សារព័ត៌មាន​បរទេស​ធំ​ៗ ក៏​បាន​ផ្សាយ​ពី​ការ​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី

សារព័ត៌មាន​បរទេស​ធំ​ៗ ក៏​បាន​ផ្សាយ​ពី​ការ​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី



  • ការ​ដក់​ជាប់​ក្នុង​អារម្មណ៍​នៃ​ការ​ហែសព​ដ៏​ធំ​សម្បើម មិន​ធ្លាប់​មាន​ពី​មុន

នៅ​ល្ងាច​ថ្ងៃ​ទី​២៤ ខែកក្កដា សព​លោក​បណ្ឌិត កែម ឡី បាន​ហែ​ទៅ​ដល់​ស្រុក​កំណើត​របស់​លោក​ហើយ ដោយ​មាន​មនុស្ស​រាប់​សែន​នាក់ បាន​ចូលរួម​ហែសព​លោក​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្តតាកែវ ។

ចាប់តាំងពី​វេលា​ម៉ោង​៧​ព្រឹក​មក ក្បួន​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ដែល​មាន​មនុស្ស​កើន​ឡើងជា​បន្តបន្ទាប់ រហូត​ដល់​រាប់​ម៉ឺន​រាប់​សែន​នាក់ គឺជា​ក្បួន​ហែសព​ដ៏​ធំ​មួយ និង​ប្រហែលជា​អ្នកខ្លះ​ស្មាន​មិន​ដល់​ផង​ដែរ ។ ក្បួន​ហែសព​ឆ្លងកាត់​តាម​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន (​ជ្រោយចង្វា​) តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​វង្ស រហូត​ដល់​ស្តុ​ប​កា​ណា​ឌី​យ៉ា រួច​បត់​ស្តាំ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី រហូត​ដល់​រង្វង់​មូល​ចោម​ចៅ រួច​បាន​ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ​៣ ដើម្បី​បន្តដំណើរ​ទៅ​កាន់​ខេត្តតាកែវ ដែល​ជាទី​កំណើត​របស់​លោក​បណ្ឌិត កែម ឡី ។

ក្នុង​រាជធានី​ភ្នំពេញ ក្បួន​ហែសព​នេះ​បាន​ចំណាយពេល​ប្រមាណ​៤​ម៉ោង​ទើប​ចេញ​ផុត ចូល​ដល់​ផ្លូវជាតិ​លេខ​៣ ហើយ​បន្តដំណើរ​ត្រង់​ឆ្ពោះទៅ​កាន់​ខេត្តតាកែវ ។ លុះដល់​ម៉ោង​ប្រមាណ​៥​រសៀល ក្បួន​ហែសព​បាន​ចូល​ដល់​ផ្លូវបត់​ចុង​ក្រោយ ឆ្ពោះទៅ​កាន់​គេហដ្ឋាន​លោក ត្រូវ​ប្រើ​ពេលវេលា​ជិត​៧​ម៉ោង​ទៀត សរុប​ទៅ​ជាង​១០​ម៉ោង ។

ក្បួន​ដង្ហែ​សព​ដែល​ផ្តើម​ចេញពី​បេះដូង​របស់​អ្នក​គោរព​ស្រឡាញ់​លោក​បណ្ឌិត កែម ឡី មនុស្ស​ជា​ច្រើន​ប្រើប្រាស់​យានយន្ត​ផ្ទាល់ខ្លួន ខ្លះ​ដើរ​ក្នុង​ដៃ​មាន​កាន់​រូបថត​លោក​បណ្ឌិត កែម ឡី ហើយ​ខ្លះ​ទៀត​សម្រក់​ទឹកភ្នែក​បង្ហាញ​ការ​សោកស្តាយ​ចំពោះ​ការ​បាត់បង់​បុគ្គល​ដ៏​ឆ្នើម​រូប​នេះ ។ ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅ​តាម​ដងផ្លូវ ក៏​បាន​បង្ហាញ​នូវ​សាមគ្គីភាព បាន​ចែក​អាហារ ទឹក និង​រហូត​ដល់​អ្នកខ្លះ​ចែករំលែក​ប្រេងសាំង​សម្រាប់​ចាក់​យានយន្ត​ទៀត​ផង ខណៈ​ដែល​គេ​ដឹង​ថា ស្ថានីយ​ប្រេង​ត្រូវ​បាន​បិទ​នៅ​តាម​បណ្តោយ​ផ្លូវ​ហែសព​នេះ ។ ប្រជាពលរដ្ឋ​ខ្លះ​ទៀត​ឈរ​នៅ​តាម​ដងផ្លូវ​កាន់​រូបថត​ស​ខ្មៅ​របស់​លោក កែម ឡី បើ​ទោះបីជា​មិន​បាន​ចូលរួម​ក្នុង​ក្បួន​ហែ​ដូច​អ្នក​ដទៃ​ក្តី ជា​ពិសេស​អ្នក​ជិះ​កង់​ក៏​មាន​រូបថត​ដែរ ។

