នាង​ខ្ញុង ចង់បាន​គូគាប់តែ​កូន​រារាំង​ដាច់ខាត

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​នាង​ខ្ញុង​មេម៉ាយ​យូរ​ឆ្នាំ​មក​ហើយ នោះ​ចង់បាន​គូគាប់​ណាស់ តែ​កូនប្រុស​មិន​ព្រមឱ្យ​នាង​យកប្តី​ថ្មី​ជា​ដាច់ខាត ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក នាង​ខ្ញុង​និយាយ​ថា «​នាង​ខ្ញុំ​ពិតជា​ចង់បាន​គូគាប់​ណាស់​ក្រោយ​ពី​ក្លាយជា​នារី​មេម៉ាយ​យូរ​ឆ្នាំ ស្រប​ពេល​ដែល​អាយុ​កាន់តែ​ទៅ​មុខ បើសិនជា​ពន្យារពេល​នោះ​ក្រែង​គ្មាន​អ្នក​ណា​យក​បើ​ទោះជា​មានការ​ងារ​ល្អ​បែប​ណា​ក្តី ។

កន្លង​មក​នាង​ខ្ញុំ​មិន​ដែល​ហាម​អ្នក​ណា​មិន​ឲ្យ​មក​ស្រឡាញ់​នាង​ខ្ញុំ​នោះ​ទេ ឲ្យ​តែ​គេ​ដាក់ចិត្ត មាន​តែ​ពេញចិត្ត​ទៅ​វិញ​ទេ ពេល​ដឹង​ថា​យើង​មាន​អ្នក​ស្រឡាញ់​ទាំង​ស្រឡាញ់​បែប​សិល្បៈ​និង​ស្រឡាញ់​បែប​មនោសញ្ចេតនា​ស្នេហា ។​នាង​ខ្ញុំ​មេម៉ាយ​យូរ​ដែរ​ហើយ បើ​និយាយ​ពី​រឿង​អាយុ​វិញ​ច្រើន​ដែរ​អាច​ល្មម​យកចិត្ត​សម្រេច​គិត​លើ​បុរស​ណា​ម្នាក់​ដែល​ស្រឡាញ់​យើង​ដើម្បី​មើលថែ​បាន ។ នាង​ខ្ញុំ​ទៅ​ណា​មក​ណា​គឺ​មិន​ដូច​អ្នកមាន​ប្តី​គេ​ចេះ​ការពារ​ប្រពន្ធ ជូន​ទៅ​ទី​នេះ​ទីនោះ មិន​ឲ្យ​លំបាក ពិសេស​យើង​ជា​អ្នកសិល្បៈ​ទៀត​កាន់តែ​ដើរ​សម្តែង ឆ្ងាយ​ៗ​បើ​បាន​អ្នក​នៅ​ជិត ឬ​មាន​ប្តី​គឺ​អាច​ស្រួល​ចិត្ត ងាយ​តាម​យើង​ជូន​ទៅ​ធ្វើការ ។ ទោះជា​យ៉ាងណា នាង​ខ្ញុំ​ប្រហែល​ពិបាក​រឿង​យកប្តី​ថ្មី​បន្តិច ព្រោះ​កូនប្រុស​របស់​នាង​ខ្ញុំ​ឲ្យ​តែ​សួរ​គ្នា​រឿង​យក ប៉ា​ៗ​ថ្មី គឺ​មិន​ឲ្យ​យក​ឡើយ ពោល​គេ​បដិសេធ​ប៉ុន្មាន​ដង​ហើយ​ថា នៅ​ស្រឡាញ់​យើង នៅ​ចង់​ឲ្យ​យើង​មើលថែ​បាន​ពីរ​នាក់ គឺ​គេ​ថា​សប្បាយចិត្ត ។ មិនដឹង​ជា​ពេល​ណា​ទេ អាច្រមក់​នេះ គេ​យល់ព្រម បើក​សិទ្ធិ​ឲ្យ​យើង​បាន​គូ​ថ្មី បើ​ឲ្យ​តែ​និយាយ​រឿង​គ្រួសារ​ថ្មី​ខឹង​យើង​ថា​អត់​ឲ្យ​ទេ ? មើលទៅ​មាន​តែ​ទ្រាំ​តាម​ហ្នឹង​សិន​ទៅ ? ម្យ៉ាងទៀត​នាង​ខ្ញុំ​ក៏​គិត​ថា​ល្អ​ម្យ៉ាងដែរ បើសិនជា​មាន​អ្នក​ថ្មី​អំឡុង​ពេល​នេះ​មាន​តែ​ដូច​ពិបាក​បន្តិច ព្រោះ​កូនប្រុស​នៅ​តូច ចាំ​ទាល់តែ​គ្នា​ធំ​ដឹងក្តី​ជាង​នេះ​យើង​អាច​សួរនាំ​ទៅ​គាត់​អាច​ប្តូរ​ជំហរ​អត្ត​ចរិត​បាន ។ ពិសេស​ខ្លាច​បាន​អ្នក​ថ្មី​ពេល​នេះ​គឺ​នាំ​ឲ្យ​ប៉ះពាល់​ផ្លូវចិត្ត​កូន ឬ​ខ្លាច​គេ​ធ្វើបាប​កូន ទើប​មិន​ហ៊ាន​សម្រេចចិត្ត​ភ្លាម​ៗ​បាន​ឡើយ ចាំ​ពេលវេលា​យូរ​ជាង​នេះ​ក៏​មិន​ស្តាយ​ប៉ុន្មាន​ដែរ ។

