ចិន​គ្រោង​ពង្រីក​បណ្តាញ​ផ្លូវ​រថភ្លើង​ប្រវែង​3​ម៉ឺន​គីឡូម៉ែត្រ​បន្ថែម​ទៀត

ប្រទេស​ចិន ៖ យោង​តាម​មន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​មួយ​រូប​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចិន​គ្រោង​សម្រេច​ឱ្យ​បាន​នូវ​ការ​សាងសង់​ផ្លូវ​រថភ្លើង​ចម្ងាយ​៣​ម៉ឺន​គីឡូម៉ែត្រ​បន្ថែម​ទៀត​ត្រឹម​ចុងឆ្នាំ​២០២០​ខាង​មុខ​នេះ ដែល​នឹង​ធ្វើ​ឱ្យ​ផ្លូវដែក​របស់​ខ្លួន​សរុប​មាន​ប្រវែង​១៥​ម៉ឺន​គីឡូម៉ែត្រ ។

លោក Zhang Dawei អនុប្រធាន​នាយកដ្ឋាន​ផែនការ​នៃ​ក្រសួង​ដឹក​ជញ្ជូន បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​មួយ​នៅ​ទីក្រុង​ប៉េ​កាំ​ង កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ​ថា ផ្លូវដែក​ផ្សេង​ទៀត​ប្រវែង​១១​ពាន់​គីឡូម៉ែត្រ នឹង​ត្រូវ​សាងសង់​បន្ថែម​សម្រាប់​រថភ្លើង​ល្បឿន​លឿន ដែល​ចម្ងាយ​សរុប​ទាំងអស់​មាន​ប្រវែង​៣​ម៉ឺន​គីឡូម៉ែត្រ ។

លោក Zhang Dawei បាន​លើក​ឡើង​ថា ៖ « យើង​នឹង​បង្កើន​ល្បឿន​សាងសង់​ផ្លូវដែក​នេះ​ឱ្យ​បាន​ឆាប់​នៅ​ក្នុង​តំបន់​ភាគ​កណ្តាល និង​ភាគ​ខាងលិច​ប្រទេស​ចិន ។ យើង​ក៏​នឹង​ជំរុញ​ការ​ពង្រីក​បន្ថែម​នូវ​តំណ​ភ្ជាប់​ផ្លូវ​រថភ្លើង​រវាង​ទីក្រុង និង​នៅ​តាម​ជាយក្រុង​ផង​ដែរ » ។

លោក​បន្ថែម​ថា ៖ « នៅ​ចុងឆ្នាំ​២០២០ ច្រើន​ជាង​៨០%​នៃ​ទីក្រុង​ដីគោក​ទាំងអស់ ដែល​មាន​ប្រជាជន​រស់នៅ​យ៉ាង​ហោច​ណាស់​១​លាន​នាក់ នឹង​ត្រូវ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​រថភ្លើង​​ល្បឿន​លឿន » ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ គណៈកម្មាធិការ​អភិវឌ្ឍន៍ និង​កែទម្រង់​ជាតិ (NDRC) បាន​ចេញ​ផែនការ​អភិវឌ្ឍ​ផ្លូវដែក​ថ្នាក់​ជាតិ​មួយ ដោយ​រំពឹង​ថា នឹង​សម្រេច​ឱ្យ​បាន​នូវ​បណ្តាញ​ផ្លូវដែក​សរុប​ប្រវែង​១៧៥​ពាន់​គីឡូម៉ែត្រ​នៅ​ត្រឹម​ចុងឆ្នាំ​២០២៥ ។ ក្រោម​គម្រោង​នេះ ចិន​នឹង​មាន​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​សរុប​ប្រវែង​៣៨​ពាន់​គីឡូម៉ែត្រ ។

