លោក សូ ចាន់ណា​រី មេ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩១១ ផ្គើន​បទបញ្ជា​ថ្នាក់ដឹកនាំ​ក្រសួង​

​ប្រភពព័ត៌មាន​ពី​ខេត្តបន្ទាយមានជ័យ​បាន​រាយការណ៍​មក​ថា មេ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩១១​លោក សូ ចាន់ណា​រី ដែល​រង​ការ​រិះគន់ថា​ប្រើ​អំណាច​ខុសច្បាប់​នោះ មិន​ខ្លាចញញើត​បទបញ្ជា​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ និង​បទបញ្ញត្តិ​ច្បាប់​ឡើយ ហើយ​នៅតែ​បន្ត​ប្រើ​អំណាច​របស់ខ្លួន​ឃុបឃិត​ជាមួយ​បក្ខពួក និង​ក្រុម​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​ជាច្រើន​ប្រភេទ​ដើម្បី​ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន ហើយ​បង្ក​ការ​អន្តរាយ​ដល់​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​។​

បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន​ខ្មែរ​-​សៀម និង​កូនចៅ​មន្ត្រីៗ នគរបាល​តូចតាច​មួយចំនួន​បាន​រាយការណ៍​មក​ថា​ច្រករបៀង​ក្រោម​ការគ្រប់គ្រង​របស់លោក សូ ចាន់ណា​រី មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ ៩១១ បាននិងកំពុង​កើតមាន​បទល្មើស​នាំចូល ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ព្រមទាំង​មានការ​បើកដៃ​ឲ្យ​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ចូល​ដី​សៀម​ស្ទើរ​រាល់​យប់​ថ្ងៃ​ដែល​បញ្ហា​នេះ​កំពុងតែ​ធ្វើ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ​ច្រើនណាស់​។

លោក សូ ចាន់ណា​រី និង​បក្ខពួក​ត្រូវគេ​ដឹងថា​តែងតែ​ឃុបឃិត​ជាមួយ​មន្ត្រី​មានអំណាច​នៅ​ខេត្តបន្ទាយមានជ័យ​ធ្វើ​របាយការណ៍​មក​ថ្នាក់លើ​ថា​ច្រករបៀង​ដែល​ក្រុម​ខ្លួន​គ្រប់គ្រង​គ្មាន​បទល្មើស​អ្វី​កើតឡើង​ឡើយ តែ​ភាពជាក់ស្តែង​បទល្មើស​នៅតែ​បន្ត​កើតមាន​មិន​ដាច់​។ ជាក់ស្តែង​ករណី​ពលករ​ឆ្លងដែន ការហូរចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខូចគុណភាព នៅតែ​បន្ត​កើតមាន ដែល​បញ្ហា​ទាំងនេះ​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋា​ភិ​បាល​ធ្លាប់បាន​ព្រមាន​ឲ្យ​បញ្ឈប់​ច្រើនដង​ហើយ​។​

ជាក់ស្តែង​នៅថ្ងៃនេះ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បង្គាប់​ឱ្យ​អាជ្ញាធរ​អាជ្ញាធរ​បិទ​ច្រករបៀង​នានា​នៅតាម​ព្រំដែន​កម្ពុជា​-​សៀម ដើម្បី​ទប់ស្កាត់​ការនាំ​ចូល​ទំនិញគេចពន្ធ និង​ទប់ស្កាត់​ការនាំ​ពលករ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​ដោយ​ខុសច្បាប់​។ ក្នុងឱកាស​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​ដក​បទពិសោធន៍​ការងារ​គ្រប់គ្រង​លំហូរ​មិន​ប្រក្រតី​នៃ​ពលករ​ឆ្លងកាត់​ព្រំដែន នៅ​ខេត្តបន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៦ លោក ស ខេង បាន​រិះគន់​ពី​ភាព​អសកម្ម​របស់​មន្ត្រី​មួយចំនួន​ដែល​ធ្វើ​ឲ្យ​បទល្មើស​នៅតែ​បន្ត​កើតមាន​ដដែល​។​

ជុំវិញ​បញ្ហា​ខាងលើនេះ បើទោះជា​មាន​បទបញ្ជា​ពី​រដ្ឋាភិបាល​ឲ្យ​ទប់ស្កាត់​បទល្មើស​តាម​ច្រករបៀង​ជាប់​ព្រំដែន​ក៏ដោយ ក៏​លោក សូ ចាន់ណា​រី មេ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩១១ ត្រូវបាន​ពលរដ្ឋ​ខេត្តបន្ទាយមានជ័យ​រិះគន់ថា ផ្គើន​នឹង​ច្បាប់ ព្រោះ​ច្រករបៀង​ក្រោម​ការគ្រប់គ្រង​របស់លោក សូ ចាន់ណា​រី នៅតែ​បន្ត​កើតមាន​បទល្មើស​យ៉ាងច្រើន​ស្អេកស្កះ ពិសេស​ពេលយប់ ដែល​បញ្ហា​នេះ​ពលរដ្ឋ​សំណូមពរ​ឲ្យ​ក្រ​សួ​មហាផ្ទៃ​គប្បី​ចាត់វិធានការ​ក្តៅ​ចំពោះ​អំពើ​ល្មើសច្បាប់​៕

100លោក សូ ចាន់ណា​រី មេ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩១១