ឪពុក​នារី​រង​គ្រោះ​បដិសេធ​ថា ការ​សម្លាប់​នៅទន្លេបាទីមិនមែន​រឿង​ស្នេហា​ភេទ​ដូច​គ្នា​ទេ តែ​ជា​អំពើ​ប្លន់

ឪពុក​នារី​រង​គ្រោះ​បដិសេធ​ថា ការ​សម្លាប់​នៅទន្លេបាទីមិនមែន​រឿង​ស្នេហា​ភេទ​ដូច​គ្នា​ទេ តែ​ជា​អំពើ​ប្លន់



ខេត្តតាកែវ ៖ ពិតជា​ឈាម​ស្រែក​ស្បែក​ហៅ​មែន ទីបំផុត​ស្ត្រី​ជា​ជន​ដៃដល់​ម្នាក់​ត្រូវ​នគរបាល​ខេត្តតាកែវ សហការ​ជាមួយ​នគរបាល​ខេត្តកំពត ចាប់ខ្លួន​បាន​និង​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។ ស្ត្រី​រូប​នេះ គឺជា​ឃាតករ​ដែល​បាន​កាប់​នារី​ម្នាក់​ស្លាប់​នៅ​មណ្ឌល​ទេសចរណ៍​ទន្លេបាទី​នា​ពេល​ថ្មី​ៗ​កន្លង​ទៅ ហើយរ​ត់ទៅ​លាក់ខ្លួន​នៅផ្ទះ​ឪពុកក្នុង​ខេត្តកំពត និង​ត្រូវ​ចាប់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា វេលា​ម៉ោង​៤​និង​៥០​នាទី​ល្ងាច នៅ​ភូមិ​ត្រពាំង​ចក ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។

លោក​វរសេនីយ៍ទោ សែ​ម សុ​ជាតិ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត បានឱ្យ​ដឹង​ថា ស្ត្រី​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នេះ​ឈ្មោះ សាត មក​រា ហៅ​នី អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ត្រពាំង​លាន ឃុំ​ចំបក់ ស្រុក​បាទី សព្វថ្ងៃ​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ព្រែក​ហូរ សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

លោកនាយ​ការិយាល័យ​បន្ត​ថា កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ស្ត្រី​រូប​នេះ​បាន​សម្លាប់​នារី​ជា​មិត្តភក្តិ​ម្នាក់​នៅ​លើ​ផ្ទះទឹក​ក្នុង​មណ្ឌល​ទេសចរណ៍​ទន្លេបាទី ស្ថិត​ក្នុងភូមិ​បាទី ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ហើយ​រុញ​សព​នាង​ទម្លាក់​ទៅ​ក្នុង​ទឹក រួច​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​រហូត​ដល់​ថ្ងៃ​ចាប់ខ្លួន ។

លោកនាយ​ការិយាល័យ​បញ្ជាក់​ថា ពេល​នេះ យើង​កំពុងធ្វើការ​សាកសួរ​និង​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​សម្លាប់​បែប​ណា​នោះ​ទេ តែ​គឺ​ស្ត្រី​សង្ស័យ​នេះ​ពិតជា​ឃាតករ​ហើយ ។ មុន​នេះ​ឪពុក​របស់​នារី​រង​គ្រោះ​បាន​ច្រានចោល​ថា ការ​សម្លាប់​នោះ​មិនមែន​ដោយសារ​ស្នេហា​ភេទ​ដូច​គ្នា​ទេ តែ​ជា​អំពើ​ប្លន់ ។

បើ​តាម​ឪពុក​ជន​រង​គ្រោះ​ឈ្មោះ អ៊ូ ជា បាន​ប្រាប់​សមត្ថកិច្ច​ថា សម្ភារៈ​ជន​រង​គ្រោះ​បាន​បាត់បង់ រួម​មាន ម៉ូតូ​១​គ្រឿង ម៉ាក វ៉េវ ពាក់​ស្លាក​លេខ កណ្ដាល 1S-6861 កងដៃ​ប្លា​ទី​ន​៣​ជី ខ្សែ​ក​ប្លា​ទី​ន​៣​ជី ក្រវិល ទូរ​សព្ទ័​ដៃ​ម៉ាក​អាយ​ហ្វូ​ន​១​គ្រឿង និង​លុយកាក់​មួយ​ចំនួន​ទៀត ។

ឪពុក​ជន​រង​គ្រោះ​បានឱ្យ​ដឹង​បន្ថែម​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២០​កក្កដា ជន​រង​គ្រោះ​បាន​រៀបចំ​ខ្លួន​ថា ​ទៅ​លា​លា​រៀន ដោយ​ជិះ​ម៉ូតូ​ទៅ​ដូច​សព្វមួយដង ។ លុះដល់​រសៀល​ថ្ងៃ​ដដែល​មាន​គេ​ទូរ​សព្ទ័​មក​ប្រាប់​ថា មនុស្ស​ស្រី​ដែល​គេ​សម្លាប់​នៅ​រមណីយដ្ឋាន​ទន្លេបាទី ដូច​កូនស្រី​គាត់ គាត់​ក៏​បាន​ទូរ​សព្ទ័​ទៅ​លេខ​កូន​គាត់ តែ​តេ​មិ​ចូល ហើយ​ក៏​បាន​ប្រញាប់​ទៅ​ពិនិត្យ​សព ទើប​ស្គាល់​ច្បាស់​ថា ជា​កូនស្រី​គាត់​ពិតប្រាកដ​មែន ធ្វើ​ឱ្យ​គាត់​រន្ធត់ តក់ស្លុត​ជា​ខ្លាំង ។

