ពេជ្រ អាវីហ្សា ខឹង​ឆួល​រឿង​គេ​ថា​នាង​អតីតប្រពន្ធ​ ជៀស ស្រួច

មុន​នេះ​បន្តិច​ តារា​សម្តែង​សាច់​ស​ខ្ចី​ ពេជ្រ អាវីហ្សា ចេញ​មុខ​បកស្រាយ​ទាំង​កំហឹង​ថា​ នាង​មិន​មែន​ជា​អតីត​ប្រពន្ធ​របស់ ជៀស​ ស្រួច​ ដូច​ការ​លើក​ឡើង​​ក្នុង​​កិច្ចសម្ភាសន៍​មួយរវាង​លោក សាន្ត ប៊ុនធឿន និង ជៀស ស្រួច​ កាល​ពី​រសៀលនេះ​ទេ។​​

 

“ខ្ញុំ​អត់​បាន​បើក ហ្វេស​ប៊ុក​ប៉ុន្មានថ្ងៃ​ហើយ​បង មិន​ដឹង​ថា​មាន​រឿង​អី​ខ្លះ​ទេ ទើប​តែ​មុន​នឹង​មិញ​មាន​មិត្ត​ភ​ក្តិ​ជា​ច្រើន​បាន​ខល​មក​សួរ​ខ្ញុំ​ថា​ ខ្ញុំ​ហ្នឹង​ជា​អតីត​ប្រពន្ធ​លោក ជៀស​ស្រួច​មែន? ខ្ញុំ​ស្រឡាំង​កាំង​ ភ្ញាក់​ផ្អើល​ខ្លាំង​ហ្មង​បង គ្រាន់​តែ​ឮ​ចឹង​ខ្ញុំ​ខឹង​ណាស់​ ម៉េច​បាន​សារពត៌មាន​មួយ​ចំនួន​ថា​ជា​ខ្ញុំ ទាំង​មិន​បាន​សួរនាំ​ពី​ខ្ញុំ​សោះ”។ អាវីហ្សា ថ្លែង​មុន​នេះ។

 

ពេជ្រ អាវីហ្សា ខឹង​ឆួល​រឿង​គេ​ថា​នាង​អតីតប្រពន្ធ​ ជៀស ស្រួច

 

​ក្រោយ​ជួប​ករណី​រឿង​បែប​នេះ​​ ពេជ្រ អាវីហ្សា អះអាង​ដាច់​អហង្ការ​ថា​ មិន​មែន​ជា​ការ​ពិត​ឡើយ​ នាង​មិន​ដែល​មាន​ទំនាក់​ទំនង​ស្នេហា​អ្វី​ជាមួយ​លោក ជៀស ស្រួច ​ទេ។ ក្នុង​នោះ​ដែរ អាវីហ្សា បញ្ជាក់​ថា ​អតីត​ប្រពន្ធ​អតីត​កីឡា​ករ​ប្រដាល់​​ខាង​លើ​ ជា​បងប្អូន​ធម៌​របស់​នាង ហើយ​ប្តី​ប្រពន្ធ​ទាំង​ពីរ​បាន​លែង​លះ​គ្នា​ជាង​១០​ឆ្នាំ​មក​ហើយ ​រួម​ទាំង​មាន​លិខិត​ស្នាម​ត្រឹម​ត្រូវ​ទៀត​ផង​។

 

“ខ្ញុំ​មិន​ដឹង​ថា​មាន​រឿង​អ្វី​​ទេ បាន​ជា​យក​រឿង​ប្អូន​ធម៌​ខ្ញុំ​មក​គាស់​កកាយ​ឡើង​វិញ​។ រឿង​នេះ ​បាន​ចប់​សព្វគ្រប់​តាំង​ពី​ជាង​១០​ឆ្នាំមុន​ ហើយ​ពួក​គេ​ទាំង​ពីរ​លែង​លះ​គ្នា​តាម​ផ្លូវ​ច្បាប់​មាន​លិខិត​ត្រឹម​ត្រូវ”។