ចំពោះ​បញ្ហា​សន្តិសុខ​ដែល​អាជ្ញាធរ​មានការ​ព្រួយបារម្ភ​នោះ មិន​មាន​អ្វី​កើតឡើង​ទេ​។ យ៉ាងណាមិញ ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​បង្ហាញ​ការ​មិន​សប្បាយចិត្ត ដោយ​ការ​បិទ​ស្ថានីយប្រេងឥន្ធនៈ​នៅ​តាម​បណ្តោយ​ផ្លូវ ដែល​ត្រូវ​ហែសព ។ ទោះបី​ការ​បិទ​ធ្វើ​ឡើង​ក្រោម​ហេតុផល​សន្តិសុខ​សណ្តាប់ធ្នាប់​ក្តី ។

  • សារព័ត៌មាន​បរទេស​ក៏​បាន​ផ្សាយ​ពី​ការ​ដង្ហែ​សព​ដ៏​ធំ​សម្បើម​នេះ​ដែរ

តាម​គេហទំព័រ​មនោ​រម្យ​អាំង​ហ្វូ MONOROOM.INFO បាន​ផ្សាយ​ថា សារព័ត៌មាន​ធំ​ៗ​នៅ​តំបន់​អឺរ៉ុប ជា​ពិសេស​នៅ​ក្នុង​ប្រទេស​អង់គ្លេស បារាំង ស្វ៊ី​ស បែ​ល​ហ្ស៊ិក អា​ល្លឺ​ម៉​ង់​... សុទ្ធតែ​បាន​ចំណាយ​ទំព័រ​ព័ត៌មាន ពី​ម្សិលមិញ និង​ថ្ងៃនេះ ដើម្បី​រាយការណ៍​ពី​ព្រឹត្តិការណ៍​មួយ​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា នោះ​គឺ​ការ​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ដែល​មាន​លក្ខណៈ​ដ៏​ធំ​សម្បើម មិន​ធ្លាប់​ដែល​មាន បន្ទាប់​ពី​ព្រះរាជ​ពិធី​ដង្ហែ​សព​នៃ​អតីត​ព្រះ​មហា​វីរក្សត្រ សម្តេចព្រះ​នរោត្តម សីហ​នុ ។

សារព័ត៌មាន​យ៉ាងច្រើន​នៅ​អឺរ៉ុប បាន​ចុះ​ផ្សាយ​ដោយ​ដកស្រង់​ផ្នែក​ខ្លះ ឬ​ចុះ​ផ្សាយ​ទាំងស្រុង​តែ​ម្តង នៃ​សេចក្តីរាយការណ៍​ព័ត៌មាន របស់​ទីភ្នាក់ងារ​ព័ត៌មាន​ធំ​ៗ​ដូច​ជា «AFP» នឹង «Reuters» «AP» នឹង «ATS» (​របស់​ប្រទេស​ស្វ៊ី​ស​) ជាដើម ដែល​សុទ្ធតែ​បាន​រាយការណ៍​ដោយ​ផ្ទាល់​ពី​ប្រទេស​កម្ពុជា នូវ​ព្រឹត្តិការណ៍​ដង្ហែ​សព​លោក កែម ឡី ។ សេចក្ដីរាយការណ៍​ទាំងនោះ បាន​សរសេរ​ថា បណ្ដាល​ជន​កម្ពុជា​រាប់​ម៉ឺន​នាក់ បាន​ប្រមូលគ្នា​រៀប​ក្បួន​ដ៏​វែង​អន្លាយ ដើម្បី​ដង្ហែ និង​ដើម្បី​សម្ដែង​អា​លោះ​អាល័យ ចំពោះ​សព​អ្នកវិភាគ​ផ្នែក​នយោបាយ​មួយ​រូប ដែល​ទើបនឹង​ត្រូវ​បាន​ធ្វើឃាត កាលពី​ថ្ងៃ​ទី​១០ កក្កដា កន្លង​ទៅ​នេះ ។ ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី អាយុ​៥០​ឆ្នាំ ដែល​តំណាង​ឱ្យ​សម្លេង​ប្រជាធិបតេយ្យ​មួយ នៅ​កម្ពុជា​នេះ បាន​កើតឡើង​នៅ​ចំ​ពេល​ដែល​កំពុង​មាន​ភាព​តានតឹង​ផ្មែ​ក​នយោបាយ ។

