ជួយ​ផង ! បាត់​កូនស្រី​ខ្ញុំ​ហើយ

ខេត្ត​ប៉ៃលិន ៖ កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៦ អាណាព្យាបាល​របស់​យុវតី​ដ៏​ស្រស់​ស្អាត​ម្នាក់​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​កាច់​ថា បាន​បាត់​កូនស្រី​មិនដឹង​ទៅ​ទីណា​ទេ សូម​សមត្ថកិច្ច​ជួយ​រក​ឲ្យ​ផង ។

សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្ទឹង​កាច់​បាន​ឲ្យ​ដឹង​ថា លោក ណ​ម ពេទ្យ បាន​ឲ្យ​ដឹង​ថា កូនស្រី​របស់​គាត់​ឈ្មោះ ញ៉ម ស្រី​ណា អាយុ​១៦​ឆ្នាំ ជា​អ្នក​ចែក​បៀរ​នៅ​ក្នុង​កាស៊ីណូ​យីហោ​ស៊ី​សា ដែល​បាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន (​ព្រំដែន​កម្ពុជា​-​ថៃ​) ។

នៅ​ក្នុង​ពាក្យបណ្ដឹង​បាន​បញ្ជាក់​ថា កូនស្រី​របស់​គាត់​បាន​បាត់​ខ្លួន​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​យប់ ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៦ ។ នៅ​ពេល​បាត់​ខ្លួន​ភ្លាម​ៗ នៅ​ថ្ងៃ​ទី​២៣​កក្កដា គាត់​បាន​ទូរស័ព្ទ​ទំនាក់ទំនង​ទៅ​កូនស្រី​ដែរ​តែ​ទូរស័ព្ទ​ចូល​ហើយ​គ្មាន​អ្នក​ទទួល លុះដល់​រសៀល​ថ្ងៃ​ទី​២៤​ក៏​ទូរស័ព្ទ​លែង​ចូល​រហូត ក៏​នាំ​គ្នា​មក​ប្តឹង​សមត្ថកិច្ច​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៦ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​រក​កូនស្រី​គាត់​ផង ៕