វិចិត្រករ PeapTarr និង Lisa Mam គាំទ្រ Mission Muoy Roy

Mission Muoy Roy យុទ្ធនាការសប្បុរសធម៌រយៈពេល១០០ថ្ងៃ ដើម្បីរៃអង្គាសប្រាក់ចាប់ពី១០០រៀល ឧបត្ថម្ភកុមារត្រលប់ចូលរៀនវិញ បានការគាំទ្រពីវិចិត្រករល្បីឈ្មោះ២រូប គឺ PeapTarr និង Lisa Mam ។ មហាជនភាគច្រើនស្គាល់អ្នកទាំងពីរច្បាស់តាមរយៈគំនូរដែលមានការច្នៃប្រឌិតខ្ពស់បែបសម័យថ្មីប្លែកគេ គូរនៅតាមជញ្ជាំងហាងធំៗជាច្រើនកន្លែងទាំងក្នុង និងក្រៅប្រទេស។

ក្រុមការងារ Sabay បានជួបសម្ភាសជាមួយអ្នកទាំងពីរអំពីមូលហេតុ និងសកម្មភាពរបស់វិចិត្រករទាំងពីរចូលរួមក្នុងយុទ្ធនាការសប្បុរសធម៌នេះ។

វិចិត្រករ PeapTarr និង Lisa Mam គាំទ្រ Mission Muoy Roy

សំណួរ១៖ តើអ្នកទាំងពីរយល់ឃើញយ៉ាងម៉េចដែរចំពោះ Mission Muoy Roy?

PEAP៖ ខ្ញុំគាំទ្រពេញទំហឹង និងតែងព្យាយាមចូលរួមរាល់សកម្មភាពមនុស្សធម៌ដែលអាចជួយដល់មនុស្សជាច្រើន ពិសេសកុមារដែលកំពុងរស់នៅក្នុងភាពក្រីក្រក្នុងកម្ពុជា។

សំណួរ២៖ ហេតុអ្វីបានជាអ្នកទាំងពីរសម្រេចចិត្តចូលរួមក្នុង Mission Muoy Roy?

Lisa៖ ខ្ញុំចង់ចូលរួម ព្រោះខ្ញុំសង្ឃឹមថាការងារសិល្បៈរបស់យើងអាចទាក់ទាញការចាប់អារម្មណ៍របស់អ្នកដែលមានលទ្ធភាពក្នុងសង្គមខ្មែរមកលើ Mission Muoy Roy ហើយពេលគេទិញរូបសិល្បៈយើង យុទ្ធនាការនេះនឹងទទួលបានមូលនិធិកាន់តែច្រើនសម្រាប់ជួយដល់អ្នកដែលកំពុងខ្វះខាត។

PEAP៖ ការចូលរួមក្នុង Mission Muoy Roy ជាវិធីដែលយើងអាចតបស្នងទៅសហគមន៍ខ្មែរថ្នាក់មូលដ្ឋាន។ តាមរយៈគំនូរសិល្បៈរបស់យើងទាំងពីរ យើងប្រហែលជាអាចបង្កើនការយល់ដឹងបន្ថែមទៀតដើម្បីរៃអង្គាសមូលនិធិសម្រាប់ Mission Muoy Roy ដូច្នេះប្រជាជនខ្មែរជាពិសេសកុមារតូចៗនៅកម្ពុជាដែលកំពុងរស់នៅក្នុងវដ្តនៃភាពក្រីក្រអាចទទួលបានជំនួយ ហើយប្រហែលជាទៅអនាគតគេនឹងមានមធ្យោបាយចិញ្ចឹមជីវិតត្រឹមត្រូវ និងកាន់តែប្រសើរ។

សំណួរ៣៖ តើអ្នកទាំងពីរនឹងធ្វើអ្វីខ្លះ ដើម្បីចូលរួមគាំទ្រ Mission Muoy Roy?

