ក្រឡាប់​ទូក​នៅ​ម៉ាឡេស៊ី ស្លាប់១១ និង​បាត់ខ្លួន​១៧នាក់

អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ដឹកនាំ​កម្លាំង និង​ខិតខំ​ប្រឹងប្រែង​ស្វែងរក និង​ជួយសង្គ្រោះ រហូត​បាន​រក​ឃើញ​សាកសព​ចំនួន ១១នាក់ ដែល​ជា​ជន​អន្តោប្រវេសន៍​ខុសច្បាប់ មក​ពី​ប្រទេស​ឥណ្ឌូណេស៊ី បន្ទាប់​ពី​ទូក​ដែល​ពួកគេ​ធ្វើដំណើរ​មួយ​គ្រឿង​បាន​ក្រឡាប់ នៅ​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​នៃ​ភាគ​ខាងត្បូង រដ្ឋ Johor ប្រទេស​ម៉ាឡេស៊ី កាល​ពី​ល្ងាច ថ្ងៃសៅរ៍ ទី២៣ ខែ​កក្កដា ឆ្នាំ២០១៦ កន្លង​ទៅ​នេះ។

 

ក្រឡាប់​ទូក​នៅ​ម៉ាឡេស៊ី ស្លាប់១១ និង​បាត់ខ្លួន​១៧នាក់

 

បើ​តាម​របាយការណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក បាន​ឲ្យ​ដឹង​ថា មនុស្ស​ប្រមាណ​ជា ៦២នាក់ បាន​ជិះ​នៅ​លើ​ទូក​នោះ ហើយ​មនុស្ស​ចំនួន ១៧នាក់​កំពុងតែ​បាត់ខ្លួន ខណៈ ៣៤នាក់​ផ្សេង​ទៀត​បាន​រួច​ផុត​ពី​គ្រោះថ្នាក់។ ទូក​មួយ​គ្រឿង​នោះ​ត្រូវ​គេ​ជឿជាក់​ថា បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅកាន់ ទីក្រុង Batam ប្រទេស​ឥណ្ឌូណេស៊ី ហើយ​ក៏​បាន​ក្រឡាប់​តែម្ដង។ អ្នកដំណើរ​ទាំងនោះ​បាន​ជ្រើសរើស​ការ​ធ្វើ​ដំណើរ​ត្រលប់​ទៅ​កាន់​ប្រទេស​កំណើត​របស់​ពួកគេ តាម​រយៈ​សេវា​ទូក​ចម្លង​ខុសច្បាប់។

 

អធិការ​នគរបាល​ស្រុក Kota Tinggi លោក Rahmat Othman បាន​និយាយ​ថា សាកសព​ចំនួន​១១នាក់​ដែល​បាន​រក​ឃើញ​នោះ គឺ​រាប់បញ្ចូល​ទាំង​ទារិកា​មិន​ទាន់​កើត​ម្នាក់​ទៀត។ «ទារិកា​មិន​ទាន់​កើត គឺ​ស្ថិត​នៅ​ក្នុង​ពោះ​ស្ត្រី​រងគ្រោះ ដែល​មាន​ទម្ងន់៧ខែ។ ប្រតិបត្តិការ​ក្នុង​ការ​ស្វែងរក​ជន​រងគ្រោះ​ដែល​នៅ​សល់ គឺ​កំពុងតែ​ស្ថិត​ក្នុង​ដំណើរការ»។ លោក Rahmat ប្រាប់ឲ្យដឹង។

 

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា អ្នកដំណើរ​ទាំងនោះ​បាន​ចំណាយ​ប្រាក់​ពី ១២០ដុល្លារ ទៅ ២៩៥ដុល្លារ​ក្នុង​ម្នាក់ លើ​ថ្លៃ​សេវាកម្ម​ទូក​ចម្លង​ខុសច្បាប់​នោះ។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា ជន​ចំណាក​ស្រុក​ឥណ្ឌូណេស៊ី​ជាច្រើន​បាន​ជ្រើស​យក​ការ​ធ្វើ​ដំណើរ​តាម​ទូក ដែល​មធ្យោបាយ​នេះ​មាន​ភាព​ចាស់​កំរិល និង​គ្មាន​សុវត្ថិភាព ដើម្បី​បាន​ទៅ​ធ្វើ​ការ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ដោយ​ខុសច្បាប់ ឬ​ត្រលប់​ទៅ​កាន់​ស្រុក​កំណើត​របស់​ពួកគេ​វិញ៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ asiancorrespondent