ចាប់​ខ្លួន​ម្ចាស់​បារ​​ក្នុង​ខេត្ត​សៀម​រាប​​ទាក់​​​ទិន​ការ​រំលោភ​បំពាន​កុមារ​

យោងតាមប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី និងអង្គការការពារកុមារក្នុងស្រុកបានឲ្យដឹងថា រយៈពេល៥០ឆ្នាំបន្ទាប់ពីការចាប់ពង្រត់បងប្អូនបង្កើត៣នាក់ក្នុងប្រទេសអូស្ត្រាលីម្ចាស់បារក្នុងខេត្តសៀមរាប និង “ជនសង្ស័យ” ក្នុងករណីនេះត្រូវបានចាប់ខ្លួនពេលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនកាលពីខែមុន។ យោងតាមបណ្តាញព័ត៌មានSeven បានឲ្យដឹងថា បុរសជនជាតិអូស្ត្រាលីអាយុ៧១ឆ្នាំដែលឈ្មោះរបស់គាត់ត្រូវបានលាក់អំឡុងការសើុបអង្កេតដែលកំពុងបន្តត្រូវបានចោទប្រកាន់ពាក់ព័ន្ធករណីរំលោភផ្លូវភេទកុមារដាច់ដោយឡែកពីគ្នាក្នុងប្រទេសអូស្ត្រាលី ហើយឈ្មោះរបស់គាត់ត្រូវបានបញ្ជូនទៅឱ្យនគរបាល ដែលសើុបអង្កេតការបាត់ខ្លួន “បងប្អូនបង្កើតទាំង៣នាក់” ដ៏អាថ៌កំបាំងពីឆ្នេរសមុទ្រក្នុងទីក្រុងAdelaide។ យោងតាមលោក សំលៀង សិលា នាយកប្រចាំប្រទេសអង្គការសកម្មភាពដើម្បីកុមារ (APLE) ជាអង្គការមិនមែនរដ្ឋាភិបាលប្រឆាំងជនរួមភេទជាមួយកុមារបានឲ្យដឹងថា ជននេះក៏ស្ថិតក្រោមការសើុបអង្កេតក្នុងខេត្តសៀមរាបរយៈពេល២ឆ្នាំជុំវិញការអះអាងដែលថា ជននេះបានរំលោភបំពានផ្លូវភេទក្មេងប្រុសយ៉ាងតិចពីរនាក់់នៅទីនោះ។ លោក សំលៀង សិលា មានប្រសាសន៍កាលពីម្សិលមិញថា “យើងទទួលបានព័ត៌មានថា ជននេះត្រូវបានចាប់ខ្លួននៅក្នុងប្រទេសអូស្ត្រាលី។ យើងដឹងអំពីការសើុបអង្កេតបន្តនៅក្នុងខេត្តសៀមរាបកើតឡើងនៅពេលជាមួយគ្នានឹងការសើុប អង្កេតនៅក្នុងប្រទេសអូស្ត្រាលី ហើយខ្ញុំអាចអះអាងថា វាជាមនុស្សតែមួយ”។ លោកបានលើកឡើងថា ក្មេងប្រុសកម្ពុជា២នាក់បានចោទប្រកាន់បុរសនេះថា បានរំលោភបំពានពួកគេរួចហើយ ខណៈដែលជនរងគ្រោះផ្សេងទៀតកំពុងត្រូវបានសាកសួរនៅឡើយ។ លោក សំលៀង សិលា មានប្រសាសន៍ថា ពាក្យចចាមអារ៉ាមដែលបានសាយភាយនៅក្នុងក្រុងសៀមរាបជាដំណឹងដល់អង្គការសកម្មភាពដើម្បីកុមារ និងនគរបាលមូលដ្ឋានអំពីការរំលោភបំពាននេះ ហើយថា លោកជឿថា ជនសង្ស័យរូបនេះបានជួបជាមួយជនរងគ្រោះកម្ពុជាតាមរយៈបារដែលលោកបានកាន់កាប់នៅទីនោះ។ លោកបានថ្លែងថា បុរសរូបនេះក៏ “បានចូលរួមជាមួយអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនចំពោះការគាំពារកុមារផងដែរ”។ លោកថ្លែងថា “ត្រង់ចំណុចនេះនគរបាលកំពុងប្រមូលភ័ស្តុតាងបន្ថែមទៀត ដើម្បីចោទប្រកាន់ជននេះនៅក្នុងខេត្តសៀមរាប”។ ទោះយ៉ាងណា លោកស្រី ដួង ថាវរី នាយការិយាល័យការពារអនីតិជននៃនគរបាលខេត្តបានមានប្រសាសន៍ថា លោកស្រីមិនបានដឹងអំពីករណីនេះទេ។ លោកស្រី ថាវរី បានថ្លែងថា “ខ្ញុំបានជួបជាមួយមន្ត្រីស្ថានទូតអូស្ត្រាលីកាលពីពីរបីថ្ងៃកន្លងមក ប៉ុន្តែ ពួកគេមិនបានលើកឡើងពីបញ្ហានេះទេ”។ លោកស្រីបានបន្ថែមថា លោកស្រីនឹងសើុបអង្កេតអំពីបញ្ហានេះ។ យោងតាមទីបណ្តាញព័ត៌មាន Seven បានឲ្យដឹងថា ជនសង្ស័យរូបនេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១១ ខែមិថុនា ជុំវិញការចោទប្រកាន់៣ករណីពាក់ព័ន្ធការរួមភេទជាមួយក្មេងប្រុស ២ករណីទាក់ទិន “ការរំលោភបំពានផ្លូវភេទខុសច្បាប់” និងការរំលោភបំពានមិនសមរម្យ”៧ករណីទៀតចាប់តាំងពីឆ្នាំ១៩៦២មក។ បណ្តាញព័ត៌មាននេះបានរាយការណ៍ថា “ឈ្មោះរបស់បុរសរូបនេះត្រូវបានផ្តល់ដល់ក្រុមស៊ើបអង្កេតដែលកំពុងសើុបអង្កេតពីការបាត់ខ្លួន Grant, Arnna និង Jane Beaumont ពីឆ្នេរសមុទ្រ Glenelg ក្នុងឆ្នាំ១៩៦៦”។ ការជាប់ពាក់ព័ន្ធរបស់ជនសង្ស័យនៅក្នុងករណីេនះមិនទាន់ច្បាស់នៅឡើយទេ៕សារុន © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, […]

The post ចាប់​ខ្លួន​ម្ចាស់​បារ​​ក្នុង​ខេត្ត​សៀម​រាប​​ទាក់​​​ទិន​ការ​រំលោភ​បំពាន​កុមារ​ appeared first on The Cambodia Daily.