាច់ធ្វើអញ្ចឹងធ្វើអ្វី? មិនចាំរៀនចប់សិន ចាំធ្វើការ? តើមានហេតុផលអ្វីបានជាជំរុញឲ្យពួកគេ រៀនផង ធ្វើការផង?

ថ្ងៃនេះក្រុមការងារ Khmerload នឹងបង្ហាញពីហេតុផលមួយចំនួន ដែលទាក់ទងនឹង ការរៀនផង ធ្វើការផង ពីយុវជនខ្មែរ ៣រូប ដែលពួកគេស្ម័គ្រចិត្តចែករំលែកបទពិសោធន៍ជូនដល់ប្រិយមិត្តឲ្យបានជ្រាប៖

ជាដំបូងជួបជាមួយនិស្សិតស្រីម្នាក់ ឈ្មោះ «តី» សព្វថ្ងៃកញ្ញា ជានិស្សិតឆ្នាំទី៣ រៀនផ្នែកធនាគារ និងហិរញ្ញវត្ថុ កញ្ញាបានជម្រាបជូន Khmerload ថា «ខ្ញុំចាប់ផ្តើមចូលធ្វើការ អំឡុងពេលខ្ញុំរៀនឆ្នាំទី៣ (ដើមឆ្នាំ)។ មូលហេតុបានជាខ្ញុំធ្វើការផង រៀនផងនេះ ពីព្រោះ ទីមួយ ខ្ញុំចង់បានបទពិសោធន៍ ដោយសារខ្ញុំគិតឃើញថា នៅក្នុងសង្គមឥឡូវនេះ មានការប្រកួតប្រជែងសមត្ថភាពច្រើនណាស់ ដូច្នេះទើបខ្ញុំប្រឡូកនឹងការងារ ដើម្បីឲ្យដឹងថា បទផែននៃការធ្វើការងារដូចម្តេចខ្លះ»

ចំពោះការបែងចែកពេលវេលាវិញ កញ្ញា បាននិយាយដែរថា «ទាក់ទងនឹងពេលវេលា ពិតជាសំខាន់ ចំពោះខ្ញុំ ម៉ោងធ្វើការគឺដឹងតែធ្វើការហើយ តែក្រោយចប់ម៉ោងការងារ ក៏ខ្ញុំមិនភ្លេចនូវការសិក្សាដែរ និយាយរួមទៅទាំងពីរនឹងយើងត្រូវគួបផ្សំគ្នាដែរ ខ្ញុំធ្វើការមែន ប៉ុន្តែ រៀនក៏នៅតែរៀន ដោយមិនអាចចោលទាំង២បានទេ» ។ កញ្ញាបានបន្ថែមទៀតថា « ធ្វើការផង រៀនផងនេះ ពិតជាមានផលប្រយោជន៍ច្រើនណាស់សម្រាប់ខ្ញុំ ។ បើយើងរៀន យើងត្រឹមទទួលបានតែទ្រឹស្តីទេ ចំនែកឯធ្វើការវិញ គឺយើងអនុវត្តវាផ្ទាល់តែម្តង ហើយយើងអាចយល់ដឹងការងារបានច្រើនទៀតផង ជាពិសេសយើងអាចសន្សំនូវបទពិសោធន៍បានច្រើន សម្រាប់ការងារថ្ងៃអនាគតផងដែរ»   

ជួបជាមួយនិស្សិតប្រុសសង្ហាម្នាក់ទៀត គាត់មានឈ្មោះ «ខេង» សព្វថ្ងៃ ធ្វើការផង រៀនផងដូចគ្នា ហើយក៏ជានិស្សិតឆ្នាំទី៣ដែរ ។ គាត់បានថ្លែងប្រាប់ Khmerlaod ថា «បើនិយាយពីធ្វើការ ខ្ញុំចាប់ផ្តើមធ្វើការតាំងពី ខ្ញុំរៀនឆ្នាំទី២ មកម្ល៉េះ ដំបូងហ្នឹង ខ្ញុំគ្រាន់តែជាបុគ្គលិកហាត់ការទេ ក្រោយមកក៏បានជាប់ជាបុគ្គលិកពេញសិទ្ធិ ហើយហេតុផលដែលជំរុញឲ្យខ្ញុំធ្វើការ ក្នុងអំឡុងពេលសិក្សានេះ គឺមានច្រើន ទីមួយ បើយើងគិតតែរៀន យើងរៀនដើម្បីធ្វើការដដែលទេ ចឹងបើយើងមានឱកាសហើយ យើងគួរចាប់យកការងារធ្វើឲ្យហើយទៅ និងអាចទទួលបានបទពិសោធន៍សម្រាប់យើងនៅពេលរៀនចប់ដែរ ។ ហើយប្រសិនជាយើងបានពិសោធន៍ក្រោយពីយើងរៀនចប់នោះ វាល្អសម្រាប់យើងដែរ គឺថា យើងទៅកន្លែងការងារណា ក៏គេមើលឃើញយើង ហើយមួយទៀត វាគឺជាចំណេះដឹងបទពិសោធន៍មួយ ដែលជួយឲ្យយើងស្គាល់ពីសង្គម មុននឹងប្រឡូកការងារ» ។ លោកបានបន្តទៀតថា «សម្រាប់ធ្វើការផង រៀនផងនេះ គឺពេលវេលាខ្ញុំបែងចែកច្បាស់ណាស់ ធ្វើការដឹងធ្វើការ រៀនគឺដឹងរៀន តែពេលខ្លះក៏អាចល្អៀងបន្តិចបន្តួចដែរ ហើយចំពោះថ្ងៃអនាគតវិញ ខ្ញុំជឿថា នឹងទទួលបានផលប្រយោជន៍ច្រើនពីការរៀនផង ធ្វើការផងនេះ»

