វត្តមាន​រថក្រោះ​បើក​កាត់​ក្រុង​ នាំ​ឲ្យ​មាន​ការ​យល់​ឃើញ​ខុស​គ្នា

ភ្នំពេញៈ វត្ដមានរបស់កងរថក្រោះដែលបានដឹកតាមផ្លូវឆ្លងកាត់រាជធានីភ្នំពេញនាប៉ុន្មានថ្ងៃជាប់គ្នាមកនេះ បានធ្វើឲ្យអ្នកឃើញហេតុការណ៍ និងអ្នកវិភាគខ្លះបានយល់ឃើញខុសៗគ្នា ខណៈដែលសកម្មភាពដ៏កម្រនេះបានកើតមានឡើង ក្នុងពេលដែលស្ថានភាពនយោបាយនៅប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថានៅមានភាពតានតឹងពិសេស ក្រោយពេលមានឃាតកម្មលើអ្នកវិភាគ និងជាអ្នកស្រាវជ្រាវបញ្ហាសង្គមលោកបណ្ឌិត កែម ឡី ថ្វីបើមន្ត្រីក្រសួងការពារជាតិថាជាការយកទៅជួសជុល និងការថមថយជម្លោះតាមព្រំដែនក៏ដោយ។

លោក សំ អឿន អ្នករត់ម៉ូតូឌុបម្នាក់ដែលបានឃើញវត្តមានរថក្រោះតាមផ្លូវបានថ្លែង កាលពីម្សិលមិញថា អ្នកធ្វើដំណើរតាមដងផ្លូវរួមទាំងលោកផងនោះបានសម្តែងការជ្រួលច្របល់ក្នុងចិត្ដដោយខ្លាចមានហេតុការណ៍អ្វីកើតឡើង។

លោក សំ អឿន បានបន្តថា៖ «យើងមានការភ្ញាក់ផ្អើលដែលឃើញរថក្រោះចល័តចូលរាជធានីភ្នំពេញហើយយើងមិនដឹងមូលហេតុអ្វី»។

លោកបានបញ្ជាក់ថា៖ «យើងមិនដឹងថាមូលហេតុអ្វីបានពួកគេនាំរថក្រោះមកក្នុងពេលដែលស្ថានភាពនយោបាយកំពុងមានភាពតានតឹង»។

លោកថា៖ «មិត្តភក្តិរបស់ខ្ញុំម្នាក់ដែលជាទាហាននៅខេត្តព្រះវិហារបានសួរថាតើមានចលាចលអ្វីនៅរាជធានីភ្នំពេញទើបរថក្រោះត្រូវបាននាំយកត្រឡប់ទៅវិញ»។

ជាមួយនឹងក្តីបារម្ភរបស់លោក សំ អឿន ក៏មានការលើកឡើងស្រដៀងគ្នាពីសំណាក់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិរួមទាំងអ្នកវិភាគផងដែរ។

អ្នកវិភាគសន្តិសុខជាតិ ឡុង គឹមខន បានថ្លែងកាលពីម្សិលមិញថា៖ «ប្រហែលជារដ្ឋាភិបាលបារម្ភអំពីសន្តិសុខជាតិដូច្នេះពួកគេចល័តរថក្រោះដើម្បីឲ្យពួកគេអាចមានសម្ភារយោធានៅនឹងដៃដើម្បីការពារទីក្រុង ឬឆ្លើយតបនឹងបាតុកម្ម»។

លោកបានថ្លែងយ៉ាងដូច្នេះដោយសំដៅទៅដំណើរការចុះឈ្មោះអ្នកបោះឆ្នោតនាពេលខាងមុខសម្រាប់ការបោះឆ្នោតឃុំសង្កាត់ និងការរំពឹងទុកនៃការចេញលទ្ធផលនៃការស៊ើបអង្កេតផ្លូវការលើករណីឃាតកម្មរបស់លោក កែម ឡី។

