សម្បត្តិ ពុទ្ធារ៉ា ចាប់​អាជីព​ ​ស្ត្រី​ភាគច្រើន​មិន​ប្រាថ្នា

អាជីព​ថត​រូប ជា​អាជីព​ដែល​មាន​បុរស​​ធ្វើ​ភាគច្រើន​ ​ដោយ​មិន​សូវ​ជា​​មាន​ស្ត្រី​​ទេ ព្រោះ​អ្នកប្រកប​របរ​​នេះ ត្រូវ​ផ្សងព្រេង ​ជួប​ការ​លំបាក និង​ត្រូវ​ការ​តស៊ូ អត់​ធ្មត់​​​​ច្រើន។ ប៉ុន្តែ​កញ្ញា សម្បត្តិ ពុទ្ធារ៉ា ឯណេះ​វិញ​ បាន​ចាប់យក​ដោយ​ក្ដី​រីករាយ និង មាន​​​ស្នាដៃ​គួរ​ឱ្យ​កត់​សម្គាល់។​

 

សម្បត្តិ ពុទ្ធារ៉ា ចាប់​អាជីព​ ​ស្ត្រី​ភាគច្រើន​មិន​ប្រាថ្នា

 

កាល​​ពី​មុន ពុទ្ធារ៉ា  ​​​គ្រាន់​តែ​ជាបុគ្គលិក ក្នុង​ក្រុមហ៊ុន​ឯកជន​​ម្នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ដោយស្រលាញ់ការ​​​​ថតរូប កញ្ញា​បានរៀន​ផ្នែក​នេះ ក្រោម​ការ​ជ្រោមជ្រែង​ពី​ក្រុម​គ្រួសារ។ បើ​គិត​ចាប់​ពី​ថ្ងៃ​ប្រតិបត្តិការ​​ដំបូង មក​ដល់​ពេល​នេះ កញ្ញាបាន​ចាប់​អាជីព​ថត​រូប​​ អស់​រយៈ​ពេល​ជិត ៤​ ឆ្នាំ​​ហើយ។

 

ថ្វី​បើ​ជា​ស្ត្រី ប៉ុន្តែ​ការ​ខិតខំ​របស់ ពុទ្ធារ៉ា មិន​ចាញ់​អ្នក​ថតរូប​បុរស​ឡើយ ពោល​គឺ​កញ្ញា​​ក៏បាន​​ជួប​រឿង​លំបាក​ច្រើន​ដែរ ដូចជា ​ត្រូវ​ចូល​ព្រៃ ឡើង​ភ្នំ និង​តំបន់​ផ្សេងៗទៀតសោត ដើម្បី​ផ្ដិត​យក​រូប​ភាព​ស្រស់​ស្អាត និង​ប្លែកៗ។ ​​សព្វថ្ងៃ​កញ្ញា​រូប​នេះ បាន​​ក្លាយ​ជា​អ្នកប្រមាញ់​រូប​ថត​ ល្បីឈ្មោះ​មួយ​រូប​នៅ​កម្ពុជា តាម​រយៈការ​ថតរូប Pre-Wedding, Fashion, ព្រឹត្តិការណ៍, គ្រួសារ និង Landscape ជាដើម។

 

បើ​និយាយ​ពី​បទពិសោធន៍​ការងារ សម្បត្តិ ពុទ្ធារ៉ា ធ្លាប់​ធ្វើការ​នៅ​​​​​​ស្ទូឌីយោ PlusMax Group, PLOD Studios ខណៈ​ Vincent Studios ជា​កន្លែង​ដែល​​​កញ្ញា​​កំពុង​បម្រើ​ការ​ងារ​បច្ចុប្បន្ន។ ចំណែក​អាវុធ​សម្រាប់​ផ្ដិត​យក​រូប​ភាព​វិញ កញ្ញា​ធ្លាប់​ប្រើ  Canon 7D, Canon 7D Mark II, Canon 6D, Canon 5D Mark II, Canon 5D Mark III និង​ ឧបករណ៍​យីហោ​ផ្សេងៗ​ទៀត។

 

