រដ្ឋាភិបាល​ទទួល​ស្គាល់​ថា បាន​ចល័ត​រថក្រោះ​កាត់​តាម​ភ្នំពេញ

រថក្រោះជាច្រើនគ្រឿង ត្រូវបានពលរដ្ឋឃើញ និងថតបាន ក្នុងថ្ងៃអាទិត្យទី២៤ ខែកក្កដា ថាបានចល័ត​ចេញ​ពី​ភូមិ​ភាគ ខេត្ត​ព្រះវិហារ កាលពីពេលព្រឹក និងបានចល័ត កាត់តាមរាជធានីភ្នំពេញ កាលពីពីពេលយប់។ មន្ត្រីអ្នក​នាំ​ពាក្យ​ក្រសួង​​ការពារ​ជាតិ បាន​ទទួល​ស្គាល់​ថា ពិតជាមានការចល័តមែន តែគឺដើម្បីយក​រថក្រោះ​ទាំង​នោះ ទៅ​ជួសជុល។
រដ្ឋាភិបាល​ទទួល​ស្គាល់​ថា បាន​ចល័ត​រថក្រោះ​កាត់​តាម​ភ្នំពេញ

ក្បួនរថក្រោះចំនួន៥គ្រឿង ដែលត្រូវបានពលរដ្ឋឃើញ និងថតបាន កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦។ (រូបផ្តិតពីវីដេអូ)

រូបភាពនៃការចល័តរថក្រោះ ជាច្រើនគ្រឿង បានកើតឡើង នៅចំថ្ងៃទី២៤ ខែកក្កដា ថ្ងៃនៃការ​ដង្ហែសព​ដ៏ធំ​សម្បើម របស់​​បុណ្យ​សពលោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម ដែលត្រូវបានធ្វើឃាត យ៉ាងសាហាវព្រៃផ្សៃ កណ្ដាល​រាជធានី​​ភ្នំពេញ កាល​​ពី១៦ថ្ងៃ​មុន។ រដ្ឋាភិបាលតាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិ បានទទួល​ស្គាល់​ថា ពិត​ជា​បាន​ចល័ត​រថក្រោះ​​នោះ​​មក​​មែន តែដើម្បីយកមកជួសជុលតែប៉ុណ្ណោះ។

ប្រិយមិត្តជាច្រើន បានផ្ញើររូបភាពជាវីដេអូ មកកាន់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ហើយបានបង្ហាញឲ្យឃើញថា រថក្រោះទាំងនោះ មាន​ចំនួនប្រមាណជា ៥គ្រឿង ត្រូវបានចល័តចេញ ពីភូមភាគខេត្តព្រះវិហារ នៅពេលព្រឹក និង​ប្រមាណ​ជា១០​គ្រឿង នៅពេលដែលក្បួនដឹករថក្រោះទាំងនោះ បានកាត់តាមរាជធានីភ្នំពេញ នៅពេល​យប់ តាមបណ្ដោយវិថី ហាណូយ ឆ្ពោះទៅទិសខាងត្បូង។ ក្រុមពលរដ្ឋអ្នកប្រើប្រាសបណ្ដាញសង្គម បាន​និយាយ​ទៀត​ថា នៅវេលា​ជា​​ម៉ោង​៩យប់ ថ្ងៃអាទិត្យដដែលនោះ ពួកគេបានឃើញរថក្រោះទាំងនេះ ស្ថិតក្នុង​តំបន់ “ចម្ការ​ដូង” ក្នុង​ខណ្ឌ​ដង្កោ។

វីដេអូ ដែលបង្ហាញពីការចល័តរថក្រោះទាំងនេះ៖

ទស្សនាវដ្ដីមិនអាចបញ្ជាក់ ពីភាពជាក់លាក់ នៃវីដេអូទាំងនេះបានទេ។ ប៉ុន្តែយ៉ាងហោចណាស់ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រកាសថា វាពិតជា​មាន​ការចល័ត​រថក្រោះ​​ទាំងនេះ​​ពិតមែន។ ថ្លែង​ប្រាប់ព្រឹត្តិប័ត្រ ខេមបូឌាដេលី ដែលចេញផ្សាយប្រចាំថ្ងៃ កាលពីថ្ងៃទី២៥ ខែកក្កដានេះ លោក សុជាតិ បាន​​ឲ្យ​​ដឹងថា រថក្រោះទាំង១០គ្រឿងនោះ ពិតជាត្រូវបានដឹក ពីទិសខាងជើងឆ្ពោះ ទៅទិសខាងត្បូងរាជធានី​ភ្នំពេញ កាល​ពីយប់ថ្ងៃអាទិត្យនោះមែន ប៉ុន្តែដើម្បីយកទៅជួសជុលប៉ុណ្ណោះ និងមិនបានបង្ក ឲ្យមាន​ការភ្ញាក់​ផ្អើល​អ្វីទេ។

បើទោះ ជាមន្ត្រីអ្នកនាំពាក្យរូបនេះ អះអាងថា នោះជាការចល័តរថក្រោះ យកទៅជួសជុលនោះក៏ដោយ តែ​លោក​មិនបានលំអិតថា ការជួសជុលនោះ ស្ថិតនៅទីណា ហើយថាតើមានរោងជាង សម្រាប់ជួសជុលរថក្រោះ ពិត​ជាមាននៅជាប់រាជធានីភ្នំពេញ ឬយ៉ាងណាដែរ។ យ៉ាងណា លោក ឈុំ សុជាតិ បានបដិសេធថា ការ​ចល័ត​រថក្រោះ​ទាំងនេះ មិនមានជាប់ពាក់ព័ន្ធអ្វី នឹងពិធីដង្ហែសពលោក កែម ឡី ដែលបានប្រមូលមនុស្ស ច្រើន​ម៉ឺន​សែន​នាក់ ឲ្យចូលរួមកាលពីថ្ងៃអាទិត្យ​នោះឡើយ៕