ដោយឡែកអ្នកវិភាគប្រចាំតំបន់ លោក Carl Thayer បានថ្លែងក្នុងអ៊ីមែលកាលពីម្សិលមិញដែរថាបញ្ហានេះធ្លាប់មានគំរូកាលពីពេលមុនពីសកម្មភាពយកទ័ព និងសម្ភារយោធាចូលរាជធានីនៅពេលមានភាពតានតឹង។

លោកបានសរសេរថា៖ «មានការបង្ហាញកម្លាំងយោធាស្រដៀងគ្នាបន្ទាប់ពីការផ្ទុះភាពចលាចលក្រោយពីការបោះឆ្នោតជាតិឆ្នាំ ២០១៣ ក្នុងប្រទេសកម្ពុជា»។

លោកថា៖ «ការបង្ហាញយោធាប្រភេទនេះគឺជាឧបករណ៍សម្រាប់ភាពផ្តាច់ការយោធាដូចក្នុងប្រទេសថៃដែលបានគំរាមកំហែងធ្វើរដ្ឋប្រហារ ឬបង្ហាញកម្លាំងដើម្បីការពារមិនឲ្យមានរដ្ឋប្រហារ»។

ទោះជាយ៉ាងណាអ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាតិ បានថ្លែងថារថក្រោះដែលនៅជួរមុខនៃតំបន់ព្រំដែនជម្លោះជាមួយថៃក្នុងខេត្តព្រះវិហារត្រូវបានបញ្ជាឲ្យត្រឡប់មកមូលដ្ឋានរបស់ខ្លួនវិញជុំវិញរាជធានីភ្នំពេញ និងនៅជិតខេត្តកំពង់ស្ពឺដើម្បីជួសជុល។

លោក សុជាតិ បានថ្លែងថា៖ «ខ្ញុំមិនដឹងថាវាទៅកន្លែងណាទេក្នុងរាជធានីភ្នំពេញប៉ុន្តែមានបញ្ជាឲ្យទៅជួសជុល។ រថក្រោះទាំងអស់នោះគឺនៅជួរមុខ»។

កាលពីពេលមុនលោក ឈុំ សុជាតិ ក៏ធ្លាប់បានថ្លែងដែរថារថក្រោះកំពុងត្រូវបានដកពីតំបន់ព្រំដែនថៃក្នុងខេត្តព្រះវិហារដោយសារមិនមានភាពតានតឹងនៅព្រំដែន។ លោកក៏បានបញ្ជាក់កាលពីថ្ងៃអាទិត្យដែរថាកងទ័ពកំពុងត្រូវបានយកត្រឡប់មកវិញពីតំបន់ព្រំដែនជាពិសេសកងទ័ពកងអង្គរក្សដែលរាយការណ៍ផ្ទាល់ទៅលោកនាយករដ្ឋមន្រ្តី។

លោកបានថ្លែងបន្តថា៖ «ប្រជាជនគួរតែរីករាយដែលពួកគេចាកចេញពីសមរភូមិ។ វាបង្ហាញថាប្រទេសរបស់យើងកំពុងស្ថិតនៅក្នុងភាពសុខដុមរមនា។ កុំបារម្ភអំពីការចល័តនេះ»។

យ៉ាងណាក៏ដោយលោកស្រី Naly Pilorge អនុប្រធានតស៊ូមតិនៃអង្គការសិទ្ធិមនុស្សលីកាដូកាលពីម្សិលមិញបានអំពាវនាវដល់រដ្ឋាភិបាលធ្វើការពន្យល់ពលរដ្ឋឲ្យបានច្បាស់លាស់ថាតើមូលហេតុអ្វីបានជា «រថក្រោះ ទាហាន និងអាវុធក្នុងចំនួនច្រើនត្រូវបាននាំយកមកកាន់រាជធានីភ្នំពេញចាប់តាំងពីថ្ងៃចន្ទមកនោះ»៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍


Related Posts