មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល លង់ទឹក​ទន្លេមេគង្គ​ស្លាប់ ពេល​ជិះទូក​ល្បាត​ជួប​ព្យុះ

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល លង់ទឹក​ទន្លេមេគង្គ​ស្លាប់ ពេល​ជិះទូក​ល្បាត​ជួប​ព្យុះ



ខេត្តក្រចេះ ៖ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​មួយ​រូប ដែល​មានមុខ​តំណែង​ជា​នាយ​សង្កាត់ រដ្ឋបាល​ជលផល​សំបូរ និង​ជា​ប្រធាន​ប៉ុស្តិ៍​ឆ្មាំ​អភិរក្ស បាន​ស្លាប់​ដោយសារ​លង់ទឹក​ទន្លេ​នៅ​ស្រុក​សំបូរ ខណៈ​មន្ត្រី​រដ្ឋបាល​ជលផល​រូប​នេះ
ព្រមទាំង​មន្ត្រី​ពីរ​នាក់​ទៀត​ជិះទូក​ឆ្លងទន្លេ​នៅ​ពេល​យប់​ពេល​មេឃ​កំពុង​ភ្លៀង និង​បាន​លិច​ទូក​ដោយសារ​ជួប​ហេតុការណ៍​ខ្យល់ព្យុះ​បោកបក់​ខ្លាំង​។

ហេតុការណ៍​ខ្យល់ព្យុះ​បក់​បោក​ពន្លិច​ទូក ដែល​បណ្តាល​ឲ្យ​មន្ត្រី​ជលផល​ម្នាក់​ស្លាប់ និង​ពីរ​នាក់​កំពុង​សង្គ្រោះ​នេះ ត្រូវ​បាន​នគរបាល​ស្រុក​សំបូរ​បញ្ជាក់​ថា កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​២៤ ខែកក្កដា ខណៈ​ជន​រង​គ្រោះ​និង​ក្រុមការងារ​ជិះទូក​ល្បាត​តាម​ទម្លាប់ និង​ជួប​ហេតុការណ៍​លិច​ទូក​នៅ​កណ្តាលទន្លេ នៅ​ពេល​បើក​សំដៅ​មក​ច្រាំង​ស្រុក​សំបូរ ។

រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​២៥ ខែកក្កដា សព​មន្ត្រី​របស់​រូប​នេះ​មិន​ទាន់​ត្រូវ​បាន​ប្រទះ​ឃើញ​នៅឡើយ​ទេ បើ​ទោះបីជា​ក្រុម​សមត្ថកិច្ច ក៏​ដូច​ជា​ក្រុមការងារ​មុជ​រាវរក ខណៈ​ដែល​ផ្ទៃ​ទឹកទន្លេ​កំពុង​តែ​ជន់​ឡើង​ធំ​ល្ហល្ហាច​នោះ​។

នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ លោក​ម៉ុ​ក ពន្លក បាន​ឲ្យ​ដឹង​ថា មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ដែល​ជួប​គ្រោះថ្នាក់​នៅ​ពេល​កំពុង​ជិះទូក​បំពេញភារកិច្ច​នេះ​ឈ្មោះ ឡេ សុខ​ឡេ​ង អាយុ​៣២​ឆ្នាំ មានមុខ​ងារ​ជា​នាយ​សង្កាត់​រដ្ឋបាល​ជលផល​សំបូរ និង​ជា​ប្រធាន​ប៉ុស្តិ៍​អភិរក្ស​ឆ្មាំ​ទន្លេ​ផង​ដែរ ។

បើ​តាម​លោក ម៉ុ​ក ពន្លក គឺ​នៅ​យប់​ថ្ងៃ​កើតហេតុ ខណៈ​ដែល​មន្ត្រី​រូប​នេះ​និង​មន្ត្រី​ពីរ​នាក់​ផ្សេង​ទៀត​ជិះទូក​ចេញ​ល្បាត​ជា​ធម្មតា ហើយ​នៅ​ពេល​ជិះ​ឆ្លងទន្លេ ក៏​ជួប​ហេតុការណ៍​ខ្យល់ព្យុះ​នៅ​កណ្តាលទន្លេ​បក់​ពន្លិច​ទូក​។ ក្នុង​ហេតុការណ៍​នោះ មន្ត្រី​ពីរ​នាក់​ដែល​រួម​ដំណើរ​ជាមួយ​បាន​រួច​ផុត​ពី​ការ​ស្លាប់ ដោយសារ​ពួក​គេ​ទាំង​ពីរ​នាក់​ស្រវា​តោង​ក្បាលទូក ។ ចំណែកឯ​ជន​រង​គ្រោះ​ដែល​ពាក់អាវ​ភ្លៀង បាន​បញ្ចាំង​ភ្លើង​ពិល​ស្រែក​ឲ្យ​គេ​ជួយ​នៅ​កណ្តាលទន្លេ ប៉ុន្តែ​ដោយសារ​ខ្យល់​កំពុង​បក់​បោក​ខ្លាំង និង​ស្ថានភាព​ទឹក​ក៏​ហូរ​ខ្លាំង​ដែរ​នោះ ទើប​មិន​មាន​អ្នក​ណា​ជួយ​ទាន់ ។

បើ​តាម​សេចក្តីរាយការណ៍​ពី​ស្រុក​សំបូរ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា​នោះ មាន​មនុស្ស​ពីរ​នាក់​បាន​ជួប​ហេតុការណ៍​លង់ទឹក​ទន្លេ​ស្លាប់ ដែល​ក្រៅពី​មន្ត្រី​ជលផល​ខាងលើ ក៏​មាន​កុមារី​ម្នាក់​អាយុ​៥​ឆ្នាំ នៅ​ឃុំ​វឌ្ឍនៈ និង​ត្រូវបាន​គេ​ប្រទះ​ឃើញ​សព​អណ្តែត​ទឹក​មក​ទើរ​នឹង​ព្រៃ​ក្បែរ​ច្រាំង​៕