ឆ្នាំ​2020 កម្ពុជា​ត្រូវការ​កម្លាំង​ពលកម្ម​ថ្មី​ប្រមាណ​40​ម៉ឺន​នាក់​សម្រាប់​វិស័យ​ទេសចរណ៍

រាជធានី​ភ្នំពេញ ៖ ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​ទេសចរណ៍ នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ កម្ពុជា​ត្រូវការ​កម្លាំង​ពលកម្ម​ថ្មី​ប្រមាណ​៤០​ម៉ឺន​នាក់​បន្ថែម​ទៀត ខណៈ​ដែល​តម្រូវការ​ជា​មធ្យម​លើ​វិស័យ​នេះ​មាន​ប្រមាណ​៨​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ ។ ប៉ុន្តែ​អ្វី​ដែល​កត់សម្គាល់​នោះ អ្នក​ដែល​កំពុង​បម្រើ​ការងារ​លើ​វិស័យ​ទេសចរណ៍​មាន​ចំនួន​តែ​២០%​ប៉ុណ្ណោះ​នា​ពេល​បច្ចុប្បន្ន​ដែល​បាន​ឆ្លងកាត់​ការ​សិក្សា​ជំនាញ​ទេសចរណ៍​។

នេះ​បើ​តាម​ការ​អះអាង​របស់​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ។

ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​គណៈកម្មាធិការ​ជាតិ អ្នកជំនាញ​ទេសចរណ៍​ឆ្នាំ​២០១១-​ឆមាស​ទី​១ ឆ្នាំ​២០១៦ និង​ទិស​ដៅ​បន្ត​ឆមាស​ទី​២ ឆ្នាំ​២០១៦ និង​២០១៧ នៅ​សាលសន្និសីទ​ចតុមុខ នា​ថ្ងៃ​ទី​២៥ កក្កដា លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​លើក​ឡើង​ថា អាស្រ័យ​ដោយ​កំណើន​ភ្ញៀវ​ទេសចរ​ក្នុង​កម្រិត​ខ្ពស់ ហើយ​អ្នកបម្រើ​ការងារ​លើ​វិស័យ​នេះ​មាន​កម្រិត​ទាប​ទាំង​បរិមាណ និង​គុណភាព ដូច្នេះ​ក្រសួងទេសចរណ៍​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​ខាងលើ ពោល​គឺ​ត្រូវ​ជំរុញ​ការ​បណ្តុះបណ្តាល​កម្លាំង​ពលកម្ម​ថ្មី និង​បំពាក់បំប៉ន​ជំនាញ​បន្ថែម​ទៀត​ដល់​អ្នក​កំពុង​បម្រើ​ការងារ ។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា ៖ « នា​ទសវត្សរ៍​ចុង​ក្រោយ​នេះ ទេសចរណ៍​ត្រូវ​បាន​សកលលោក​ចាត់ទុកជា​វិស័យ​ដែល​មាន​ភាព​ធន់​នឹង​វិបត្តិ (Resilient) ។ ជាក់ស្ដែង ទោះបី​មាន​សង្គ្រាម​ក្នុង​ប្រទេស​មួយ​ចំនួន វិបត្តិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សកលលោក ការ​គំរាមកំហែង​ដោយ​ភេរវកម្ម និង​ជំងឺ​រាតត្បាត​ក្ដី ប៉ុន្តែ​ទេសចរណ៍​ពិភពលោក​នៅ​តែ​មាន​កំណើន​​លើស​ការ​រំពឹង​ទុក ដោយនៅ​ឆ្នាំ​២០១៣ មាន​ចំនួន​១.០៨៨​លាន​នាក់​, ឆ្នាំ​២០១៤ មាន​ចំនួន​១.១៣៤​លាន​នាក់ និង​ឆ្នាំ​២០១៥ មាន​ចំនួន​១.១៨៤​លាន​នាក់ ស្ថិត​ក្នុង​កំណើន​៤,៤% » ។

តាម​ការ​ព្យាករ​ឆ្នាំ​២០១៦​នេះ នឹង​មាន​កំណើន​៤% ហើយ​នៅ​ឆ្នាំ​២០២០ និង​ឆ្នាំ​២០៣០ ទេសចរណ៍​ពិភពលោក​នឹង​កើន​ដល់ ១.៦០០​លាន​នាក់ និង​១.៨០០​លាន​នាក់ ។

លោក ថោ​ង ខុន បាន​បញ្ជាក់​ជា​ថ្មី​ថា បើ​យោង​តាម​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) ត្រឹម​ឆ្នាំ​២០១៥ វិស័យ​ទេសចរណ៍​បាន​បង្កើត​ការងារ​ប្រមាណ​២៥០​លាន​នាក់ ពោល​គឺ​ក្នុង​ចំណោម​ការងារ​ចំនួន​១១ មានការ​ងារ​១ ជា​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ និង​បង្កើត​ចំណូល​សរុប​ប្រមាណ​៧,៣​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង​១០% នៃ​ផលិត​ផល​​ក្នុងស្រុក​សរុប (GDP) ។ ក្នុង​ពិភពលោក ចំណូល​ពី​វិស័យ​ទេសចរណ៍​ស្មើ នឹង​៣០% នៃ​ការ​នាំ​ចេញ​ផ្នែក​សេវាកម្ម និង​៧%​នៃ​ការ​នាំ​ចេញ​សរុប ស្ថិត​ក្នុង​លំដាប់​លេខ​៣ បន្ទាប់​ពី​ការ​នាំ​ចេញ​ផលិតផល​ប្រេង​ឥន្ទ​នៈ និង​ផលិតផល​គីមី ។

លោក​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែង​អះអាង​ថា ក្នុង​បរិបទ​អាស៊ាន វិស័យ​ទេសចរណ៍​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ផង​ដែរ ។ ជាក់ស្តែង នៅ​ឆ្នាំ​២០១៥​កន្លង​ទៅ ការ​មក​ដល់​នៃ​ទេសចរ​អន្តរ​ជាតិ​ក្នុង​តំបន់​អាស៊ាន​មាន​ចំនួន​១១១​លាន​នាក់ កើនឡើង​៧,៣% ។ ទេសចរណ៍​ផ្ទៃក្នុង​អាស៊ាន (Intra–ASEAN Travelers) មាន​ចំនួន​៥១​លាន​នាក់ កើនឡើង​៤% ។ ទេសចរណ៍​អាស៊ាន​បាន​បង្កើត​ការងារ​ផ្ទាល់​ប្រមាណ​១២​លាន​នាក់ និង​មិន​ផ្ទាល់​ប្រមាណ​៣០​លាន​នាក់ និង​បាន​បង្កើត​ចំណូល​ជូន​ជាតិប្រមាណ​១២% នៃ​ផលិតផល​ក្នុង​ស្រុក​​សរុប (GDP) ។ ជា​ចក្ខុវិស័យ​ឆ្នាំ​២០២០ អាស៊ាន​នឹង​ទទួល​បាន​ទេសចរ​អន្តរ​ជាតិប្រមាណ​១២៣​លាន​នាក់ ៕