មុន​នេះ​បន្តិច ! បុរស​ម្នាក់​កាន់​រូបថត​១​សន្លឹក​ដើរ​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌

ខេត្តបន្ទាយមានជ័យ ៖ មុន​នេះ​បន្តិច បុរស​ម្នាក់​បាន​កាន់​រូបថត​១​សន្លឹក​ដើរ​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌ ដោយ​ចោទ​បុរស​ក្នុង​រូបថត​នោះ​ថា​ បាន​ខ្ចី​ម៉ូតូ​មួយ​ភ្លែត​ តែ​មិនដឹង​យក​ទៅ​ណា​បាត់​ជាង​កន្លះ​ខែ មិនឃើញ​​ត្រឡប់​មក​ឲ្យ​វិញ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

បុរស​រង​គ្រោះ​ខាងលើ​ឈ្មោះ សុខុម អាយុ​២៨​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​២​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ចំណែក​បុរស​ក្នុង​រូបថត​ត្រូវ​បាន​បុរស​រង​គ្រោះ​​អះអាង​ថា​ ឈ្មោះ រឹទ្ធ រី​ម អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​ថា​ជនសង្ស័យ​រូប​នេះ​បាន​ខ្ចី​ម៉ូតូ​របស់​ខ្លួន​ម៉ាក ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 1J-4031 កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៦ ថា​យក​ទៅ​តែ​មួយ​ភ្លែត​ទេ តែ​ទីបំផុត​មិនឃើញ​យក​មក​ឲ្យ​វិញ​សោះ ។

ជន​រង​គ្រោះ​បាន​ប្រាប់​ថា ពេល​ទំនាក់ទំនង​តាម​ទូរស័ព្ទ ជនសង្ស័យ​ឆ្លើយ​ម្តង​ថា​នៅ​ផ្សារ​បួរ ឃុំ​អំពិល​ប្រាំ​ដើម​ស្រុក​ប​វេ​ល ម្តង​ថា​នៅ​ខេត្ត​ព្រះ​សីហ​នុ ម្តង​ថា​នៅ​ខេត្តកំពង់ចាម ហើយ​មាន​ពេល​មួយ​និយាយ​ថា គេ​ចាញ់ល្បែង​កាស៊ីណូ​នៅ​ប៉ោយ​ប៉ែ​ត​អស់ហើយ ម៉ូតូ​នោះ​ដាក់បញ្ចាំ​គេ​បាត់​ហើយ ។ ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៥​កក្កដា ជន​រង​គ្រោះ​បាន​ទូរស័ព្ទ​ទៅ​លេខ 096 4873937 របស់​ជនសង្ស័យ​ទៀត​ តែ​ត្រូវ​បាន​ស្ត្រី​ម្នាក់​ជា​អ្នក​ទទួល ហើយ​អះអាង​ថា នាង​ជា​ប្រពន្ធ​របស់​ឈ្មោះ រឹទ្ធ រី​ម តែ​នាង​ថា​ប្តី​របស់​នាង​បាន​ទៅ​ខេត្ត​ព្រះ​សីហ​នុ​ជាង​១​ខែ​ហើយ នៅ​ពេល​សួរ​រឿង​ម៉ូតូ នាង​ឆ្លើយ​ថា​មិន​បានដឹង​ទេ ។

ជន​រង​គ្រោះ​បាន​បញ្ជាក់​ប្រាប់​ថា បាន​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​ដើម្បី​ទាមទារ​រក​យុត្តិធម៌​រួច​ហើយ ក្រោយ​បាត់​ជនសង្ស័យ​២​ថ្ងៃ ។ ជន​រង​គ្រោះ​សូម​អំពាវនាវ​ជា​សាធារណៈ សូម​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មេត្តា​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ប្រសិនបើ​ឃើញ​ជនសង្ស័យ​ក្នុង​រូបថត​នេះ និង​ទាមទារ​យក​ម៉ូតូ​វិញ ដើម្បី​យក​មក​ប្រកប​របរ​ចិញ្ចឹម​ក្រពះ​តទៅ​ទៀត ។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ លោក អ៊ឹម សុ​ភារៈ មេ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២៦​កក្កដា​នេះ​ថា ជន​រង​គ្រោះ​ពិតជា​បាន​ដាក់​ពាក្យបណ្តឹង​ទាមទារ​រក​យុត្តិធម៌​មែន ៕