ថៃ​មាន​គោលបំណង​ចង់​ក្លាយជា​មជ្ឈមណ្ឌល​កសិកម្មសរីរាង្គ

ប្រទេស​ថៃ ៖ បច្ចុប្បន្ន​នេះ ថៃ​បាន​និង​កំពុង​តែ​វិវត្តន៍​ខ្លួន​ដើម្បី​ក្លាយជា​ប្រទេស​កសិកម្ម និង​ពាណិជ្ជកម្ម​សរីរាង្គ​ដំបូង​គេ​នៅ​តំបន់​អាស៊ាន និង​មាន​គោលបំណង​ក្លាយជា​ប្រទេស​តែ​១​គត់​ដែល​ផ្គត់ផ្គង់​ផលិតផល​សរីរាង្គ​ធំ​ជាងគេ​ផង​ដែរ​លើ​ពិភពលោក ។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោកស្រី Apiradi Tantraporn ថែ្ល​ង​ថា ក្រសួង និង​អ្នក​ផលិត​បាន​គ្រោង​នឹង​បង្កើន​ភាគហ៊ុន​ប្រទេស​លើ​ទីផ្សារ​ពិភពលោក​ក្នុង​វិស័យ​សរីរាង្គ ដោយ​មើលឃើញ​ថា វា​គឺជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ក្នុង​ការ​ជួយ​កសិករ និង​លើកកម្ពស់​ជីវភាព​ប្រជាជន​ឱ្យ​កាន់តែ​ប្រសើរ ។

លោកស្រី​បន្ថែម​ថា ថៃ​មាន​សក្តានុពល​ល្អ ដើម្បី​ក្លាយ​ខ្លួន​ជា​ប្រទេស​ផលិត​កសិកម្ម និង​ពាណិជ្ជកម្ម​សរីរាង្គ​ក្នុង​តំបន់​អាស៊ាន ប៉ុន្តែ​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នេះ វា​ទាមទារ​ឱ្យ​មាន​គោលការណ៍​គាំទ្រ​កាន់តែ​ច្រើន និង​ការ​យល់​ដឹង​អំពី​ផលិតផល​សរីរាង្គ​ពី​កសិករ និង​អ្នក​ប្រើប្រាស់ ។

រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​ផែនការ​រយៈពេល​៥​ឆ្នាំ ក្នុង​ការ​អភិវឌ្ឍ​ផលិតផល​សរីរាង្គ ដើម្បី​បង្កើន​ទីផ្សារ​ភាគហ៊ុន​ប្រទេស​នៅ​ទូ​ទាំង​ពិភពលោក ។ គម្រោង​បាន​ចាប់ផ្តើម​អនុវត្ត​ក្នុងឆ្នាំនេះ និង​មាន​គោលបំណង​បន្ថែម​តម្លៃ​លើ​ទំនិញ​សរីរាង្គ​ទៀត​ផង ។ រដ្ឋាភិបាល​នឹង​ជួយ​ផ្សព្វផ្សាយ​ផលិតផល​នេះ​នៅ​លើ​ទីផ្សារ ក៏​ដូច​ជា​អភិវឌ្ឍន៍​ផលិតផល​សរីរាង្គ​ផង​ដែរ ។

ក្រោម​គម្រោង​ខាងលើ​នេះ ការ​នាំ​ចេញ​ផលិតផល​សរីរាង្គ​ទៅ​កាន់​ទីផ្សារ​ពិភពលោក ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​កើន​១០% រៀង​រាល់​ឆ្នាំ ។

ថ្មី​ៗ​នេះ តម្លៃ​ប្រចាំឆ្នាំ​នៃ​នាំ​ចេញ​ផលិតផល​សរីរាង្គ​មាន​ចំនួន​៤​ប៊ី​លាន​បាត (១១៤​លាន​ដុល្លារ​) ។ តម្លៃ​ទីផ្សារ​ពិភពលោក​នៃ​ផលិតផល​សរីរាង្គ​ក្នុង​មួយ​ឆ្នាំ​ៗ​មាន​ចំនួន​៧២​ប៊ី​លាន​ដុល្លារ (២,៣​ទ្រី​លាន​បាត​) និង​អត្រា​កើន​ឡើងជា​មធ្យម​ចំនួន​១២,៨%​រៀង​រាល់​ឆ្នាំ ។ ក្នុង​នោះ​ផលិតផល​ថៃ​មាន​ភាគហ៊ុន​តិច​ជាង ១% នៃ​ទីផ្សារ​ពិភពលោក ។

ប្រទេស​ដែល​នាំ​ចេញ​ផលិតផល​សរីរាង្គ​ឈានមុខ​គេ​ទាំង​បី​មាន អា​មេ​រិ​ក អា​ល្លឺ​ម៉​ង់ និង​បារាំង ។

លោក Peerachote Charanwong ប្រធាន​សមាគម​ពាណិជ្ជកម្ម​សរីរាង្គ​ថៃ បាន​ថ្លែង​ថា ប្រវត្តិសាស្ត្រ​ដ៏​យូរលង់​របស់​ប្រទេស​ថៃ គឺ​ទទួល​ឥទ្ធិពល​ពី​ប្រជាជន​របស់​ខ្លួន​ក្នុង​ការ​ដាំ​ដុះ​ផលិតផល​សរីរាង្គ ប៉ុន្តែ​បើ​ធៀប​នឹង​បណ្តា​ប្រទេស​ដទៃ ថៃ​នៅ​មាន​កម្រិត​នៅឡើយ ។ ជំហាន​ដ៏​ល្អ​ដំបូង គឺ​អ្នក​ផលិត​ត្រូវ​ទទួលស្គាល់​ការ​ពិត និង​មាន​ទំនួល​ខុស​ត្រូវ ដើម្បី​ស្តែង​ចេញពី​ការ​ទទួលខុសត្រូវ​ចំពោះ​អ្នក​ប្រើប្រាស់ ។

យ៉ាងណាមិញ លោក Charanwong បាន​លើក​ឡើង​ថា ៖ « អ្នក​ប្រើប្រាស់​នៅ​តែ​មិន​ទាន់​យល់​ច្បាស់​អំពី​ផលិតផល​សរីរាង្គ ។ ហេតុនេះ រដ្ឋាភិបាល​គួរតែ​ជួយ​ផ្សព្វផ្សាយ​ចំណេះដឹង​អំពី​កសិកម្ម និង​ផលិតផល​សរីរាង្គ​ដល់​អ្នក​ប្រើប្រាស់ ដើម្បី​ធ្វើ​ឱ្យ​វិស័យ​ឧស្សាហកម្ម​នេះ​អាច​រីក​លូតលាស់​បាន​ប្រកបដោយ​ចីរភាព » ៕