អាជីវករ​ផ្សារ​ស្ទឹងត្រែង​ទាមទារ​ឲ្យ​អាជ្ញាធរ​បែងចែក​តូប​តាម​ការ​ណែនាំ​របស់​លោក ហ៊ុន សែន

ក្រុម​អាជីវករ​ជាង ១០០​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​សាលា​ខែត្រ​ស្ទឹងត្រែង ទាមទារ​ឲ្យ​អាជ្ញាធរ​ខែត្រ​អនុវត្ត​គម្រោង​សាងសង់​ផ្សារ​ថ្មី​ផ្អែក​តាម​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។  ក្រុម​អាជីវករ​នៅ​តែ​ខ្វាយខ្វល់​ពី​គម្រោង​សាងសង់​ផ្សារ​នោះ ខណៈ​អាជ្ញាធរ​ខែត្រ​នៅ​មិន​ទាន់​បង្ហាញ​ពី​ជំហរ​ជាក់លាក់​ស្តីពី​ការ​បែងចែក​តូប​នៅ​ឡើយ​ទេ។

អ្នកនាំពាក្យ​សាលា​ខែត្រ​សន្យា​ថា ការ​ទាមទារ​របស់​អាជីវករ អាជ្ញាធរ​ខែត្រ​នឹង​ស្នើ​សុំ​សេចក្ដី​សម្រេច​ជា​ផ្លូវ​ការ​ពី​ថ្នាក់​លើ។

អាជីវករ​ផ្សារ​ស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃ​ទី​២៥ កក្កដា ទាមទារ​ឲ្យ​អាជ្ញាធរ​ខែត្រ​ដោះស្រាយ​ការ​ទាមទារ​របស់​ពួកគេ។ ពួកគាត់​ទាមទារ​ឲ្យ​អាជ្ញាធរ​បែងចែក​តូប​ឲ្យ​ច្បាស់លាស់ ហើយ​អនុវត្ត​គម្រោង​សាងសង់​ផ្សារ​ថ្មី​ផ្អែក​តាម​ប្លង់​ចាស់ ដែល​ធានា​ទំហំ​ដូច​ដើម តម្លៃ​សមរម្យ និង​មិន​ចាប់​ឆ្នោត។

អាជីវករ​ម្នាក់​ក្នុង​ចំណោម​អាជីវករ​ជា​ច្រើន​ទៀត គឺ​លោកស្រី យស់ សុធីតា ឲ្យ​ដឹង​ថា បន្ទាប់​ពី​ជំនួប​ផ្ទាល់​មាត់​ជាមួយ​អ្នកនាំពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង ជាង ២​ម៉ោង ក្រុម​អាជីវករ​មិន​ទាន់​ទទួល​លទ្ធផល​ជា​ដុំ​កំភួន​ឡើយ។ លោកស្រី​ថា អាជីវករ​ទាមទារ​ឲ្យ​អាជ្ញាធរ​បែងចែក​តូប​ជូន​អាជីវករ​ដោយ​មិន​ចាប់​ឆ្នោត​តម្លៃ​តូប​សមរម្យ ហើយ​ការ​បែងចែក​ប្លង់​តូប​នោះ​ត្រូវ​អនុវត្ត​តាម​ប្លង់​ចាស់។

លោកស្រី​បញ្ជាក់​ថា  តូប​របស់​លោកស្រី​មុន​អគ្គីភ័យ​ឆេះ​មាន​ទំហំ ១២​ម៉ែត្រ​បួន​ជ្រុង តែ​អាជ្ញាធរ​គ្រោង​នឹង​ផ្ដល់​ឲ្យ​លោកស្រី​តែ ៤​ម៉ែត្រ​បួន​ជ្រុង​ប៉ុណ្ណោះ៖ «នៅ​តែ​រង់ចាំ រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ។ ក្នុងនាម​ខ្ញុំ​ជា​អាជីវករ ចង់​ឲ្យ​គាត់​និយាយ​ឲ្យ​ច្បាស់​ថា ការ​បែង​ចែង​តូប​ផ្សារ​នេះ​គឺ​មិន​មាន​ការ​ចាប់​ឆ្នោត ...មានតែ​ប៉ុណ្ណឹង​ទេ។ រាល់​ថ្ងៃ​នេះ​គឺ​គាត់​ថា ជម្រើស​ចុង​ក្រោយ​គឺ​ចាប់​ឆ្នោត​មាន​តែ​ពាក្យ​តែ​ប៉ុណ្ណឹង។ អត់​មាន​អី​ច្បាស់លាស់​ឲ្យ​ពួក​ខ្ញុំ​កក់ក្ដៅ»

​អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង ថ្លែង​បញ្ជាក់​ថា អាជ្ញាធរ​បាន​បែងចែក​តូប​ទៅ​តាម​លំដាប់ ដែល​ធានា​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​ល្អ ហើយ​អាជ្ញាធរ​នឹង​ផ្ដល់​តូប​ឲ្យ​អាជីវករ​តាម​ទំហំ​ចាស់ ក៏ប៉ុន្តែ​ប្លង់​តូប​ត្រូវ​អនុវត្ត​តាម​គម្រោង​មាន​ទំហំ ២​ម៉ែត្រ​ស្មើៗ​គ្នា។ លោក​ថា អាជ្ញាធរ​ខែត្រ​នឹង​បែងចែក​តូប​ជូន​អាជីវករ​ដោយ​យុត្តិធម៌ និង​តម្លាភាព៖ «មិនមែន​មាន​ន័យ​ថា គណៈកម្មការ​ខែត្រ ឬ​អាជ្ញាធរ​ខែត្រ​ទៅ​សាងសង់ ហើយ​លក់​ឲ្យ​បងប្អូន​ទេ គឺ​យើង​សិក្សា​តម្លៃ​ឲ្យ ប៉ុន្តែ​តូប​គឺ​សិក្សា​ទៅ​តាម​ទំហំ ទៅ​តាម​ប្លង់​តូប​ដែល​បាន​បែង​ចែង​ជូន តាម​ទំហំ​ជាក់ស្ដែង​ដែល​បងប្អូន​បាន​ផ្ដល់​ព័ត៌មាន​នេះ»

