ពលរដ្ឋ​ស្រុក​អន្លង់វែង បន្ត​ឆ្លងដែន​ខុសច្បាប់​ចូលទៅ​កាប់​ឈើ​លើទឹក​ដី​សៀម​យកមក​លក់​ឲ្យ​ឈ្មួញ​ទុច្ចរិត​

ប្រភពពី​ពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុង​ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា​រហូតមក​ដល់ពេលនេះ​នៅតែមាន​ឈ្មួញ​ទុច្ចរិត​បញ្ចុះបញ្ចូល​ពលរដ្ឋ​ក្រីក្រ​មួយចំនួន​ឲ្យ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង ឈើ​ធ្នង់ និង​នាងនួន​ជាដើម យកមក​លក់​ឲ្យ​ពួកគេ​។ សេចក្ដីរាយការណ៍​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ ក៏ដូចជា​សមត្ថកិច្ច​ឈរជើង​តាម​ខ្សែ​ព្រំដែន មិន​ចាត់វិធានការ​រារាំង​ប្រជាពលរដ្ឋ​នៅពេល​ឆ្លងដែន​ខុសច្បាប់​នោះទេ​។ ផ្ទុយទៅវិញ​ពួកគេ​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ ហើយ​សមត្ថកិច្ច​ឈរជើង​តាម​ខ្សែ​ព្រំដែន​តែងតែ​ឆ្លៀតឱកាស​បង្ក្រាប​ប្រជាពលរដ្ឋ​ដែល​ស្ពាយ​ឈើ​គ្រញូង​ពី​ទឹកដី​សៀម ឆ្លងដែន​ចូល​ទឹកដី​ខ្មែរ​វិញ​។

តាម​ការអះអាង​របស់​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​ត្រពាំង​ប្រី​យ៍ បាន​ឲ្យ​ដឹងថា​ឈើ​ប្រណីត​ប្រភេទ​នាងនួន​មួយ​កង់​ធំ​ដែល​គេ​លួច​ដឹក​ឆ្លងដែន​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​មួយ​ភ្លែត​ហើយ​ដោះលែង​វិញ​នៅ​ចំណុច​ភូមិ​សាមគ្គី ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង​។ ឈើ​នាងនួន​មួយ​កង់​ធំ​នោះ​មាន​មុខកាត់​ជាង​១​ម៉ែត្រ ប្រវែង​ជាង​២​ម៉ែត្រ ដែលមាន​តម្លៃ​រាប់ពាន់​ដុល្លារ ហើយ​ទីតាំង​ដែល​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​នោះ គឺ​នៅ​ជើងភ្នំ​ដងរែក ក្នុងភូមិ​សាស្ត្រ​ដែល​គ្រប់គ្រង​ដោយ​យោធា​កងអនុសេនាធំ​ការ​ពារ​ព្រំដែន​លេខ​៦​របស់លោក ដែន មករា ហៅ​ក្រួច និង​ក្រោម​ការគ្រប់គ្រង​របស់លោក គង់ ខ្នា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក​អន្លង់វែង​។ បញ្ហា​នេះ​លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ គួរពិនិត្យមើល​ខ្លះ​ផង ក្នុងខណៈដែល​បទល្មើស​ឆ្លងដែន​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​។

បើតាម​ការ​បង្ហើប​ពី​សមត្ថកិច្ច​ចម្រុះ​បាន​ឲ្យ​ដឹងថា ឈើ​នាងនួន​ទាំងអស់​មាន​ចំនួន​៥​ដុំ​ធំៗ​ដែល​ឈ្មួញ​ប្រើប្រាស់​កម្លាំង​ពលរដ្ឋ​ខ្មែរ​ជាង​៤០​នាក់​ឲ្យ​ចូលទៅ​អូស​ចេញពី​ទឹកដី​សៀម​រយៈពេល​ជាច្រើន​ថ្ងៃ​មកហើយ ទើប​មកដល់​ខ្សែ​ព្រំដែន​ក្នុងភូមិ​សាមគ្គី​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈើ​គ្រញុង​៤​ដុំ​ត្រូវគេ​អូស​ចូល​មកដល់​ទឹកដី​ខ្មែរ​ដោយ​សុវត្ថិភាព ហើយ​មួយ​ដុំ​ចុងក្រោយ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៦ ហើយ​បង្ក្រាបបាន​តែមួយ​ភ្លែត​ក៏ត្រូវ​ដោះលែង​វិញ​ដោយសារ​មាន​អន្តរាគមន៍​ពី​មន្ត្រីជាន់ខ្ពស់​។ មន្ត្រី​ក្រៅ​រដ្ឋាភិបាល​បាន​លើកឡើងថា តាម​តំបន់​ព្រំដែន​ក្នុងភូមិ​សាមគ្គី ឃុំ​ត្រពាំង​ប្រី​យ៍ ជើងភ្នំ​ដងរែក នៅតែមាន​ករណី​ឈ្មួញ​ប្រើប្រាស់​ប្រជាពលរដ្ឋ​ឲ្យ​ចូល​កាប់​ឈើ​និង​អូស​ឈើ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​ឥតឈប់ឈរ ហើយ​សមត្ថ​កិច្ចការពា​រ​ព្រំដែន​មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ គឺ​គិតតែ​រឿង​ទទួល​លុយ​ពី​ឈ្មួញ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​៕

imagesលោក ស ថាវី អភិបាលខេត្តឧត្ដរមានជ័យ Pic149 Pic148