វិទ្យុ​បារាំង​អន្តរជាតិ ផ្សាយ​ជា​ភាសា​បារាំង ដែល​បាន​ឆ្លើយឆ្លង​ព័ត៌មាន​ផ្ទាល់​ពី​ប្រទេស​កម្ពុជា បាន​បញ្ជាក់​ថា លោក កែម ឡី ត្រូវ​បាន​ចាត់ទុកជា «​វីរជន​របស់​ជាតិ​» ព្រោះ​បាន​បូជាជីវិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​បារាំង​មួយ​នេះ បាន​ស្រង់​ការ​អះអាង​របស់​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOA) ដែល​បាន​ផ្សាយ​ផ្ទាល់​ពី​សកម្មភាព​នៃ​ការ​ដង្ហែ​សព​នោះ​ថា មនុស្ស​ចូលរួម​មាន​ប្រមាណ​ជិត ២​លាន​នាក់ ។

រីឯ​បណ្តាញ​ទីភ្នាក់ងារ​ព័ត៌មាន «ATS» របស់​ប្រទេស​ស្វ៊ី​ស បាន​រំលឹក​ថា ជនសង្ស័យ​ម្នាក់​ឈ្មោះ អឿ​ត អាង (​រហស្សនាម ជួប សម្លាប់​) ដែល​មាន​អតីតភាព​របស់​ខ្លួន​ជា​ទាហាន និង​ជា​ព្រះសង្ឃ​នោះ ត្រូវ​បាន​ចាប់​ឃុំ និង​ចោទ​ពី​បទ​ធ្វើ​មនុស្សឃាត ដោយ​គិត​ទុក​មុន​ទៅ​លើ​លោក​បណ្ឌិត កែម ឡី ជាមួយនឹង​ការ​សារភាព​មួយ​ដែល​ពោរពេញ​ដោយ​មន្ទិល​នោះ គឺ​ដោយសារ​លោក​បណ្ឌិត កែម ឡី ជំពាក់​លុយ​ខ្លួន​មិន​សង ។ សេចក្តីរាយការណ៍​បាន​បន្ត​ទៀត​ថា ប្រទេស​កម្ពុជា​មាន​ទម្លាប់ ក្នុង​រឿង​ឃាតកម្ម​ទៅ​លើ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​ក្រុម​មេដឹកនាំ​សហជីព ។ ផ្ទុយ​ទៅ​វិញ​ជន​ដៃដល់​ពិតប្រាកដ កម្រ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​យក​មក​ផ្តន្ទាទោស​ណាស់ ។

ទីភ្នាក់ងារសារព័ត៌មាន​បារាំង​ដដែល បាន​រាយការណ៍​បន្ត​ថា នៅ​ក្នុង​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី នេះ «​នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជា​ឱ្យ​មានការ​ស៊ើបអង្កេត ដើម្បី​រក​ឱ្យ​ឃើញ​ការ​ពិត និង​បាន​អំពាវនាវ​ទៅ​កាន់​បណ្តាជន​កម្ពុជា កុំឱ្យ​ប្រែក្លាយ​ករណី​ឃាតកម្ម​នេះ ទៅ​ជា​រឿង​នយោបាយ​» ៕