លក់ដូរ​ ចែកចាយថ្នាំញៀន ដូច​លក់​ស្ករគ្រាប់

រាជធានីភ្នំពេញ ៖ ទោះបីជា​មានការ​ខិតខំ​​ទាំង​យប់​​ទាំង​ថ្ងៃ​ ពី​លោក​អភិបាល​ខណ្ឌដូនពេញ​ ដើម្បី​លុប​​បំបាត់​ការ​ចែកចាយ ​ក៏​ដូច​ជា​ការ​ប្រើប្រាស់​គ្រឿងញៀន​ នៅតំបន់​បឹង​កក់​ ​ស្ថិត​ក្នុង​ដែនដី​​សង្កាត់​ស្រះ​ចក​​យ៉ាង​ណា​ក៏​ដោយ​ ក៏​សកម្មភាព​នេះ​នៅ​តែ​មាន ។

ជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ​កក្កដា ​២០១៦ កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ​ សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​​ ដឹក​ដោយ​​លោក​សុខ ពេញ​​វុ​ធ អភិបាលរង​ខណ្ឌដូនពេញ​ បាន​ចុះ​បង្ក្រាប​ជនសង្ស័យ​​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿង ​​​ក្នុងភូមិ​ទី​២២ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ថ្នាក់ដឹកនាំ​ខណ្ឌដូនពេញ​មួយ​រូប​បាន​និយាយ​ថា ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​លោក​​គួ​ច ចំរើន អភិបាល​ខណ្ឌដូនពេញ​ កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ​ និង​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​ មិន​មាន​វត្តមាន​អាជ្ញាធរ​សង្កាត់​ស្រះ​ចក​ទេ​ បានឆ្មក់​​ចូល​ទីតាំង​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ ក្នុងភូមិ​ទី​២២ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​ ហើយ​បាន​ដកហូត​ថ្នាំ​ញៀន​ និង​សម្ភា​រ​ជក់​ថ្នាំ​ញៀន​មួយ​ចំនួន​ ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស-​ស្រី​៩​នាក់ ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ទី​២២សង្កាត់​ស្រះ​ចក​បាន​និយាយ​ថា ការ​ចែកចាយ ​និង​ប្រើប្រាស់​ថ្នាំ​ញៀន​ គឺ​ភូមិ​ទី​២២​នេះ ​ទំនងជា​ជាប់​ចំណាត់ថ្នាក់​លេខ​១ ហើយ​ឱ្យ​​តែ​យប់​ឡើង​មិន​ទាន់​ទេ ​គឺ​មាន​ក្រុម​ស្ទាវ​ប្រុស-​ស្រី​ឈរ​​លក់​ថ្នាំ​ញៀន ​ដូច​លក់​ស្ករ​គ្រាប់​ចឹង។ ហើយ​​ក៏​មិន​ដែល​ឃើញ​អាជ្ញាធរ​សង្កាត់​ និង​នគរបាល​ប៉ុស្តិ៍​ចុះ​បង្ក្រាប​នោះ​ទេ ។

​កន្លង​មក​ ការ​បង្ក្រាប​ទីតាំង​ល្បែង​ហ្គេ​ម​បាញ់​ត្រី​ក្នុង​សង្កាត់​ស្រះ​ចក​ គឺ​កុំ​បាន​តែអាជ្ញាធរ​ខណ្ឌដូនពេញ​ ម្ល៉េះ​មាន​រហូត​ដល់​សព្វ​ថ្ងៃនេះ​​ទៅ​ហើយ ។ ប្រជាពលរដ្ឋ​នៅ​ភូមិ​ខាងលើ​ សូម​អបអរសាទរ​ចំពោះ​វិធានការ​របស់​លោក​អភិបាល​ខណ្ឌដូនពេញ​ ក្នុង​ការ​យកចិត្តទុកដាក់​លុប​បំបាត់​ល្បែង​ស៊ី​សងគ្រប់​ប្រភេទ ​ក៏​ដូច​ជា​ការ​ចែកចាយ ​និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​សង្កាត់​ស្រះ​ចក ​តែ​សុំ​ឱ្យ​អនុវត្ត​ដូច​ភ្លៀងរលឹម​ បើ​សង្ឃឹម​ទៅ​លើ​អាជ្ញាធរ​សង្កាត់​ស្រះ​ចក ដូច​សង្ឃឹម​ផ្កាយ​លើ​មេឃ​ ។