 

​​​​ស្តាប់​ការ​បកស្រាយ​ពី ពេជ្រ អាវីហ្សា ខាង​ក្រោម៖

 

 

ជុំ​វិញ​រឿង​រ៉ាវ​ខាង​លើ​ កើត​ឡើង​ក្រោយ​សារ​​មាន​សារ​ពត៌​មាន​ជាច្រើន​សរសេរ​អំពី​ជីវិត​បែក​បាក់​ ក៏​ដូចជា​ទុក្ខ​លំបាក​របស់​អតីត​កីឡាករប្រដាល់ ជៀស ស្រួច ​ក្រោយ​បាត់​មុខ​ពី​សិល្បៈ និង​កីឡា ​ប្រមាណ​ ជាង​១០ឆ្នាំ​ទើប​តែ​វិល​ត្រឡប់​មក​វិញ។

ពេជ្រ អាវីហ្សា ខឹង​ឆួល​រឿង​គេ​ថា​នាង​អតីតប្រពន្ធ​ ជៀស ស្រួច

តារា​សម្ដែង សាត រស្មី អតីត​ភរិយា ជៀស ស្រួច

 

ជៀស ស្រួច បាន​​ភ្ជាប់​ជាមួយ​នឹង​ការ​គាស់​កកាយ​រឿង​រ៉ាវ​ដែល​បណ្ដាល​ឲ្យ​លោក​ធ្លាក់​ខ្លួន​ដុនដាប​ដូច​សព្វ​ថ្ងៃ​ ដោយលោក​ ប្រាប់​ថា​ ខូច​ចិត្ត​រឿង​រ៉ាវ​ព្រាត់​ប្រាស់​ស្នេហា ដែល​​កាល​ពី ១២​ឆ្នាំ​មុន លោក​បាន​រៀប​ការ​ជាមួយ​ប្រពន្ធ​​​វ័យ​ក្មេង​ ហើយ​កាល​នោះ​​នាង​មាន​អាយុ​ទើប​១៦​ ឆ្នាំ​​។ ​រៀប​ការ​បាន ៦​ខែ​លោក​ក៏​ចាក​ចេញ​ដោយ​ចុះ​ចេញ​ពី​ផ្ទះ​ ដោយ​សារ​មើល​ឃើញ​ពី​អំពើ​អសីលធម៌​របស់​នាង ដែល​​ពាក់​ព័ន្ធ​នឹង​អ្នក​ផ្សេង​ធ្វើ​ឲ្យ​លោក​​​​ខូច​​ចិត្ត​ខ្លាំង ក៏​​​សម្រេច​ចិត្តចាក​ចេញ​ពី​ភ្នំពេញចល័ត​ទៅ​តាម​ខេត្ត​នានា។

 

យ៉ាងណា អតីត​ភរិយា ក៏​បាន​ចេញ​មក​អះអាង តាម​រយៈ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ថា អ្វី​ដែល ជៀស ស្រួច និយាយ​គឺ​មិន​ពិត​ឡើយ។ ផ្ទុយ​ទៅ​វិញ​ សាត រស្មី ​ជា​ភរិយា ដែល​គេ​ស្គាល់​តាម​រយៈ​រឿង “ផ្កា​រីក​ក្នុង​ចិត្ត” របស់​ទូរទស្សន៍ CTN ក្នុង​នាម​ជា​តួឯក​ស្រី បាន​បញ្ជាក់​ថា ការ​បាក់​បែក​របស់​ពួក​នាង គឺ​មក​ពី​ភាគី​ ជៀស ស្រួច មិន​បាន​ប្រព្រឹត្ត​ខ្លួន​ជា​ស្វាមី​ល្អ​​ប៉ុណ្ណោះ៕

 

អត្ថបទ៖ ថា ម៉ាលីដា​​​​​