CNRP ប្រកាស​ទទួល​បេក្ខជន​ចុះ​ឈ្មោះ​មេឃុំ​-​ចៅសង្កាត់

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុ​ល ហំ​ម បាន​លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ (CNRP) នឹង​ប្រកាស​ជា​សាធារណៈ​ឲ្យ​មានការ​ដាក់​ពាក្យសុំ​ចុះ​ឈ្មោះ​ធ្វើ​ជា​មេឃុំ និង​ចៅសង្កាត់​ឲ្យ​បាន​ទូលំ​ទួ​លាយ ។

លោក​បញ្ជាក់​ថា​« យើង​មិន​ប្រកាស​តែ​សម្រាប់​គណបក្ស​យើង​ទេ ទោះបី​បេក្ខជន​មក​គណបក្ស​នយោបាយ​ណា​ក៏​ដោយ អាច​ដាក់​បាន​។ ពេល​គាត់​ឃើញ​មាន​ប្រជាប្រិយភាព អាច​ជាប់​ឆ្នោត​បាន នោះ​យើង​នឹង​ធ្វើការ​ពិចារណា ។

ថ្លែង​ទៅ​កាន់​សកម្មជន​និង​អ្នកគាំទ្រ​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ នា​ព្រឹក​ថ្ងៃ​ទី​២៦ កក្កដា ២០១៦ លោក ប៉ុ​ល ហំ​ម បាន​បញ្ជាក់​ទៀត​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​កំណែទម្រង់​ផ្ទៃក្នុង​បក្ស ធ្វើ​យ៉ាងណា​ដើម្បី​ទទួល​បានការ​គាំទ្រ​ពី​មហាជន​ថែម​ទៀត ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សួ​ស យ៉ា​រ៉ា បាន​ឲ្យ​ដឹង​ថា «​ការ​លើក​ឡើង​របស់​គណបក្សប្រឆាំង​គឺជា​គោលការណ៍​របស់​គេ យើង​មិន​មាន​យោបល់​ចំពោះ​អ្វី​ដែល​គាត់​លើក​ឡើង​នោះ​ទេ​»​។