នៅ​ពេល​នេះ​សម្រេច​តាម​ឱកាស ដោយ​យក​ពេល​នេះ​គិត​រឿង​រក​លុយ​សិន ព្រោះ​ទាន់​ពេលវេលា​រក​ប្រាក់​ពី​សិល្បៈ​កំពុង​តែ​អំណោយផល​ព្រោះ​រាល់ថ្ងៃ​គឺ​រែកពន់​ក្នុង​ក្រុម​គ្រួសារ​ច្រើន​សមាជិក​ដែរ គឺ​នៅ​លើ​យើង​រ៉ាប់រង​ចង់​តែ​ទាំងស្រុង​ទើប​មិន​ចង់​ឲ្យ​អ្នក​ណា​មក​រំខាន​ចិត្តច្រើន​នោះ​ទេ​» ។

ចំពោះ​ការងារ​សិល្បៈ​បច្ចុប្បន្ន​ខ្ញុង​មមាញឹក​ទាំង​ផ្នែក​សម្តែង​កំប្លែង និង​សម្តែង​ភាពយន្ត​ស្ទើរតែ​រក​ពេល​សម្រាក​គ្មាន ។ ពេល​ខ្លះ​ខ្ញុង​ថា ចង់​ខ្យល់​ដោយសារ​តែ​មិន​បាន​គេង​គ្រប់គ្រាន់ និង​គ្មាន​ពេល​សម្រាក ។ ដូច្នេះ​ហើយ​ខ្ញុង​សម្រេចចិត្ត​ផ្អាក​សម្តែង​នៅ​ក្រៅប្រទេស​មួយ​រយៈ​សិន ព្រោះ​ក្រុម​កំប្លែង​របស់​នាង​ត្រៀម​ទៅ​សម្តែង​នៅ​អា​មេ​រិ​ក​ពីរ​ខែ​ទាល់តែ​គេ​ត្រឡប់​មក​វិញ​ទើប​នាង​អាច​ទៅ​ម្តង ។ ប្រសិនបើ​បុរស​ណា​មាន​សិល្ប៍​វិធី​អាច​បញ្ចុះបញ្ចូល​ចិត្ត​កូនប្រុស​នាង​ខ្ញុង​បាន​នោះ អាច​ប្រលោម​ស្នេហ៍​យក​នាង​ជា​គូគាប់​បាន​ហើយ ៕