ទោះជា​បែប​ណា សមត្ថកិច្ច​មិន​ទាន់​បាន​ចម្លើយ​ពី​ស្ត្រី​សង្ស័យ​រូប​នេះ​នៅឡើយ​ទេ ។ សមត្ថកិច្ចនាំខ្លួនបង្ហាញ​ពី​​ត្រាប់​ក្នុងការធ្វើសកម្មភាពសម្លាប់​ដ៏សាហាវនេះ នៅព្រឹក​ថ្ងៃទី២៦ កក្កដា ២០១៦ នេះ ស្ថិត​​នៅ​ចំណុច​​លើ​រោង​លំហែកាយ​រមណីយដ្ឋាន​​ទន្លេបាទី ​​ក្នុង​ភូមិ​ថ្នល់​ទក្សិណ ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ ។

សូមរំលឹកឡើងវិញថា សមត្ថកិច្ច​មាន​នគរបាល​និង​កងរាជអាវុធហត្ថ​ខេត្តតាកែវ មក​សហការ​ជាមួយ​សមត្ថកិច្ច​ខេត្តកណ្ដាល បាន​ធ្វើការ​ស្រាវជ្រាវ​ករណី​ឃាតកម្ម​លើ​នារី​ម្នាក់ នៅ​មណ្ឌល​ទេសចរណ៍​ទន្លេបាទី ខេត្តតាកែវ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ កក្កដា ។ ទោះបីជា​បែប​ណា​ក្ដី មក​ដល់​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា នៅ​មិន​ទាន់​មាន​តម្រុយ​ណាមួយ​ឈាន​ទៅ​វែកមុខ​ឃាតករ​នៅឡើយ​ទេ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ​ជា សុ​ជាតិ អាយុ​២២​ឆ្នាំ ជា​និ​សិ​ត្យ​ឆ្នាំ​ទី​៣​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស​នៅ​សាលា​អ៊ី​ន​ធើ​រែ​ ន​ខាងកើត​ផ្សារ​អូ​ឡាំ​ពិ​ក​ជាប់​វត្ត​មហាមន្ត្រី និង​ជា​បុគ្គលិក​បណ្ដែត​របស់​មន្ទីរ​ទេសចរណ៍​ខេត្តកណ្តាល ហើយ​ក៏​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​នៅ​សាលា​អន្តរជាតិ​អាស៊ាន​នៅ​ភ្នំពេញ​ ផង​ដែរ ។ នាង​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ព្រែក​សំរោង​១ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។

ទាក់ទង​នឹង​ករណី​ឃាតកម្ម​ដោយ​ការ​កាប់សម្លាប់​ពីក្រោយ​ដោយ​ការ​គ្រោង​ ទុកជា​មុន​នេះ ត្រូវ​បាន​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា អាច​ជា​អំពើ​ប្លន់ ហើយ​ជនសង្ស័យ​ក៏​ជា​មនុស្ស​ស្និទ្ធស្នាល​ជាមួយ​ជន​រង​គ្រោះ​ថែម​ទៀត ទើប​មាន​លទ្ធភាព​បបួល​ដើរ​លេង​តែ​២​នាក់​នៅផ្ទះ​ទឹក​ទ​ន្ល​បាទី​។ ទោះជា​បែប​ណា​ក្តី តាម​រយៈ​សមត្ថកិច្ច​ដែល​បាន​ធ្វើការ​សាកសួរ​មិត្តភក្តិ​និង​អ្នក​ ស្និទ្ធស្នាល​ជាមួយ​ជន​រង​គ្រោះជា​ច្រើន​នាក់ នៅ​កន្លែង​តម្កល់សព​ធ្វើបុណ្យ​ក្នុង​វត្ត​ព្រែក​សំរោង មិន​ទាន់​មាន​តម្រុយ​ណាមួយ​ជា​ពន្លឺ ក្នុង​ការ​ស្វែង​រកមុខ​ឃាតករ​នៅឡើយ​ទេ ។

ទាក់ទង​នឹង​ព​ត័​មាន​ចចាមអារ៉ាម​ថា ជន​រង​គ្រោះ​អាច​ជា​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា ត្រូវ​បាន​ក្រុម​គ្រួសារ​និង​មិត្តភក្ដិ​ជន​រង​គ្រោះ បដិសេធ​ភ្លា​ៗ​ថា ជា​រឿង​មិន​ពិត ។

គ្រានោះ​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជា​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន ដែល​ឃាតករ​អាច​ជានា​រី​ដែល​ស្គាល់គ្នា​ជាមួយ​ជន​រង​គ្រោះ បាន​រៀបចំ​ផែនការ​បបួល​ជន​រង​គ្រោះ​ទៅ​លេង​នៅ​ទន្លេបាទី ដែល​ជា​ថ្ងៃ​មិន​មាន​មនុស្ស​ទៅ​កម្សាន្ត​ច្រើន​ទេ ហើយ​ស្ងាត់​ងាយស្រួល​ធ្វើ​សកម្មភាព​សម្លាប់​ជន​រង​គ្រោះ ។ ពេល​នេះ​ដោយសារ​ការ​ស្គាល់​អត្តសញ្ញាណ​នារី​រង​គ្រោះ ដូច្នេះ​មិនយូរ​នោះ​ទេ ស្ត្រី​ជា​ឃាតករ​រូប​នោះ​ច្បាស់​ជា​ត្រូវ​ចាប់ខ្លួន​បាន​មិន​ខាន ៕