​ធ្វេស​​​ប្រហែស សូម្បីតែ​ព្រះ​ក៏​ជួយ​​មិន​ទាន់​

ខេត្តក្រចេះ ៖ ប្រភព​ពី​អាជ្ញាធរ​បាន​ធ្វើការ​សន្និដ្ឋាន​ថា ករណី​ភ្លើង​បាន​ឆាបឆេះ​សាលាឆាន់​ធ្វើ​អំពី​ឈើ​មួយ​ខ្នង ស្ថិត​នៅ​ឃុំ​សណ្តាន់ ស្រុក​សំបូរ​ខូចខាត​ទាំងស្រុង គឺ​បណ្តាល​មក​ពី​ការ​ដុត​ទានវស្សា​ទុក​ចោល ដែល​ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៦ កក្កដា ២០១៦ ស្ថិត​នៅ​សាលាឆាន់​ក្នុង​វត្ត «​សង្គម​» ក្នុង​ឃុំ​សណ្តាន់ ស្រុក​សំបូរ ។

ទោះជា​យ៉ាងណា គ្រោះ​អគ្គិភ័យ​នេះ ក្រៅពី​សាលាឆាន់ និង​គ្រឿង​ឈើ​សម្រាប់​ទុក​ធ្វើ​វត្ត​ជា​ច្រើន ត្រូវ​ភ្លើង​ឆេះ​ហ្មត់​ក្នុង​អណ្តាតភ្លើង តែ​មិន​បណ្តាល​ឱ្យ​ឆាបឆេះ​រាល​ដល់​ផ្ទះ​អ្នក​ភូមិ​នោះ​ទេ ។ ក្នុង​ហេតុការណ៍​នេះ រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន និង​រថយន្ត​ពន្លត់​អធិការដ្ឋាន​ចំនួន​២​គ្រឿង បាន​ចេញ​បាញ់​ពន្លត់ ។

លោក​អធិការ​នគរបាល​ស្រុក​បាន​បញ្ជាក់​ទៀត​ថា គ្រោះ​អ​គ្កិ​ភ័យ​នេះ ត្រូវ​អាជ្ញាធរ​បាន​ដាក់​ការ​សន្និដ្ឋាន​ថា មូលហេតុ​គឺ​បណ្តាល​មក​ពី​ការ​ឆេះ​ទៀន​ព្រះ​វស្សា ដែល​ព្រះសង្ឃ​បាន​ដុត​ទុក​ចោល នៅ​លើ​សាលាឆាន់ ហើយ​ក៏​គ្មាន​អ្នក​ណា​នៅ​ចាំ​មើល ទើប​បណ្តាល​ឱ្យ​មានការ​ឆាបឆេះ​បែប​នេះ​ទៅ ។