ចំពោះ​​សម្ភារៈប្រើប្រាស់ សម្បត្តិ ពុទ្ធារ៉ា យល់​ស្រប​​ថា កាមេរ៉ា​ល្អ​មាន​បច្ចេកវិទ្យាទំនើប ពិត​ជា​ធ្វើ​ឱ្យ​​រូប​​មាន​សភាព​ស្អាត ប៉ុន្តែ​កញ្ញា​ថា បើ​អ្នក​ថត​គ្មាន​ការ​អត់ធ្មត់ ​ការ​តាំង​ចិត្ត​ខ្ពស់ និង​ព្យាយាម​រៀន​ពីអ្នកដទៃ​​ទេ ក៏​គាត់​មិន​អាច​ធ្វើ​ឱ្យ​រូបថតរបស់​គាត់​ ទាក់ទាញ​ចំណាប់​អារម្មណ៍ ​របស់​អ្នក​មើល​ឡើយ។

 

កញ្ញា បាន​បន្ត​ថា បើ​សិន​អ្នកណា​ម្នាក់​ចង់​ក្លាយ​ជាអ្នក​ថតរូប​អាជីព អ្នកនោះ​ត្រូវមាន​​ធនធាន សម្ភារៈគ្រប់គ្រាន់ ហើយ​ជា​ពិសេស​គឺ​ទាមទារ​ឱ្យ​មាន​ការ​អត់ធ្មត់ ​ការ​តស៊ូ ការ​ច្នៃប្រឌិត និង​ការ​បង្កើត​​​ថ្មីផង​ដែរ។

 

សម្បត្តិ ពុទ្ធារ៉ា ចាប់​អាជីព​ ​ស្ត្រី​ភាគច្រើន​មិន​ប្រាថ្នា

 

អ្នក​ថត​រូប​អាជីព​រូប​នេះ​ថ្លែង​ថា៖ “បើ​យើង​​ក្លាយ​ជា​អ្នក​ថតរូបម្នាក់ យើង​ត្រូវ​តែ​ទាមទារ​ឱ្យ​​​មាន​ការ​អត់ធ្មត់​ច្រើន ការ​យកចិត្ត​ទុកដាក់ ព្រោះ​ថា​ការ​ថតរូបហ្នឹង​ មិន​មែន​​គ្រាន់​តែ​យើង​​មាន​​កាមេរ៉ា​ល្អ ហើយ​យើង​​អាច​ថត​រូប​ស្អាត​ទេ។ សំខាន់​គឺ​យើង​ចេះ​ព្យាយាម ព្យាយាម​រៀន​ឱ្យ​បាន​ច្រើន មើល​គេ​ឱ្យ​បាន​ច្រើន​ដែរ។ ទោះ​បី​យើង​មា​នដុង​ប៉ុណ្ណា​​ក៏ដោយ ប៉ុន្តែ​បើសិន​យើង​ចេះ​ស្ដាប់​អ្នកផ្សេង​ខ្លះ បូក​នឹង​អ្វី​ដែល​យើង​មាន យើង​អាច​កាន់​តែ​ខ្លាំង”។

 

យ៉ាងណាមិញ​បច្ចុប្បន្ន​ក៏​យុវវ័យ​ខ្មែរ​ ចេះ​ថត​រូប​ច្រើនដែរ ហើយ​នៅ​ពេល​សួរថា កញ្ញា​យល់​យ៉ាងណា​ចំពោះ​ទឹក​ដៃ​របស់​ពួកគេ បើ​ធៀប​នឹង​បរទេស? ពុទ្ធារ៉ា តប​ថា ការ​ថត​រូប​របស់​កូន​ខ្មែរ​ មិន​ចាញ់​បរទេស​ប៉ុន្មាន​ទេ ព្រោះ​ពួកគេ​ចាប់​អារម្មណ៍ និង​យកចិត្ត​ទុកដាក់​ច្រើន​ក្នុង​ការ​ថតរូប។

 

ពុទ្ធារ៉ា​ បាន​ចែករំលែក​បទពិសោធន៍​ និង​មេរៀន​ដំបូងផង​​ដែរ សម្រាប់​អ្នក​ចង់​ក្លាយជា​អ្នក​ថតរូប ដូច្នេះ​បើ​ចង់​ដឹង​ថា ការ​បង្ហាញ​របស់​គាត់​​មាន​អ្វី​ខ្លះ​នោះ សូម​ចុច​ចូល​ទៅ​កាន់៖

 

ទី១៖ Sabay TV -រួច​ចុចលើ កម្មវិធី ៣០ ដេលី-Coffee Time Ep 3

ទី២៖ Page​ ៣០ដេលី

 

អត្ថបទ៖ អ៊ុំ សុភក្តិ