កូន​ដំរី​ជាប់អន្ទាក់​ព្រានព្រៃ​ជនជាតិ​វៀតណាម ត្រូវ​ស្លាប់​គួរ​ឱ្យ​ស្តាយ

កូន​ដំរី​ជាប់អន្ទាក់​ព្រានព្រៃ​ជនជាតិ​វៀតណាម ត្រូវ​ស្លាប់​គួរ​ឱ្យ​ស្តាយ



ខេត្តរតនគិរី ៖ អន្ទាក់​ព្រានព្រៃ​ចង្រៃ បាន​ឆក់​យក​ជីវិត​កូន​ដំរី​ក៏​កំសត់​១​ក្បាល នា​ព្រឹក​ថ្ងៃ​ទី​២៥ កក្កដា ក្រោយ​ពី​កូន​ដំរី​១​ក្បាល​នោះ បាន​ដើរ​រក​ចំណី​ជាមួយ​ហ្វូង​នឹង​មេ​របស់​វា​ក្នុង​ដែន​ការពារ​សត្វព្រៃ​កែវ ​សីមា ដែល​មាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ហើយ ដែល​ទើបតែ​ទទួល​បាន​សិទ្ធិ​គ្រប់គ្រង​ពី​រដ្ឋបាល​ព្រៃឈើ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ចូល​ព្រៃ​រក​បេះ​ផ្សិត​និង​កាប់​ វ​ល្លិ៍​ផ្តៅ កាលពី​ថ្ងៃ​ទី​២៣ កក្កដា នៅ​ចំណុច​ក្រោយ​ស្នាក់​ការ​មេព្រៃ​គីឡូម៉ែត្រ​១៦៤ ចន្លោះ​ស្រុក​អូរ​រាំង នឹង​ស្រុក​កែវ​សីមា បាន​ប្រទះ​ឃើញ​កូន​ដំរី​១​ក្បាល ជាប់អន្ទាក់​របស់​ព្រានព្រៃ លោក មា​គ វុ​ឌ្ឍី ប្រធាន​គម្រោង​ជីវចម្រុះ​សីមា បាន​ទំនាក់ទំនង​បន្ត​ផ្តល់​ព័ត៌មាន​ទៅ​មន្ទីរ​បរិស្ថាន​ខេត្ត ដើម្បី​ឱ្យ​ក្រុមការងារ​ចុះ​ជួយ​សង្គ្រោះ​ដល់​កូន​ដំរី ដែល​កំពុង​មាន​របួស​ជើង​យ៉ាងធ្ងន់ធ្ងរ និង​អត់​ចំណី​ជា​ច្រើន​ថ្ងៃ​បើតាមការស្មានប្រហែល​ជិត១ខែ​មក​ហើយ​នោះ ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​រួច​ក្រុមការងារ​ជំនាញ​បរិស្ថាន បាន​ចូល​ទៅ​ដល់​ចំណុច​កើតហេតុ ក៏​បាន​រក​វិធី​ជួយ​សង្គ្រោះ​កូន​ដំរីព្រៃ​ខាងលើ តែ​ដោយ​ស្ថានភាព​ភូមិសាស្ត្រ​សុទ្ធ​តែព្រៃ ហើយ​ផ្លូវ​ធ្វើ​ដំណើរ​ក៏​ពិបាក ក្រុម​ជួយ​សង្គ្រោះ​បាន​ប្រើ​ពេល​ជិត​៤៨​ម៉ោង ដើម្បី​នាំ​យក​កូន​ដំរី ដែល​មាន​ទម្ងន់​ប្រមាណ​ជាង​៣០០​គីឡូក្រាម​ចេញពី​ព្រៃ យក​ទៅ​ព្យាបាល​នៅ​ស្នាក់​ការ​អភិរក្ស ។

ជា​អកុសល​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុម​អ្នក​ជួយ​សង្គ្រោះ មិន​អាច​ឱ្យ​កូន​ដំរី​ក៏​កំសត់​នោះ​បន្តជីវិត​បាន​ទេ ព្រោះតែ​ភាព​ហែ​វ​ហត់​អស់កម្លាំង របួស​ជើង​ឆ្វេង​ខាង​មុខ​ធ្ងន់ធ្ងរ រួម​និង​អត់​ចំណី​ស៊ី​ជា​ច្រើន​ថ្ងៃ​ផង​នោះ កូន​ដំរី​នេះ​បាន​ងាប់​នៅ​វេលា​ម៉ោង​១​យប់​ឈាន​ចូល​ថ្ងៃ​ទី​២៥ កក្កដា ក្រោម​ការ​សោកស្តាយ​ជា​ពន់ពេក ពី​សំណាក់​ក្រុម​អ្នក​ជួយ​សង្គ្រោះ និង​ប្រជាពលរដ្ឋ​ដែល​ដឹង​ពី​ហេតុការណ៍​នេះ ។