Peap & Lisa៖ ពួកយើងគ្រោងដាក់លក់រូបបោះពុម្ពនៃគំនូរសិល្បៈមានកំណត់របស់យើង ដោយប្រើប្រាស់ក្រដាសគុណភាពខ្ពស់ និងបង្កើតជាពិសេសសម្រាប់តែ Mission Muoy Roy នៅក្នុងកម្មវិធីសប្បុរសធម៌របស់យើងនៅ Samai Distillery នាយប់ថ្ងៃព្រហស្បតិ៍ ទី២៨ កក្កដានេះ។ ចំពោះប្រាក់ដែលបានមកពីការលក់ នឹងដាក់ចូលក្នុងមូលនិធិនៃយុទ្ធនាការនេះទាំងអស់។

វិចិត្រករ PeapTarr និង Lisa Mam គាំទ្រ Mission Muoy Roy

សំណួរ៤៖ អ្នកទាំងពីរធ្លាប់ចូលរួមសកម្មភាពសប្បុរសធម៌បែបនេះពីមុនមកទេ?

PEAP៖ បាទ! ខ្ញុំធ្លាប់បានចូលរួមការងារសប្បុរសធម៌ជាច្រើនពីមុនមកនៅប្រទេសនូវែលហ្សេឡង់ ថៃ និងកម្ពុជា។ មួយដែលខ្ញុំចាំបានគឺគម្រោង Little Lotus ក្នុង Mae Sot ប្រទេសថៃ នៅទីក្រុងជាប់ព្រំដែនប្រទេសភូមា និងថៃដែលខ្ញុំបានធ្វើការជាមួយសិល្បករម្នាក់ទៀតដើម្បីបង្កើតការយល់ដឹងពី កុមារភូមាដែលចិញ្ចឹមជីវិតដោយការរើសសំរាម www.littlelotusproject.org ។

សំណួរ៥៖ តើអ្នកមានយោបល់អ្វីដែរឬទេទាក់ទងនឹងដំណើរការ Mission Muoy Roy?

PEAP៖ បាទ! ខ្ញុំសូមអំពាវនាវឲ្យមានការចូលរួមបន្ថែមទៀត នូវអ្វីដែលយើងកំពុងធ្វើជាមួយ Mission Muoy Roy ដោយប្រើជំនាញ និងទេពកោសល្យរបស់អ្នកដើម្បីបង្កើនការយល់ដឹងអំពីយុទ្ធនាការនេះ។

Lisa៖ ចាស ខ្ញុំយល់ស្របអ្នកមានទេពកោសល្យក្នុងស្រុកគ្រប់គ្នាដែលមានឥទ្ធិពលនៅក្នុងសហគមន៍ គួរតែចូលរួមក្នុងយុទ្ធនាការដែលអាចជួយសហគមន៍របស់យើង ជាពិសេសគឺកុមារស្រុកខ្មែរព្រោះពួកគេជាអនាគតរបស់យើង។

Mission Muoy Roy នឹងរៀបចំកម្មវិធីសប្បុរសធម៌នៅ Distillery នាយប់ថ្ងៃព្រហស្បតិ៍ ទី២៨ កក្កដានេះ ដែលមានផ្ទាំងគំនូរបោះពុម្ពផ្ដាច់មុខពីវិចិត្រករ PeapTarr និង Lisa Mam សម្រាប់ដាក់លក់។

កុំភ្លេចនាំមិត្តភ័ក្ដិ មនុស្សជាទីស្រឡាញ់របស់អ្នក និងនាំយកក្រដាសប្រាក់ ១០០ រៀល មកជាមួយផងដែរ ដើម្បីចូលរួមបរិច្ចាគនារាត្រីនោះ។ សម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះ Mission Muoy Roy Charity Night

វិចិត្រករ PeapTarr និង Lisa Mam គាំទ្រ Mission Muoy Roy

ប្រភព៖ sabay