ក្រលេកមកមើលមតិរបស់យុវវ័យខ្មែរមួយរូបទៀត ដែលកញ្ញាមានឈ្មោះថា «ស្រីពេជ្រ» សព្វថ្ងៃកញ្ញា រៀនផង ធ្វើការផងដូចគ្នា ហើយអ្វីដែលពិសេសនោះ គឺ កញ្ញារៀន រហូតទៅ២ សាកលវិទ្យាល័យឯណោះ ប៉ុន្តែកញ្ញាបានថ្លែងប្រាប់ Khmerload យ៉ាងរីករាយថា «មូលហេតុចំបងនោះគឺ បទពិសោធន៍ ពីព្រោះខ្ញុំគិតថា បើយើងមិនចាប់ផ្តើមធ្វើការពីឥឡូវទេ គឺពិតជាពិបាករកការងារធ្វើណាស់ នៅពេលដែលយើងរៀនចប់ ដោយសារតែគ្មានបទពិសោធន៍នេះឯង។ ទោះបីជាការរៀនមានពិន្ទុល្អបែបណាក្តី ប្រសិនគ្មានការអនុវត្តទេ សម្រាប់ការធ្វើការ នឹងប្រហែលជាពិបាកបន្តិចបើយើងមិនដែលធ្វើ ដូច្នេះ កត្តា ឬហេតុផលទាំងនេះហើយទើបធ្វើឲ្យខ្ញុំសម្រេចចិត្តរៀនផង ធ្វើការផង» ។ កញ្ញាបន្តទៀតថា «វាមានភាពហត់នឿយបន្តិចដែរ ប៉ុន្តែធ្វើម៉េច បើគ្មានការតស៊ូទេ ក៏គ្មានភាពជោគជ័យដែរ ។ ហើយចំពោះថ្ងៃអនាគតវិញ ខ្ញុំសង្ឃឹមថា នឹងប្រើប្រាស់បទពិសោធន៍ដែលខ្ញុំមាន យកទៅប្រើប្រាស់នៅតាមស្ថាប័នការងារផ្សេងៗ ដោយមិនបាច់ខ្វល់ខ្វាយ រឿងគ្មានបទបញ្ហាពិសោធន៍ ហើយនឹងទទួលបានប្រាក់ចំនូលច្រើនទៅតាមនោះដែរ» ។  

សរុបមកវិញ ដោយយោងតាមមតិរបស់យុវវ័យ យើងសង្កេតឃើញថា ម្នាក់ៗសុទ្ធតែបញ្ចេញយោបល់ស្រដៀងគ្នាៗ ជាពិសេសនោះគឺទៅលើបញ្ហាបទពិសោធន៍ តែយ៉ាងណាមិញ នេះគ្រាន់តែជាការបញ្ចេញមតិ និងការចែករំលែកខ្លះៗតែប៉ុណ្ណោះ ហើយបន្ថែមពីនេះទៀត សង្ឃឹមថាវាក៏អាចជួយដល់ការសម្រចចិត្តដល់យុវជនខ្មែរផងដែរ៕

ចុះចំពោះប្រិយមិត្តវិញ ជាពិសេសនិស្សិតផ្ទាល់ យល់យ៉ាងដូចម្តេចដែរ?   

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

យុវវ័យខ្មែរចែករំលែកបទពិសោធន៍ផ្ទាល់ អំពីហេតុផល ដែលជំរុញឲ្យពួកគេ «រៀនផង ធ្វើការផង»

យុវវ័យខ្មែរចែករំលែកបទពិសោធន៍ផ្ទាល់ អំពីហេតុផល ដែលជំរុញឲ្យពួកគេ «រៀនផង ធ្វើការផង»
រូបភាព៖ និស្សិតដែលឈ្មោះថា «តី»

យុវវ័យខ្មែរចែករំលែកបទពិសោធន៍ផ្ទាល់ អំពីហេតុផល ដែលជំរុញឲ្យពួកគេ «រៀនផង ធ្វើការផង»
រូបភាព៖ និស្សិតប្រុសឈ្មោះ «ខេង»

យុវវ័យខ្មែរចែករំលែកបទពិសោធន៍ផ្ទាល់ អំពីហេតុផល ដែលជំរុញឲ្យពួកគេ «រៀនផង ធ្វើការផង»