យោង​តាម​គណៈកម្មាធិការ NDRC បានឱ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០១៥ ចិន​សម្រេច​បាន​នូវ​ផ្លូវដែក​របស់​ខ្លួន​សរុប​ប្រវែង​១២១​ពាន់​គីឡូម៉ែត្រ និង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​បាន​ប្រវែង​​១៩​ពាន់​គីឡូម៉ែត្រ ។ ជាង​៦០%​នៃ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​របស់​ពិភពលោក គឺ​មាននៅ​ក្នុង​ប្រទេស​ចិន ។

ក្រុមហ៊ុន​ផ្លូវដែក​ចិន China Railway Corp បាន​និយាយ​ថា ចាប់តាំងពី​ឆ្នាំ​២០០៨​មក នៅ​ពេល​ចិន​បាន​បើក​ដំណើរការ​ផ្លូវ​ល្បឿន​លឿន​របស់​ខ្លួន​លើក​ដំបូង ត​ភ្ជាប់​ពី​ទីក្រុង​ប៉េ​កាំ​ង​ទៅ​ធាន​ជី​ន មាន​អ្នកដំណើរ​ច្រើន​ជាង​៥​ប៊ី​លាន​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​មក ដែល​អ្នកដំណើរ​លើ​ផ្លូវ​ល្បឿន​លឿន​នេះ​កើនឡើង​៣០%​ជា​រៀង​រាល់​ឆ្នាំ ។

ក្រុមហ៊ុន​ដដែល​នេះ​បន្ថែម​ថា រថភ្លើង​ល្បឿន​លឿន​មាន​ប្រមាណ​៤.២០០​គ្រឿង​កំពុង​ចរាចរ​នៅ​ប្រទេស​ចិន ដែល​បាន​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នកដំណើរ​ជា​ច្រើន​លាន​នាក់​ក្នុង​ការ​ធ្វើ​ដំណើរ ។

លោក Wang Xianqing នាយក​វិទ្យាស្ថាន​សេដ្ឋកិច្ច និង​ដឹក​ជញ្ជូន​នៃ​សាកលវិទ្យាល័យ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​ក្វា​ង​ទុង មាន​ប្រសាសន៍​ថា  រដ្ឋាភិបាល​កណ្តាល​បាន​ចាត់​ទុក​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ទាំងនេះ គឺជា​យុទ្ធសាស្ត្រ​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស ។

លោក​បន្ថែម​ថា កំណើន​យ៉ាង​ឆាប់រហ័ស​នៃ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ក្នុង​ប្រទេស​ចិន បាន​ចូលរួម​ចំណែក​ដ៏​ធំ​នៃ​ភាព​រីក​លូតលាស់​សេដ្ឋកិច្ច​ចិន និង​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ ។

លោក​សាស្ត្រ​ចា​រ្យ Jia Limin មក​ពី​សាកលវិទ្យាល័យ Beijing Jiaotong និង​ជា​ប្រធាន​កម្មវិធី​ច្នៃប្រឌិត​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ថ្នាក់​ជាតិ បាន​និយាយ​ថា បន្ថែម​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​រថភ្លើង ចិន​ក៏​បាន​និង​កំពុង​អភិវឌ្ឍន៍​រថភ្លើង​ល្បឿន​លឿន​ជំនាន់​ក្រោយ​របស់​ខ្លួន​ផង​ដែរ ដែល​អាច​រត់​បាន​យ៉ាង​លឿន​បំផុត​៤០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។

លោក Jia បន្ថែម​ថា រថភ្លើង​ល្បឿន​លឿន​បំផុត​នេះ នឹង​អាច​សម្រប​កង់​របស់​វា​ឱ្យ​ស្រប​ទៅ​នឹង​រង្វាស់​ផ្លូវ​រថភ្លើង​បរទេស ដែល​នឹង​អាច​ផ្តល់​ភាព​ងាយស្រួល​បន្ថែម​ទៀត​សម្រាប់​​សេវា​ឆ្លងកាត់​ព្រំដែន មិន​ដូច​រថភ្លើង​ក្នុង​ប្រទេស​នា​ពេល​បច្ចុប្បន្ន​ឡើយ ៕