​ជៀស ស្រួច ​​​​ថា ​ក្រោយ​បែក​ប្រពន្ធ​ នារី​បែប​ណា​ក៏​​គ្មាន​អារម្មណ៍​ស្រលាញ់​

​​អតីត​កីឡាករ​ប្រដាល់​ល្បី​ឈ្មោះ​​​ ជៀស ស្រួច ​បាន​លើក​ឡើង​ពី​ទំហំ​ទឹក​ចិត្ត​ ​​ក្នុង​រយៈ​ពេល​​បែក​ប្រពន្ធ​ជា​ទី​ស្រលាញ់​​ ១២​ឆ្នាំ​​​​​ទោះ​នារី​ស្អាត​កម្រិត​ណា​ក៏​​​លោក​​មើល​មិន​ចូល​ភ្នែក​។

 

 ​ជៀស ស្រួច ​​​​ថា ​ក្រោយ​បែក​ប្រពន្ធ​  នារី​បែប​ណា​ក៏​​គ្មាន​អារម្មណ៍​ស្រលាញ់​ជៀស ស្រួច (ស្ដាំ )​ ទទួល​ប្រាក់​​ពី​ក្រុម​ការងារ​ Sabay ២០​ម៉ឺន​រៀល​

 

​​​​​​​​​​ជៀស ស្រួច​ បាន​ឲ្យ​ដឹង​ថា ​​ក្នុង​រយៈ​ពេល ១២​ឆ្នាំ​​ដែល​បែក​ប្រពន្ធ​ លោក​​ពិត​ជា​​ខូច​​ចិត្ត​ខ្លាំង​ ​ទោះ​បី​​មាន​នារី​ស្អាត​កម្រិត​ណា​​មក​ទាក់​ទង​ ក្រោយ​បែក​​ប្រពន្ធ​ក៏​លោក​​គ្មាន​ចិត្ត​ស្រលាញ់។ ​ក្រោយ​ពេល​ចាក​ចេញ​ពី​ភ្នំពេញ​​ ​ជីវិត​របស់​លោក​​ពោរពេញ​ដោយ​ភាព​ឈឺចាប់​​ដែល​ដក់​ជាប់​ក្នុង​ខួរ​ក្បាល​ ដោយ​សារ​ស្នាដៃ​ប្រពន្ធ​​ធ្វើ​មក​លើ​រូប​លោក។

 

​​អតីត​​តារា​សម្ដែង​រូប​នេះ​បន្ត​ថា ​​​រយៈ​ពេល​ដែល​​ចាក​ចេញ​ពី​ប្រពន្ធ​នោះ​ ​លោក​រស់​នៅ​តាម​បណ្ដា​ខេត្ត​ ហើយ​​ខូច​ចិត្ត​រហូត​ធ្វើ​អ្វី​មិន​កើត​។ លោក​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រពន្ធ​ ហើយ​ក៏​មិន​ចង់​​ឲ្យ​មាន​ទំនាក់​ទំនង​​​ជា​មួយ​មនុស្ស​ស្រី​ម្នាក់​នោះ​ទៀត​ដែរ។ ​ការ​សម្រេច​ចិត្ត​មក​​ភ្នំពេញ​​វិញ​នេះ ​ពី​ព្រោះ​លោក​ចង់​​ស្វែង​រក​អនាគត​ជា​ថ្មី​ ដោយ​កម្លាំង​ញើស​ឈាម​របស់​លោក​ផ្ទាល់។

 

​​លោក​បាន​បន្ថែម​ថា លោក​បាន​រៀប​ការ​ជាមួយ​ប្រពន្ធ​​​វ័យ​ក្មេង​ដែល​កាល​នាង​មាន​អាយុ​ទើប​១៦​ឆ្នាំ​​។ ​រៀប​ការ​បាន ៦​ខែ​លោក​ក៏​ចាក​ចេញ​ដោយ​ចុះ​ចេញ​ពី​ផ្ទះ​ ដោយ​សារ​មើល​ឃើញ​ពី​អំពើ​អសីលធម៌​របស់​នាង ដែល​​ពាក់​ព័ន្ធ​នឹង​អ្នក​ផ្សេង។

 

​បច្ចុប្បន្ន​ ជៀស ស្រួច មាន​អាយុ ៤៤​ឆ្នាំ​ ដែល​កំពុង​ស្នាក់​នៅ​ផ្ទះ​​ជួល​របស់​លោក អេ ភូថង ​ម្ដុំ​​ផ្សារ​​អូរឫស្សី ​ហើយ​ក៏​បាន​​​​ស្នើ​សុំ​សហព័ន្ធ​កីឡា​ប្រដាល់​​​ដើម្បី​បាន​ធ្វើ​ជា​ចៅក្រម​ ឬ​អាជ្ញាកណ្ដាល​រួច​រាល់។ ប៉ុន្តែ​មិនទាន់​ទទួល​ការ​ឆ្លើយ​តប​ពី​ខាង​សហព័ន្ធ​មួយ​នេះ​ក្នុង​ការ​ចាប់​ផ្ដើម​អាជីព​ថ្មី​នេះ​​​ទេ​៕

 


អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​