អ្នក​កាន់ប័ណ្ណ​ហួសសុពលភាព មាន​ជាង៣ម៉ឺន​នាក់​ក្នុងចំណោម​ជិត​១៥ម៉ឺន​នាក់​

រាជធានីភ្នំពេញ ​៖ ​លោកមាស ច​ន្ថា ប្រធាន​អង្គភាព​ផ្តល់​ប​ណ្ណ័​បើកបរ និង​សុវត្ថិភាព​ចរាចរ​ណ៍​​ផ្លូវគោក​នៃ​មន្ទីរ​សាធារណៈការ ​និង​ដឹក​​ជញ្ជូន​រាជធានី​ភ្នំពេញ​​ឱ្យ​​ដឹង​​ថា គិត​ពី​ឆ្នាំ​២០០៨​ ដល់​ថ្ងៃ​ទី​២៥​ មិថុនា​ ២០១៦ អង្គភាព​ផ្តល់​ប​ណ្ណ័​បើកបរ​ និង​សុវត្ថិភាព​ចរា
ចរ​ណ៍​​​​​ផ្លូវគោក​នៃ​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ផ្តល់​ប​ណ្ណ័​បើកបរ​រថយន្ត ជូន​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ​ចំនួន​១៤.៦​៩៣៣​ប័ណ្ណ ក្នុង​នោះ​ ផុត​​សុពលភាព​ចំនួន​៦.១​៩៣៩​ប័ណ្ណ​ បាន​ប្តូរ​រួច​ចំនួន​២.៨​១៩៤​ប័ណ្ណ និង​​​មិន​ទាន់​បាន​ពន្យា​រ មាន​​​ចំនួន​៣.៣​៧៤៥ប័ណ្ណ ។

​លោក​បន្ត​ថា ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ ​មាន​ជិត​៩​សែន​នាក់ ប៉ុន្តែ​អ្នកមាន​ប័ណ្ណ​​បើកបរ​រថយន្ត​ប្រើប្រាស់ មាន​តែ​ជាង​១​សែន​នាក់ ក្នុង​នោះ​ផុត​សុពលភាព​ជាង​៣​ម៉ឺន​នាក់ ។

លោក​មាស ច​ន្ថា ឱ្យ​​ដឹង​ទៀត​ថា គិត​ពី​ឆ្នាំ​២០០៨ ​ដល់​ថ្ងៃ​ទី​៣១ ​ឧសភា​ ឆ្នាំ​២០១៦ ​នេះ អង្គភាព​របស់​លោកបាន​ផ្តល់​ប័ណ្ណ​បើកបរ​រថយន្ត​ជូន​ពលរដ្ឋ​ភ្នំពេញ​បាន​ចំនួន​១៤.០​៤៤១​ប័ណ្ណ ។ ក្នុង​នោះ​ ផុត​សុពលភាព​ចំនួន​៦.០​១៦០​ប័ណ្ណ បាន​ប្តូរ​រួច​ចំនួន​២.៧​១៣៩​ប័ណ្ណ និង​មិន​ទាន់បាន​ពន្យារ​​មាន​ចំនួន​៣.៣០២១​ប័ណ្ណ ​។

​លោក​បន្ត​ថា ដោយ​មានការ​ជំរុញ​ពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន និង​មន្ទីរ​សាធារណការ  អង្គភាព​របស់​លោក​បាន​និង​កំពុង​ខិតខំ​ជម្រុញ​ធ្វើ​ប័​ណ្ណ​បើកបរ​ជូន​ប្រជាពលរដ្ឋ ។ បើ​ធ្វើការ​ប្រៀបធៀប​ពី​ថ្ងៃ​ទី​២៥​ មិថុនា​ ទៅ​នឹង​ថ្ងៃ​ទី​៣១ ឧសភា គឺ​មាន​រយៈ​ពេល​២៥​ថ្ងៃ អង្គភាព​ផ្តល់​ប័ណ្ណ​​បើកបរ​ជូន​ប្រជាពលរដ្ឋ​ បាន​ជិត​៧​ពាន់​នាក់ បើ​គិត​រយៈពេល​១​ខែ​ប្រមាណ​៨​ពាន់​នាក់ ក្នុង​បំណង​ដើម្បី​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​មា​នប័ណ្ណ​បើកបរ​បាន​ត្រឹមត្រូវ​ និង​កាត់​បន្ថយ​ប័ណ្ណ ​ដែល​ផុត​សុពលភាព​ឲ្យ​នៅ​កាន់តែ​តិច ​ឬ​ជម្រុញឱ្យ​​អស់​តែ​ម្តង ។