ធី សុវណ្ណថា ​ទាមទារសំណង​ពីអ្នកជេរតាម​ Facebook ​ម្នាក់ៗ១០ម៉ឺនដុល្លារ

រាជធានី​ភ្នំពេញ ៖ ​ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម​ និង​អតីត​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ កញ្ញា ធី សុវណ្ណ​ថា បាន​ប្រកាស​រក្សាបណ្តឹងរបស់ខ្លួន​និងទាមទារ​សំណងជំងឺចិត្តពី​ចុងចម្លើយម្នាក់ៗ​១០ម៉ឺនដុល្លារ ។

ការទាមទារនេះ ​បានធ្វើឡើងនៅចំពោះមុខតំណាង​អយ្យការ​អមសាលាដំបូងរាជធានីភ្នំពេញ​ បន្ទាប់ពីកញ្ញា ធី​ សុវណ្ណថា ​បាន​ចូល​ខ្លួន​ទៅ​កាន់​​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​ក្នុង​នាម​ជាដើម​បណ្ដឹង​បទ​បរិហារ​កេ​រ្ត៍ ​និង​ជេរ​ប្រមាថ​តាម​សង្គម​ហ្វេ​ស​ប៊ុ​ក នាព្រឹកថ្ងៃទី២៦​ កក្កដា​ ២០១៦ ។

ការចូលទៅបំភ្លឺរបស់​អតីតសកម្មជនគណបក្សសង្រ្គោះជាតិរូបនេះ ​បានធ្វើឡើងតាមដីកាកោះ​​ដាច់​ដោយឡែក​ពី​គ្នា​ចំនួន​២​ច្បាប់ បង្ហាញ​ថា​ លោក វង្ស ប៊ុ​ន​វិសុទ្ធ​  ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​ កោះ​អញ្ជើញ​កញ្ញា ធី សុវណ្ណ​ថា​ ឲ្យ​ចូល​បំភ្លឺ​នៅ​វេលា​ម៉ោង​៨​ព្រឹក​ ថ្ងៃ​ទី​២៦ កក្កដា​ ដែល​ប្តឹង​ឈ្មោះ ម៉ោ​ញ សា​រ៉ាត់ ​ភេទ​ប្រុស ពី​បទ​បរិហារកេរ្តិ៍ ។ ដោយឡែក ​លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​បាន​កោះ​អញ្ជើញ​កញ្ញា ធី សុវណ្ណ​ថា​ ឲ្យ​ចូល​បំភ្លឺ​នៅ​វេលា​ម៉ោង​៩ ​និង​៣០ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤​ ខែកក្កដា ដែល​ប្តឹង​ឈ្មោះ ​អួន វ៉ា​ន់​សាក់​ ពី​បទ​បរិហារកេរ្តិ៍ ​និង​ជេរ​ប្រមាថ​ដូច​គ្នា ៕