​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល យល់​ឃើញ​ថា ការ​ទាមទារ​របស់​អាជីវករ អាជ្ញាធរ​គួរ​ពិចារណា និង​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​ច្បាស់លាស់ ខណៈ​អាជីវករ​ភាគ​ច្រើន​នៅ​មិន​អស់​ចិត្ត​ពី​គម្រោង​សាងសង់​ផ្សារ​នេះ។ លោក​ថា អាជ្ញាធរ​ខែត្រ និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​បង្ហាញ​ពី​ជំហរ​ជាក់លាក់​នៃ​ការ​បែង​ចែង​តូប​នោះ ដើម្បី​ឲ្យ​អាជីវករ​ស្ងប់ចិត្ត និង​ត្រូវ​ធានា​ថា ការ​បែង​ចែង​តូប​នោះ​មាន​តម្លាភាព និង​យុត្តិធម៌៖ «តូប​ប្រជាពលរដ្ឋ​ខ្លះ​មាន​តម្លៃ ៥០០​ដុល្លារ តូប​ពលរដ្ឋ​ខ្លះ​មាន​តម្លៃ ១​ពាន់​ដុល្លារ ហើយ​តូប​ពលរដ្ឋ​ខ្លះ​មាន​តម្លៃ​ដល់​ទៅ​រាប់​ម៉ឺន​ដុល្លារ អ៊ីចឹង​បើ​ចាប់​ឆ្នោត​ទៅ​យើង​ឃើញ​ថា អត់​ស្មើ​ភាព​គ្នា​ទេ។ ការ​ទាមទារ​របស់​ពលរដ្ឋ អាជ្ញាធរ​ខែត្រ​គួរ​ពិចារណា​ទៅ​លើ​ចំណុច​ហ្នឹង»

អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ឲ្យ​ដឹង​ទៀត​ថា តូប​របស់​អាជីវករ មុន​អគ្គីភ័យ​ឆាបឆេះ​ចំនួន ១.០៨០​តូប ហើយ​អាជ្ញាធរ​គ្រោង​សាងសង់​តូប​ទំហំ ២​ម៉ែត្រ​បួន​ជ្រុង​ស្នើៗ​គ្នា ចំនួន ១.៣២០​តូប។ តូប​ដែល​នៅ​សល់​អាជ្ញាធរ​នឹង​ផ្ដល់​ជូន​អាជីវករ​វិញ និង​ពុំ​មាន​ការ​ធ្វើ​អាជីវកម្ម​ទេ។

​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៦ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ជា​សាធារណៈ​សន្យា​ថា នឹង​សាងសង់​ផ្សារ​ថ្មី​ខេត្ត​ស្ទឹងត្រែង ជា​បន្ទាន់ ជូន​អាជីវករ​ខេត្ត​ស្ទឹងត្រែង។ ការ​សម្រេច​សាងសង់​ផ្សារ​នោះ គឺ​មាន​ស្ថានភាព​ដូច​ទីតាំង​ចាស់៖ «ជាមួយ​ខេត្ត​គេ​ធ្វើការ​ហើយ យើង​ធ្វើ​ឲ្យ​តែ​អា​ខាង​លើ​ឲ្យ​ទេ។ អា​ខាង​ក្រោម គាត់​ធ្លាប់​លក់​កន្លែង​ណា គាត់​ធ្វើ​តូប​លក់​ខ្លួន​ឯង​កន្លែង​ហ្នឹង​ទៅ»

​កាល​ពី​ថ្ងៃ​ទី​២៤ ឧសភា មេបញ្ជាការ​កងកម្លាំង​វិស្វកម្ម​នៃ​ក្រសួង​ការពារជាតិ លោក ខ្វាន់ សៀម ទទួល​បន្ទុក​សាងសង់​ផ្សារ​ស្ទឹងត្រែង​ថ្មី បាន​ជួប​ពិភាក្សា​ផ្ទាល់​ជាមួយ​ក្រុម​អាជីវករ​ប្រហែល​ជាង ៣​ម៉ោង។ ក្នុង​ជំនួប​នោះ ក្រុម​អាជីវករ​អះអាង​ថា លោក ខ្វាន់ សៀម បង្ហាញ​ប្លង់​ផ្សារ​ថ្មី​មាន​តូប​ចំនួន ១.៣២០​តូប កើន​ឡើង ២៤០​តូប ក្នុង​តូប​នីមួយៗ​ទំហំ ២​ម៉ែត្រ​ស្មើៗ​គ្នា។ លោក ខ្វាន់ សៀម បញ្ជាក់​ថា គម្រោង​សាងសង់​ផ្សារ​ស្ទឹងត្រែង​ថ្មី ត្រូវ​ប្ដូរ​ឈ្មោះ​ថា ផ្សារ​មរតក​តេជោ រ៉ានី ស្ទឹងត្រែង កំពុង​សាងសង់​ជា​បទដ្ឋាន​ស្តង់ដារ​ខ្ពស់ ដើម្បី​ធានា​សុខភាព​អាជីវករ។ មក​ទល់​ពេល​នេះ គម្រោង​សាងសង់​ផ្សារ​ថ្មី​ខែត្រ​ស្ទឹងត្រែង សម្រេច​បាន​ប្រហែល ៦០​ភាគរយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។