ក្រុម​មន្ត្រី​សង្គ្រោះ​និយាយ​ថា កូន​ដំរី​នេះ​ប្រសិនបើ​​ជួយ​សង្គ្រោះ​បាន​សម្រេច គេ​នឹង​បញ្ជូន​វា​ឱ្យទៅ​រស់នៅ​សួនសត្វ​ភ្នំ​តា​ម៉ៅ នា​ខេត្តតាកែវ ដែល​មាន​ក្រុម​អ្នកបច្ចេកទេស​ជា​ច្រើន​ចាំ​ជួយ​ចិញ្ចឹម​និង​ថែរក្សា​សត្វ​ ដំរី ។

ប្រភព​ក្រៅផ្លូវការ​ដែល​កោះសន្តិភាព​ទទួល​បាន​រួម​នឹង​របាយការណ៍​ ចេញផ្សាយ​នា​ពេល​កន្លង​មក រាប់​ចាប់តាំងពី​ឆ្នាំ​២០១០​មក មាន​សត្វ​ដំរីព្រៃ​មិន​តិច​ជាង​៧​ក្បាល​ទេ ដែល​ត្រូវ​បាន​សម្លាប់ ក្រោម​រូបភាព​ព្រានព្រៃ​បាញ់ និង​ដាក់​អន្ទាក់​ជាដើម ។ មិន​ត្រឹមតែ​សត្វ​ដំរី​ទេ ដែល​រង​នូវ​ការ​តាម​សម្លាប់​ពី​ពួក​ព្រានព្រៃ​ចង្រៃ ក្នុង​នោះ​សត្វ​ទន្សោង ខ្ទីង ប្រើស ឈ្លូស រួម​នឹង​សត្វព្រៃ​កម្រ​ជា​ច្រើន​ប្រភេទ​ទៀត ក៏​ស្ថិត​នៅ​ក្នុង​ការ​គម្រាម​គំ​ហែង​យ៉ាង​ខ្លាំង​ពី​ក្រុម​អ្នក​ធ្វើ​ អាជីវកម្ម​ជួញដូរ​សត្វព្រៃ រូបសំណាក (​ឆ្អឹង​)​ក្នុង​រូបភាព​ផ្សេង​ៗ គួរ​ឱ្យ​ព្រួយបារម្ភ​ជាទី​បំផុត ខណៈ​អត្រា​ព្រៃឈើ​ដែល​ជា​ជម្រក​របស់​សត្វព្រៃ​ទាំងនោះ ក៏​រង​នូវ​ការ​កាប់​បំផ្លាញ​គ្មាន​លោះ​មួយ​ថ្ងៃ​ណាសោះ  ។ ចំណែក​ចំនួន​សត្វព្រៃ​ក៏​មានការ​ថយ​ទៅតាម​នោះ​ដែរ ។

ប្រភព​ក្រៅផ្លូវការ​មួយ​បាន​និយាយ​ថា អន្ទាក់​ដែល​ដាក់​ជាប់​កូន​ដំរី​ខាងលើ គឺជា​របស់​ក្រុម​ព្រានព្រៃ​ជនជាតិ​វៀតណាម ដែល​បាន​លួច​ចូល​មក​បរបាញ់​សត្វព្រៃ​លើ​ទឹកដី​កម្ពុជា​នឹង​មិន​ត្រឹមតែ​ ប៉ុណ្ណោះ ក៏​លេចឮ​ព័ត៌មាន​ខ្លី​ៗ​ថា មាន​សត្វ​ដំរី​ធំ​ៗ​បី​ទៅ​បួន​ក្បាល កំពុង​ត្រូវ​បាន​ក្រុម​ជនជាតិ​វៀតណាម​ឃុ​ប​ឃិ​ប​ជាមួយ​សមត្ថកិច្ច តាម​ព្រំដែន​កម្ពុជា​វៀតណាម ប្រើ​សម្រាប់​អូស​ឈើ​ចេញពី​ព្រៃ​កម្ពុជា ចូល​ទៅ​ទឹកដី​យួន​តាម​បន្ទាត់​ព្រំដែន​ឈ្មោះ អូរ​ហ៊ុ​ច ។ តែ​យ៉ាងណា​ក៏​ដោយ ចំពោះ​ព័ត៌មាន​នេះ នៅ​មិន​ទាន់​អាច​ស្វែងរក​ការ​បំភ្លឺ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ទេ នៅ​ថ្ងៃ​ទី​២៥ កក្កដា នេះ ដើម្បី​ឱ្យ​ដឹង​ច្បាស់​ថា តើ​ជា​ការ​ពិត​ឬ​ក៏​អត់ ?