មាស សុខសោភា ទៅ​ច្រៀង​នៅ​សៀមរាប​​មិន​យក​កម្រៃ​មួយ​រៀល

មាស សុខសោភា នឹង​ចូលរួម​ច្រៀង​ក្នុង​កម្មវិធី​សប្បុរសធម៌​មួយ​នៅ​ខេត្ត​សៀមរាប​ដោយ​មិន​យក​កម្រៃមួយ​រៀល ដើម្បី​រក​លុយ​ជួយ​ដល់​កុមារ​កំព្រា ៣០ នាក់​កំពុង​រស់​នៅ​អង្គការ​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ។

 

មាស សុខសោភា ទៅ​ច្រៀង​នៅ​សៀមរាប​​មិន​យក​កម្រៃ​មួយ​រៀល

 

កម្មវិធី​សប្បុរសធម៌​នេះ​គ្រោង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី៦​សីហា​ខាង​មុខ​នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​ក្រុង​សៀមរាប។ បើ​តាម ឌីជេ ក្ដឹប ដែល​ជា​អ្នក​ចូលរួម​ផ្ដួចផ្ដើម​កម្មវិធី​ផង​នោះ​ប្រាប់ Sabayថា វត្តមាន​របស់ មាស សុខសោភា មិន​មាន​គិត​កម្រៃ​ហើយ ថែម​ទាំង​ចំណាយ​លុយ​ទិញ​សំបុត្រ​ចូលរួម​បរិច្ចាគ​ដល់​សមាគម​ទៀត​ផង។

 

“ដោយ​សារ​ខ្ញុំ​អត់​ដែល​មាន​កម្មវិធី​ផ្ទាល់​ខ្លួន​អី​សោះ​កន្លង​មក ហើយ​លើក​នេះ​ក៏​អញ្ជើញ​បង ភា គាត់​ក៏​ចូលរួម​ដោយ​រីករាយ ព្រោះ​ជួយ​គ្នា​ម្ដង​ម្នាក់។ ក្ដឹប ថ្លែង​មក​កាន់ Sabay។ តារា​ចម្រៀង Rap ដដែល​បន្ត​ថា ក្រៅ​ពី មាស សុខសោភា ក៏​មាន​តារា​ចម្រៀង​មួយ​ចំនួន​ផ្សេង​ទៀត​ចូលរួម​ផង​ដែរដូច​ជា​លោក យឹង យន និង​សម្ព័ន្ធ​ឌីជេ​កម្ពុជា​របស់​លោក Deny Black រួម​ទាំង​អង្គការ​ហ្វា​បន្លឺ​សិល្បៈជា​ដើម​ ដែល​ពួក​គេ​សុទ្ធសឹងតែ​ចូលរួម​ដោយ​ស្ម័គ្រ​ចិត្ត​ដូច​គ្នា។

 

មាស សុខសោភា ទៅ​ច្រៀង​នៅ​សៀមរាប​​មិន​យក​កម្រៃ​មួយ​រៀល

 

ឌីជេ ក្ដឹប រំលឹក​បន្ថែម​ថា អង្គការ​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មិន​មាន​ចំណូល​អ្វី​ក្រៅ​ពី​ការ​ដាំ​បន្លែ​លក់​លើ​ទីផ្សារ​សម្រាប់​ចិញ្ចឹម​កុមារ​ទាំង ៣០ នាក់​នោះ​ទេ។ បច្ចុប្បន្ន​កំពុងជួប​ការ​​ខ្វះខាត​ថវិកា​មួយ​ចំនួន​ដើម្បី​ពង្រីក​កសិដ្ឋាន​បណ្ដុះ​ផ្សិត ហើយ​កម្មវិធី​សប្បុរសធម៌​កើត​ឡើង​លើក​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ចំពោះ​សំណើ​របស់​ប្រធាន​អង្គការ។ ទោះបី​ជា​យ៉ាង​ណា លោក​ទើប​លក់​សំបុត្រ​បាន​មួយ​ចំនួន​ប៉ុណ្ណោះ មិន​ទាន់​គ្រប់​ចំនួន​នោះ​ទេ។

 

Sabay មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​បាន​ទេ​ពី​តារា​ចម្រៀង មាស សុខសោភា ​ដោយ​ទូរសព្ទ​មិន​មាន​អ្នក​ទទួល។ បើ​តាម​ប្រធាន​សម្ព័ន្ធ​ឌីជេ​កម្ពុជា Deny Black បាន​បញ្ជាក់​ថា សមាជិក​របស់​លោក​មួយ​ចំនួន​បាន​ចូលរួម​ទិញ​សំបុត្រ​សម្រាប់​កម្មវិធី​សប្បុរសធម៌​នោះ​រួច​ហើយ។ លោក​អះអាង​ថា នឹង​ផ្សព្វផ្សាយ​ដំណឹង​នេះ​បន្ត​ទៀត ដើម្បី​ស្វែងរកសប្បុរសជន​ដែល​ចង់ជួយ៕

 

មាស សុខសោភា ទៅ​ច្រៀង​នៅ​សៀមរាប​​មិន​យក​កម្រៃ​មួយ​រៀល

អត្ថបទ សំ ជំនាញ