ឆមាស​ទី​1​ឆ្នាំ​នេះ​កម្ពុជា​នាំ​ចេញ​ទំនិញ​ទៅ​ក្រៅប្រទេស​មាន​ទឹកប្រាក់​ប្រមាណ​ជាង​44​លាន​ដុល្លារ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​កាន់តែ​មាន​លទ្ធភាព​នាំ​ទំនិញ​ចេញ​ទៅ​បណ្តា​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​ៗ​មានការ​កើនឡើង ដោយសារ​តែ​ជាង​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ កម្ពុជា​បាន​ធ្វើការ​កែទម្រង់​ស៊ីជម្រៅ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​វិស័យ​ពាណិជ្ជកម្ម ព្រមទាំង​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​នៅ​លើ​ពិភពលោក ក្នុង​គោលបំណង​ជំរុញ​ការ​នាំ​ចេញ និង​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​ថ្មី​បន្ថែម ។

យោង​តាម​ទិន្នន័យ​ជំហាន​ដំបូង​នៅ​ក្នុង​ប្រព័ន្ធ​អាស៊ី​កូ​ដា​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បង្ហាញ​ថា ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ទៅ​តាម​បណ្តា​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម​នៅ​លើ​ពិភពលោក មាន​ទឹកប្រាក់​ប្រមាណ​ជាង​៤៤​លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៥ មាន​ប្រមាណ​៦,៦​លាន​ដុល្លារ កើន​ឡើង​ខ្ពស់​គួរ​ឱ្យ​កត់សម្គាល់ ។ ចំណែក​ប្រទេស​ដែល​កម្ពុជា​បាន​នាំ​ចេញ​ច្រើន​ជាងគេ រួម​មាន ឡាវ បែ​ល​ហ្ស៊ិ​ក ប៉ូ​ឡូញ អា​ល្លឺ​ម៉​ង់ ហូ​ឡង់ សិង្ហ​បុរី បារាំង ដា​ណឺ​ម៉ាក សាធា​រណ​រដ្ឋ​ឆែក ម៉ា​ឡេ​ស៊ី ចិន អង់គ្លេស ព្រុយ​ណេ និង​ប្រទេស​ស្វ៊ី​ស​ជាដើម ។

ទោះបី​នេះ​ជា​ទិន្នន័យបឋម និង​ពុំ​ទាន់​បាន​បង្ហាញ​ជា​ផ្លូវការ​ឬ​គ្រប់​ជ្រុងជ្រោយ​ក្ដី បើ​តាម​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​ក្នុងស្រុក​ចាប់ផ្តើម​មាន​សញ្ញា​ល្អ​ច្រើន ដែល​កាលពីមុន កម្ពុជា​មាន​អ្នក​ធ្វើ​អាជីវកម្ម​តិចតួច​ប៉ុណ្ណោះ ប៉ុន្ដែ​មក​ដល់​ពេល​នេះ មិន​ត្រឹមតែ​ការ​ធ្វើ​អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម​ទេ សូ​ម្បី​តែ​ខ្នាត​ធំ​ក៏​មានការ​កើនឡើង​ដែរ ដែល​ជា​ផ្នែក​មួយ​ចូលរួម​ធ្វើ​ឱ្យ​មាន​កំណើន​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា ។

លោកស្រី សឹង សុ​ផា​រី អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បានឱ្យ​ដឹង​ថា ៖ « ការ​កើនឡើង​នេះ ដោយសារ​កម្ពុជា​មាន​កំណែទម្រង់ និង​មាន​អ្នក​វិនិយោគ​ច្រើន ព្រោះ​អ្នក​វិនិ​យោគ​​ទទួល​បានការ​អនុគ្រោះ​ពី​ដៃគូ ធ្វើ​ឱ្យ​ទទួល​បាន​កំណើន​នៃ​ការ​នាំ​ចេញ​ផង​ដែរ ។ មួយវិញទៀត ក្របខ័ណ្ឌ​ច្បាប់ និង​នយោបាយ ជា​សំណាញ់​ទ្រទ្រង់​ដ៏​សំខាន់​មួយ​ដើម្បី​​រុញ​ចលនា​សេដ្ឋកិច្ច​ឱ្យ​ដើរ ហើយ​មាន​វិនិយោគ​ច្រើន​មក​ពី​បរទេស ។ ដូច្នេះ ដោយសារ​គេ​មើលឃើញ​នូវ​អត្ថប្រយោជន៍​ពី​ការ​អនុគ្រោះ​ពន្ធ​ពី​ដៃគូ​អភិវឌ្ឍន៍ ទើប​កម្ពុជា​មាន​លទ្ធភាព​នាំ​ចេញ​ច្រើន » ។

ផ្អែក​តាម​តួលេខ​នេះ តាម​លោកស្រី​យល់​ថា ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ក្នុងឆ្នាំនេះ គឺ​ពិតជា​កើនឡើង បើ​មើល​ពី​សន្ទុះ​នៅ​ចុងឆ្នាំ​មុន ធៀប​នឹង​ឆ្នាំ​នេះ វា​លើកលែងតែ​មាន​វិបត្តិ​អ្វីមួយ​ដែល​កើតឡើង​ដោយ​មើល​មិនដឹង នោះ​វា​អាច​នឹង​ធ្លាក់​ចុះ ៕