កម្ពុជា​នឹង​មាន​ផ្សារណាត់​លក់​របស់​មួយ​ទឹក​ដំបូង​គេ រាល់​ថ្ងៃ​អាទិត្យ នៅ​ស្ដាត​អូឡាំពិក​

ផ្សារណាត់ SunFair ដំបូងគេមិនធ្លាប់មាននៅកម្ពុជា គ្រោងនឹងបើកដំណើរការនៅដើមខែសីហា ខាងមុខនេះហើយ រៀងរាល់ព្រឹកថ្ងៃអាទិត្យ នៅក្នុងបរិវេណស្ដាតអូឡាំពិក ដោយលក់របស់របរប្រើប្រាស់មួយទឹក។

ផ្សារនេះ នឹងបើកឲ្យសាធារណៈជនដាក់លក់របស់ប្រើប្រាស់រួចដែលខ្លួនគិតថាលែងចង់ប្រើប្រាស់ និងចង្អៀតនៅផ្ទះ ដូចជា គ្រឿងសង្ហារិម សម្ភារៈប្រើប្រាស់ផ្សេងៗ កុំព្យូទ័រ កង់-ម៉ូតូ-រថយន្ត សម្ភារៈការិយាល័យ វត្ថុបុរាណ-ល-។

លោក កឹម អឿន ម្ចាស់គម្រោងផ្សារ SunFair បានប្រាប់ Sabay ថា៖ “ផ្សារនេះ គឺផ្អែកតាមគំនិតម៉ត់តៃណៃ (MOTTAINAI) របស់ជប៉ុន ដោយកាត់បន្ថយការទិញរបស់ប្រើប្រាស់ថ្មីៗច្រើនពេកដែលធ្វើឲ្យប៉ះពាល់ដល់ធនធានធម្មជាតិ និងបរិស្ថាន ហើយងាកមកប្រើប្រាស់របស់មួយទឹកវិញ”។

កម្ពុជា​នឹង​មាន​ផ្សារណាត់​លក់​របស់​មួយ​ទឹក​ដំបូង​គេ រាល់​ថ្ងៃ​អាទិត្យ នៅ​ស្ដាត​អូឡាំពិក​

នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងជាប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន រូបនេះ បានបន្តថា មនុស្សភាគច្រើនចូលចិត្តសន្សំទុករបស់ច្រើនចង្អៀតពេញផ្ទះ រហូតរបស់ខ្លះក្លាយជារបស់អេតចាយប្រើលែងបាន។ នៅពេលរបស់ទាំងនោះមិនទាន់ក្លាយរបស់អេតចាយ វាអាចជារបស់ដែលអ្នកដទៃកំពុងត្រូវការ ដូចទស្សនៈមួយថា «សម្ភារៈដែលទុកចោលក្នុងឃ្លាំង ឬនៅផ្ទះរបស់យើង គឺជាវត្ថុក្នុងក្តីសុបិនរបស់អ្នកដទៃ»។ អ៊ីចឹង SunFair ជាកន្លែងសម្រាប់ពួកគាត់ដាក់លក់របស់ទាំងនោះ ខណៈដែលអ្នកចង់ស្វែងរករបស់មួយទឹកតម្លៃសមរម្យ អាចមកផ្សារនេះបាន។

SunFair នឹងបើកជាផ្លូវការលើកដំបូងនៅថ្ងៃអាទិត្យ ទី ៧ សីហា ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់ ដោយមានស្ដង់ប្រមាណជា ២០០ ស្ដង់ លក់របស់ប្រើប្រាស់ជាច្រើន បន្លែសរីរាង្គ ផលិតផលខ្មែរ (កន្ត្រកចាក់ដោយដៃជាដើម) អប់រំ (អត្ថប្រយោជន៍បន្លែសរីរាង្គ ស៥ និងការសង្គ្រោះបឋម-ល-) និងកម្មវិធីកម្សាន្តផ្សេងៗរួមទាំងកន្លែងក្មេងលេងផងដែរ។

លោក កឹម អឿន បានអះអាងថា គម្រោងនេះគឺដើម្បីយើងទាំងអស់គ្នា សង្គម និងបរិស្ថាន ហើយថា ប្រាក់ចំណេញ ៦០% នឹងត្រូវបរិច្ចាគទៅមន្ទីរពេទ្យគន្ធបុប្ផា មូលនិធិអៀង (ធ្វើការលើវិស័យអប់រំតាមជនបទ) និងគម្រោង Akahige របស់មន្ទីរពេទ្យជប៉ុន Sunrise នៅកម្ពុជាដែលនឹងបើកដំណើរការនៅដើមខែកញ្ញា ខាងមុខ ដែលផ្ដល់ការវះកាត់បេះដូង និងខួរក្បាល។

ផ្សារដែលបើករាល់ព្រឹកថ្ងៃអាទិត្យ មួយនេះ ត្រូវបានគាំទ្រដោយឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងដៃគូពាណិជ្ជករធំៗនៅកម្ពុជាជាច្រើន។ បើប្រិយមិត្តចាប់អារម្មណ៍ចង់បានស្ដង់ដាក់លក់របស់របរលែងប្រើប្រាស់ សូមទាក់ទងលេខ010 / 011 /012 598 895 ឬចូលផេកហ្វេកប៊ុក SunFair : www.facebook.com/fleamarketcambodia

អូ! ក្រុមហ៊ុនផ្សេងៗ ក៏អាចដាក់លក់ឡាយឡុងសម្ភារៈការិយាល័យរបស់ខ្លួនបានដែរ៕

ប្រភព៖ sabay

  • កម្ពុជា​នឹង​មាន​ផ្សារណាត់​លក់​របស់​មួយ​ទឹក​ដំបូង​គេ រាល់​ថ្ងៃ​អាទិត្យ នៅ​ស្ដាត​អូឡាំពិក​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/26  Category:ជីវិតនិងសង្គម
Tags: