អាជីវកម្ម​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​យាយ​ព្រឿង នៅតែ​អាច​ដំណើរការ​យ៉ាង​រលូន​

ប្រភពពី​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​ឈ្មួញ​យួន​ឈ្មោះ ហេង សំនៀង ហៅ​យាយ​ព្រឿង នៅតែ​អាច​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ យកទៅលក់​នៅ​ស្រុក​យួន​យ៉ាង​រលូន​ដដែល បើទោះបី​កម្លាំង​អាវុធហត្ថ​ធ្លាប់​បង្ក្រាប​នាពេល​កន្លងមក​ក៏ដោយ​។ សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង សង្ស័យថា​លោក មុំ សារឿន អភិបាលខេត្ត​ស្ទឹងត្រែង និង​លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង នៅ​ពី​ក្រោយខ្នង​ឈ្មួញ​យួន​ឈ្មោះ យាយ​ព្រឿង ទើប​ឈ្មួញ​រូបនេះ​នៅតែ​ប្រព្រឹត្ត​ខុសច្បាប់​យ៉ាង​ក្រអឺតក្រទម​។ ពេលខ្លះ​យាយ​ព្រឿង​បាន​ឲ្យ​ប្អូនស្រី​របស់ខ្លួន​ឈ្មោះ ចែ​ហុង ដើរតួ​ជំនួស​ផងដែរ ក្នុងការ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​យាយ​ព្រឿង ដែលជា​ឈ្មួញ​យួន​មាន​ប្ដី​ជា​មន្ត្រីនគរបាល​ខ្មែរ​ក្នុង​ខេត្ត​នេះ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​ជំនាញ និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន ទើប​អាច​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​។ សូម្បីតែ​ក្នុងដំណាក់កាល​មាន​បទបញ្ជា​ឲ្យ​ទប់ស្កាត់​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន ក៏​ឈ្មួញ​យួន​ឈ្មោះ យាយ​ព្រឿង អាច​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ យកទៅលក់​នៅ​ស្រុក​យួន​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ឡើយ​។ ជាងនេះទៅទៀត​យាយ​ព្រឿង បាន​ប្រើប្រាស់​មន្ត្រីរាជការ មន្ត្រី​ប្រដាប់អាវុធ និង​សមត្ថកិច្ច​មួយចំនួន​ឲ្យ​ជួយ​សម្រួល​ដល់​ខ្លួន​ក្នុងការ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​ជាច្រើន​ឆ្នាំ​កន្លងមកនេះ​។

ប្រភពពី​ឈ្មួញ​ឈើ​តូចតាច​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​តាំងពី​ជំនាន់​លោក ឡូយ សុផាត នៅ​ធ្វើជា​អភិបាលខេត្ត​ស្ទឹងត្រែង រហូតដល់​ពេល​លោក កុល សំអុល ធ្វើជា​អភិបាលខេត្ត​ស្ទឹងត្រែង និង​បច្ចុប្បន្ន​លោក មុំ សារឿន ធ្វើជា​អភិបាលខេត្ត​ស្ទឹងត្រែង គឺ​ឈ្មួញ​យួន​ឈ្មោះ យាយ​ព្រឿង នៅតែ​អាច​ប្រមូល​ទិញ​ឈើ​ប្រណីត​និង​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​កាក់កប​។ ក្នុងចំណោម​អ្នកទទួលផល​ប្រយោជន៍​ច្រើនជាងគេ​ពី​យាយ​ព្រឿង រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គឺ​លោក ឈាង តុលា ដែលជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ហេតុនេះហើយ​ទើប​លោក ឈាង តុលា បណ្ដោយ​ឲ្យ​ឈ្មួញ​យួន​ឈ្មោះ យាយ​ព្រឿង ប្រមូល​ទិញ​ឈើ​ពី​ស្រុក​សៀម​ប៉ាង និង​ស្រុក​សេ​សាន ដឹកជញ្ជូន​ចូលមក​ក្រុង​ស្ទឹងត្រែង ហើយ​បន្ត​ដឹក​យកទៅលក់​នៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​។ ដូច្នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរ​ពិនិត្យឡើងវិញ​ទៅលើ​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់លោក ឈាង តុលា និង​បក្ខពួក​ផងដែរ ព្រោះ​អំពើពុករលួយ​របស់​ម​ន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ទើប​យាយ​ព្រឿង​អាច​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ​៕

photo_2016-06-01_13-19-06លោក មុំ សារឿន អភិបាលខេត្តស្ទឹងត្រែង  022c1ឈ្មួញយួនឈ្មោះ ហេង សំនៀង ហៅយាយព្រឿង 317c94e8-8db5-4600-8381-67a323649497